ដោយៈ បូកគោ/កំពតៈ អភិបាលខេត្ត និងជាប្រធាគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពត បានតម្រូវឱ្យអាជ្ញាធរ ក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងគ្រប់ ផ្នែកពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ ព្រមទាំងបន្តអនុវត្តវិធានការ ពិសេសបង្ការទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
លោកអភិបាលខេត្តកំពត បានជំរុញបែបនេះ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងកិច្ច ប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ជាលក្ខណៈចង្អៀត តាមរយៈការចូលរួម ពីផ្នែកពាក់ព្ធ័ចាំបាច់នានា។
នៅក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធាគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពត បានមានប្រសាសន៍ថាៈ បច្ចុប្បន្ន នៅទូទាំងពិភពលោក ក៏ដូចជា ក្នុងប្រទេសកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ លើបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ ១៩។ ក្នុងស្ថានភាពបែបនេះ ប្រមុខរាជរដ្ឋាភិបាល មានការយកចិត្តទុកដាក់ខ្ពស់ទើបបាន ដាក់ចេញ នូវវិធានការសំខាន់ៗ សម្រាប់ស្ថាប័នជាតិ ព្រមទាំងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ឱ្យអនុវត្តវិធានការ ក្នុងកិច្ចបង្ការប្រយុទ្ធ ការរីករាល ប្រកបដោយប្រសិទ្ធភាព ដើម្បីសុខុ មាលភាព ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ទាំងមូល។
លោក ជាវ តាយ បានក្រើនរំលឹកថាៈ គ្រប់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវដឹកនាំ ដោយផ្ទាល់ សម្រាប់ប្រតិបត្តិការ ចុះតាមដាន ត្រួតពិនិត្យ បណ្តាភោជនីយដ្ឋាន អាហារដ្ឋាន ទីប្រជុំជន គ្រឹះស្ថានសាធារណៈ និងឯកជននានា អំពីដំណើរការអនុវត្តនូវវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩។ បន្ថែមលើនោះ ត្រូវអប់រំផ្សព្វផ្សាយ និងអំពាវនាវដល់ ប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារ ឬអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ជាមួយ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ចាំបាច់ត្រូវធ្វើតេស្ត នៅមន្ទីរពេទ្យ ក៏ដូចជា អនុវត្តវិធានការចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត។
លោក ជាវ តាយ បានបញ្ជាក់ថាៈ អាជ្ញាធរត្រូវជំរុញដល់ ប្រជាពលរដ្ឋ ឱ្យបង្កើនការអនុវត្ត នូវវិធានគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ ការលាងដៃដោយអាកុល ទឹកសាប៊ូ ឬជែល ឱ្យបានញឹកញាប់ជាប្រចាំ ពិសេសថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវចុះពិនិត្យតាមដានមើលប្រជា ពលរដ្ឋ ដែលកំពុងអនុវត្ត ការធ្វើចត្តាឡីស័ក នៅផ្ទះដោយមិនត្រូវឱ្យដើរពាសវាល ពាសកាល តាមអំពើចិត្តនោះឡើយ៕PC