Home ព័ត៌មានជាតិ សន្តិសុខ ករណី​ឃាតកម្ម​...

ករណី​ឃាតកម្ម​លើ​នារី​ម្នាក់ នៅ​ឆ្នុកទ្រូៈ ប៉េអឹម​ថា ជនសង្ស័យ​ពីរ​នាក់ ជាប់​ពាក់ព័ន្ធ ប៉ុន្តែ​តុលាការ​ថា អត់​មាន​ជាប់​ពាក់ព័ន្ធ​ទេ​

ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្នាំងៈ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បាន​ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នាក់ ដោយ​អះអាងថា មាន​ជាប់​ពាក់ព័ន្ធ ករណី​ឃាតកម្ម លើ​នារី​ម្នាក់ នៅវេលា​ម៉ោង ៥​និង​៣០ នាទី ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​ថ្មី ភូមិ​អ្នកតា​តាំង ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ប៉ុន្តែ​នៅពេល​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា បាន​បញ្ជាក់ថា ជនសង្ស័យ​ពីរ នាក់​នេះ អត់​មាន​ជាប់​ពាក់ព័ន្ធ​ទេ ។ ទោះបីជា​យ៉ាងណា មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បាន​កំពុង​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជា​បន្ត ។ ចំណែក​មន្ត្រីនគរបាល ខេត្តកំពង់ឆ្នាំង ក៏បាន​អះអាងថា កម្លាំង​ជំនាញ​របស់លោក កំពុងតែ​បើក​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​ដូចគ្នា ដើម្បី​បំបែក​សុំ​ណុំ​រឿង មួយ​នេះដែរ​។

​លោក​វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួល​ផែន​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានឱ្យដឹង តាម​ទូរស័ព្ទ នៅវេលា​រសៀល ថ្ងៃទី​៦ ខែធ្នូ នេះ​ថា ដោយមាន​ការសម្របសម្រួល ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត កម្លាំង​របស់លោក ពិតជា​បាន​ឃាត់ខ្លួន​ជន​ស​ង្យ័​យ ចំនួន​ពីរ​នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​ឃាត​កម្មនេះ​មែន​។ ជនសង្ស័យ​ទាំង ពីរ​នាក់​នោះ រួមមានៈ ១-​ឈ្មោះ កាន់ ឈុន​ឡេង ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ ភូមិ​កំពង់​ថ្គោល ឃុំ​ផ្សារ​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ និង ២-​ឈ្មោះ លន សុខ​ឡូត ភេទ​ប្រុស អាយុ ២២ ឆ្នាំ ទីលំនៅ ភូមិ​ផាត់​សណ្តាយ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​ជាប់​សង្ស័យ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ លើ​នារី​រងគ្រោះ ឈ្មោះ ឡាំ រដ្ឋា អាយុ ២០ ឆ្នាំ រស់នៅ​ក្នុងភូមិ​អ្នកតា​តាំង ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ បន្ទាប់​ពីនេះ ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​នារី​រងគ្រោះ ស្លាប់​អណ្ដែត​ទឹក នៅក្នុង​ឃុំ​ឆ្នុកទ្រូ ក្រោយពី​បាន​បាត់​ខ្លួន អស់​មួយ​យប់​។​

​ប្រភព​ដដែល បាន​បន្តថា នៅពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំងពីរ​នេះ សមត្ថកិច្ច​អាវុធហត្ថ ខេត្តកំពង់ឆ្នាំង បាន​ដកហូត​វត្ថុតាង មាន​ទូរស័ព្ទ ២ គ្រឿង ហើយ​នៅ​ថ្ងៃទី​៦ ខែធ្នូ សមត្ថកិច្ច​អាវុធហត្ថ ខេត្តកំពង់ឆ្នាំង បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាល​ដំបូង​ខេត្ត ដើម្បី​ផ្ដន្ទាទោស តាមច្បាប់​។​

​លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង បានអោយដឹង​នៅវេលា រសៀល ថ្ងៃទី​៧ ខែធ្នូ នេះ​ថាៈ ជនសង្ស័យ ពីរ​នាក់ ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន និង​បាន​បញ្ជូនមក សាលាដំបូង​ខេត្ត រហូតមកដល់​ពេលនេះ​មិនមាន​អ្វីដែល រកឃើញថា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម នោះឡើយ ហើយ​លោក នឹង​អាចអោយ ជនសង្ស័យ ទាំងពីរ​នាក់​នេះ ត្រឡប់ ទៅ​មូលដ្ឋាន​វិញ ។​

​ចំណែក​លោក​វរសេនីយ៍ទោ ហង្ស សុជាតិ បានអោយដឹង តាម​ទូរស័ព្ទ នៅ​រសៀល ថ្ងៃទី​៧ ធ្នូ នេះដែរ​ថាៈ ពាក់ព័ន្ធ​នឹង​រឿង​ករណី​ឃាតកម្ម ទៅលើ​ក្មេងស្រី ដែលជា​សិស្សសាលា កន្លងទៅនេះ សមត្ថកិច្ច​របស់លោក កំពុងតែបន្ត​ការស្រាវជ្រាវ ដើម្បី​ស្វែងរក​មុខសញ្ញា ជនដៃដល់ យកមក​ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់​។​

​ដោយឡែក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ុល វុទ្ធី ស្នងការរង​នគរបាល ខេត្តកំពង់ឆ្នាំង បាន​ឲ្យ ដឹង​តាម​ទូរស័ព្ទ នៅ​រសៀល ថ្ងៃទី​៧ ធ្នូ​នេះ​ថាៈ មកដល់ពេលនេះ កម្លាំង​របស់លោក ក៏​កំពុងតែ​បើក​ការស្រាវជ្រាវ និង​ស៊ើបអង្កេត ដូចគ្នា​ដែរ ដើម្បី​ស្វែងរក​ជនដៃដល់ ក្នុងករណី​ឃាតកម្ម​នេះ ដើម្បី​នាំខ្លួន​ជនសង្ស័យ យកមក​ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular