ដោយៈជា សីហៈ/ភ្នំពេញៈ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២០របស់អ្នកដឹកនាំវ័យក្មេងនៃ Asia 21 ដែលរៀបចំឡើងដោយអង្គការសង្គមអាស៊ី តាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ “ជីវិតបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩៖ ការកសាងប្រកបដោយនិរន្តរភាពនិងភាពធន់នាពេលអនាគត”។
នៅក្នុងកិច្ចប្រជុំ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២០:០០ នាទីយប់ ក្រៅពីលោកស្រី ជា សេរី ចេញ អ្នកជំនាញកម្ពុជាមួយចំនួន ក៏នឹងចូលរួមផងដែរ ដោយរួមទាំងលោក ស្រី លឹម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាម នៅកម្ពុជា ផងដែរ ។
កិច្ចប្រជុំនាឆ្នាំនេះធ្វើឡើងក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យអ្នកដឹកនាំវ័យក្មេងជាន់ខ្ពស់ក្នុងសហគមន៍ Asia21 ចែករំលែកនិងផ្លាស់ប្ដូរទស្សនាទាននានាទាក់ទងនឹងផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺកូវីដ១៩ ពាក់ព័ន្ធនឹង ១/- កំណើនយឺតនៃសេដ្ឋកិច្ចនិងវិសមភាពនៃប្រាក់ខែ ២/- ការត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩ ៣/- ការឆ្លើយតបទៅនឹងអាកាសធាតុ ៤/- ការបណ្ដុះបណ្ដាលជំនាញបន្ថែមទៅតាមពិភពលោកបែបឌីជីថល ៥/- សមធម៌និងបរិយាបន្នក្នុងកន្លែងធ្វើការ ៦/- សុខភាពផ្លូវចិត្ត និង ៧/- ការធ្វើឱ្យមានប្រក្រតីភាពតាមគន្លងថ្មីបន្ទាប់ពីជំងឺកូវីដ១៩៕