យាន​ស្រាវជ្រាវ​របស់​ចិន​បញ្ចប់​ការចុះ​យក​សំណាក​ព្រះ​ចន្ទ​និង​ចូល​ចត​លើ​យាន​មេ​មុន​វិល​មក​កាន់​ផែនដី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សៀង​ហៃ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា​យាន​ស្រាវជ្រាវ​ចិន​ដែល​ដឹក​យក​សំណាក​ពី​លើ​ផ្ទៃ​ព្រះ​ចន្ទ​បាន​ចូល​ចត​ដោយ​ជោគជ័យ​កាលពី​ថ្ងៃអាទិត្យ​នៅលើ​យាន​អវកាស​​មេ​របស់​វា​គោចរ​ជុំវិញ​ព្រះ​ចន្ទ​។​

​ការ​ចូល​ចត​នេះ​គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម​យាន​ស្រាវជ្រាវ Chang’e-5 ដើម្បី​នាំយក​សំណាក​ពី​ផ្ទៃ​ព្រះ​ចន្ទ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​បួន​ទសវត្សរ៍​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួ​បាន​ដកស្រង់​សម្តី​រដ្ឋបាល​អវកាស​ចិន​យ៉ាង​ដូច្នេះ​ថា​យាន​ដឹក​ថ្ម​និង​ដី​ពី​ព្រះ​ចន្ទ​បាន​ហោះ​ចេញពី​ផ្ទៃ​ព្រះ​ចន្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ចត​នៅ​យាន​មេ​របស់​វា​កាលពី​​ព្រឹក​ថ្ងៃអាទិត្យ​ទី​៦​ធ្នូ​។​

​ស៊ីនហួ​និយាយថា “​វា​ជា​ការ​ចូល​ចត​លើកដំបូង​របស់​ចិន​នៅ​គន្លង​របស់​ព្រះ​ចន្ទ​”​។​

​ការចាកចេញ​របស់​យាន​ដឹកសំណាក​ពី​ផ្ទៃ​ព្រះចន្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ក៏​ជា​លើក​ទី​មួយ​ផង​ដែរ​នៃ​យាន​របស់​ចិន​ចេញពី​ភព​នៅ​ខាងក្រៅ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួ​និយាយថា យាន​ស្រាវជ្រាវ​បាន​ផ្ទេរ​សំណាក​ព្រះ​ចន្ទ​មក​យាន​មេ​របស់​វា ដែល​នឹង​ផ្តាច់ចេញ​ពី​គ្នា ហើយ​វិលត្រឡប់​មក​ផែនដី​វិញ​។​

​ចិន​កំពុង​តាម​ឱ្យទាន់​សហរដ្ឋ​អាម៉េរិក​និង​រុស្ស៊ី​បន្ទាប់ពី​បាន​ចំណាយពេល​រាប់​ទសវត្សរ៍​ដើម្បី​តាម​ស្មើ​សមិទ្ធិផល​របស់​ពួកគេ​និង​បាន​ចាក់​បញ្ចូល​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ទៅក្នុង​កម្មវិធី​អវកាស​ដែល​គ្រប់គ្រង​ដោយ​យោធា​របស់​ខ្លួន​៕

យានចុះចតនៃ​បេសកកម្ម​យាន​ស្រាវជ្រាវ Chang’e-5​ដោយទង់ជាតិ​ចិន​ដោត​លើ​ផ្ទៃ​ព្រះ​ចន្ទ​កាលពី​សប្តាហ៍​មុនមុនចេញពីផ្ទៃព្រះចន្ទមកកាន់យានមេរបស់វា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular