ដោយៈ សរិទ្ធ/ភ្នំពេញៈ ស្ត្រីម្នាក់ជាបុគ្គលិកផ្នែកលក់ របស់ក្រុមហ៊ុន អ៊ីងជូហ្គោណា នៅផ្សារម៉ាក្រូ ដែលបានកឹបកេងយកប្រាក់ ក្រុមហ៊ុន ចំនួន ៩.២១៤,៨៧ ដុល្លារ បានត្រូវតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ ពីបទរំលោភលើទំនុកចិត្ត។
ស្ត្រីរូបនេះ ឈ្មោះ ទូច បុព្វត្តា អាយុ៣៦ឆ្នាំ មុខរបរ ជាបុគ្គលិកផ្នែកលក់ ក្រុមហ៊ុនអ៊ីងជូ ហ្គោណា ក្នុងផ្សារម៉ាក្រូ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សមត្ថកិច្ច បានឃាត់ខ្លួនស្ត្រីរូបនេះ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងក្រុមហ៊ុន អ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចំណែកជនរងគ្រោះ ឈ្មោះ Bouillot Gauhtier Jacques Marie ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិជប៉ុន មុខរបរ ប្រធានក្រុមហ៊ុន អ៊ីងជូហ្គោណា ផ្សារម៉ាក្រូ ស្នាក់ផ្ទះជួលលេខ១៧ ផ្លូវ៣២២ សង្កាត់បឹងកេង កង១ ខណ្ឌបឹងកេងកង កាន់លិខិតឆ្លងដែនលេខ 17FV24534 ។
ប្រភពពីដើមបណ្តឹង បានឲ្យដឹងថាៈ ស្ត្រីជាជនសង្ស័យ បានយកលុយរបស់ក្រុមហ៊ុន អ៊ីងជូហ្គោណា ផ្សារម៉ាក្រូ ចំនួន ៩.២១៤,៨៧ ដុល្លារ ដោយគ្មានការអនុញ្ញាត ទើបគាត់ ដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕PC