សម្តេច​តេ​ជោ ហ៊ុន សែន ឧបត្ថម្ភ​ប្រាក់​ចំនួន​២០០​លាន​រៀល សម្រាប់​ជួយ​ដល់​កសិករ​ក្នុង​វិស័យ​វារីវប្បកម្ម​

ដោយ​: ពៅ​និមល / ភ្នំពេញ​: តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​២០០​លាន​រៀល ស្មើនឹង​ប្រមាណ​០៥​ម៉ឺន​ដុល្លារ​អាម៉េរិក ដើម្បី​ជួយ​ដល់​កសិករ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១១ ក្នុងនោះ​រួមទាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ផងដែរ​។​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា ទឹកប្រាក់​ផ្តល់ជូន​នេះ ដើម្បី​លើកទឹកចិត្ត និង​ជំរុញ​សន្ទុះ​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម និង​ឈានទៅ​ធ្វើ​អាជីវកម្ម​ជា​លក្ខណ​ខ្នាតតូច​តែម្តង ក្នុងទិសដៅ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង និង​បង្កើន​ប្រាក់ចំណូល បង្កើត​ឱកាស​ការងារ​នៅ​ជនបទ​ក្នុងការ​ចិញ្ចឹម​ត្រី កង្កែប និង​ចិញ្ចឹមសត្វ​ក្នុង​ក្របខណ្ឌ​បច្ចេកទេស​សាមញ្ញ ប្រើ​រយ​:​ពេល​ខ្លី ចំណាយ​ដើមទុន​តិច ទទួលបាន​ផល​កម្រៃ​ច្រើន ជាពិសេស​រក្សាបាន​ស្ថានភាព​ប្រក្រតី​នៃ​គន្លង​ជីវភាព​ថ្មី​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​១៩ ដែល​នៅតែ​បន្ត​អូសបន្លាយ​។ ភ្ជាប់​ទៅនឹង​ប្រធានបទ​នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​៦ ខែធ្នូ​កន្លងទៅ បាន​រាយការណ៍​ថា នៅ​ទូទាំង​ខេត្ត​មាន​កសិករ​ចំនួន​១០៥​គ្រួសារ (៧៥​គ្រួសារ ទទួល​បានកូន​ត្រី​អណ្តែង និង​៣០​គ្រួសារ ទៀត​ទទួល​បានកូន​កង្កែប​) ព្រមទាំង​សម្ភារ​សម្រាប់​ចិញ្ចឹម​មួយចំនួនទៀត​។ ដោយឡែក មាន​កសិករ​ចំនួន​៣០​គ្រួសារ បាននិងកំពុង​ចិញ្ចឹម​ត្រី​អណ្តែង​នៅ​វគ្គ​បន្ត​ដែល​ទទួល​បានកូន​ត្រី​ពី​គម្រោង ផ្ទុយទៅវិញ​មាន​៤៥​គ្រួសារ បាន​ផ្អាក​ចិញ្ចឹម​បណ្តោះ​អាស​ន្ត មូលហេតុ​ជាប់ដៃ​ប្រមូល​ផល​ស្រូវ និង​ដំឡូង​មី ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រោយពេល​ប្រមូល​ផល​ស្រូវ និង​ដំឡូង​មី​រួច ពួកគាត់​នឹង​ចាប់ ផ្តើម​ចិញ្ចឹម​ឡើងវិញ​។ ចំពោះ​កង្កែប ក្នុងចំណោម​កសិករ ៣០​គ្រួសារ ក្នុងនោះ​មាន ១០​គ្រួ​សារបាន​បង្វែរ​ទិសដៅ​ពី​ការចិញ្ចឹម​កង្កែប​សាច់ មក​ចិញ្ចឹម​កង្កែប​ពូជ​វិញ​ដើម្បី​ផ្គត់ផ្គង់​កូន​ដល់​អ្នក​ចិញ្ចឹម​កង្កែប​សាច់​ក្នុង​សហគមន៍​របស់​ពួកគាត់ ហើយ​២០​គ្រួសារ​ទៀត​បាន​ផ្អាក​ចិញ្ចឹម បញ្ហា​ក៏​ដូច​កសិករ​ចិញ្ចឹម​ត្រី​អណ្តែង​ដែរ​។

​តាម​ការអះអាង​របស់​មន្ទីរ​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​គម្រោង​ចិញ្ចឹម​ខាងលើ កសិករ និង សាធារណជន​មួយចំនួន​បាន​ចាប់អារម្មណ៍​លើ​ការចិញ្ចឹម​ត្រី​អណ្តែង ដោយ​គិត​មកទល់ពេលនេះ​ចំនួន​កូន​ត្រី​ដែល​បាន​លក់​ជូនទៅ​កសិករ និង​សាធារណជន ជាពិសេស​ផ្នែក​កងទ័ព​ចិញ្ចឹម​សម្រាប់​ផ្គត់ផ្គង់​ស្បៀង នៅតាម​តំបន់​ឈរជើង​បាន​ចំនួន​៣០​កន្លែង ស្មើ​និង​៧០០​គីឡូក្រាម គិត​ជា​កូន​ត្រី​ប្រមាណ​ជាង​១៤០,០០០​កូន​ត្រី ពី​ស្ថានីយ​កសិកម្ម​គោក​រំដួល ហើយ​កង្កែប​កំពុង​រង់ចាំ​ត្រៀម​បង្កាត់​ពូជ​នាពេលខាងមុខ​។ មិនតែប៉ុណ្ណោះ តាមរយៈ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា ASPIRE មន្ទីរ​បានរៀបចំ​ជា​០៣​បណ្តុំ​ក្នុងនោះ អាជីវកម្ម​ត្រី​អណ្តែង​០២​បណ្តុំ​មាន​កសិករ​ចូលរួម ៩៨​គ្រួសារ ដែល​១​គ្រួសារ​ទទួលបាន​ចំណី ២​កា​រ៉ុង តង់​១ ទំហំ​៤mx៦m កូន​ត្រី​អណ្តែង​៥០០​ក្បាល និង​កសិករ​គំរូ​០២​រូប ជា​អ្នក​បង្កាត់ និង​ភ្ញាស់​ត្រី​ដើម្បី​លក់​ផ្គត់ផ្គង់​ឲ្យ​កសិករ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​សម្រាប់​រៀបចំ​រោង តង់ និង​ឧបករណ៍​សម្រាប់​ការ​បង្កាត់​ចំនួន​០៤​លាន​រៀល​ផងដែរ​។ ដោយឡែក បង្កង​មាន​សមាជិក​បណ្តុំ ៤៦​រូប ដោយ​ពួកគាត់​ទទួលបាន តង់ ម៉ូ​ទ័​រ និង​មេបា​ពូជ ២​គូរ និង​កសិករ​គំរូ ១​រូប ជា​អ្នក​បង្កាត់ ភ្ញាស់ ទទួលបាន​ថវិកា​២,៨០០,០០០​រៀល សម្រាប់ធ្វើ រោង អាង និង​ឧបករណ៍​សម្រាប់​បម្រើ​ឲ្យ​ការ​បង្កាត់​ពូជ​។

​ដើម្បី​បង្កើន​សមត្ថភាព​ផ្សព្វផ្សាយ​បច្ចេកទេស​ជូន​ដល់​ប្រជាកសិករ រក្សា​និរន្តរភាព​ចិញ្ចឹម មន្ទីរ បាន​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស បង្កាត់​ពូជ​ត្រី​អណ្តែង ត្រី​ប្រា ត្រី​ឆ្ពិន ត្រី​ទី​ឡា​ព្យា និង​កង្កែប នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​នៅ​ខេត្តព្រៃវែង​ដោយមាន​ការគាំទ្រ​បច្ចេកទេស​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​។ ក្រោយពី​ពួកគាត់​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​បាន​សាកល្បង​អនុវត្ត​ការ​បង្កាត់​ត្រី​អណ្តែង​កូនកាត់ អាហ្វ្រិក​ទទួលបាន​ជោគជ័យ ដែល​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​ជូន​ប្រជាកសិករ​នៅក្នុង​តំបន់ ហើយ​ទិសដៅ​បន្ត​នឹង​ខិតខំ​បង្កាត់​ត្រី​ឆ្ពិន ត្រី​កន្ធរ ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់​កូន​ត្រី ដល់​ប្រជា ពលរដ្ឋ ហើយ​ជំរុញ​រៀបចំ​ខ្សែ​ច្រវាក់​ផលិតកម្ម​វារីវប្បកម្ម ធានា​ដល់​ការផ្គត់ផ្គង់​នៅក្នុង​មូលដ្ឋាន និង​ពង្រីក​សមត្ថភាព​ការចិញ្ចឹម​បន្តទៀត​សំដៅ​ជំរុញ​ការផលិត​សម្រាប់​នាំចេញ​តំបន់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular