ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត

បដា​
(​ប៉ៈ​—)
​នាមសព្ទ​
( បា​. សំ​. “​សំពត់​ធម្មតា​” ) ផ្ទាំង​សំពត់​ដែល​គេ​សរសេរ​អក្សរ​ជា​ពាក្យ​សុភាសិត​, ពាក្យស្លោក ឬ ពាក្យ​អ្វី​ផ្សេងៗ សម្រាប់​កាន់​ហែ​ជា​ក្បួន ឬ​ចង​សន្ធឹង​ទទឹងផ្លូវ​
​ធ្វើ​បដា​, កាន់​បដា​, យក​បដា​ទៅ​ចង​សន្ធឹង​លើផ្លូវ ។ ( បារ​. Banderole ) ។​

​មេដាយ​
​នាមសព្ទ​
( បារ​. Médaille ) គឿង​ឥស្សរិយាភរណៈ​មាន​រូបសណ្ឋាន​ផ្សេងៗ ធ្វើ​ដោយ​លោហជាតិ​ឬ​រតនវត្ថុ​សម្រាប់​រាជការ​អាណាចក្រ​គ្រប់​ប្រទេស ឲ្យ​ជា​កិត្តិយស​ដល់​ឥស្សរជន​, ដល់​អ្នក​ដែលមាន​គុណបំណាច់​ចំពោះ​ផែនដី​, ដល់​អ្នក​ដែលមាន​ចំណេះវិជ្ជា​, ដល់​អ្នក​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្អ​
​មេដាយសំរិទ្ធិ​, មេដាយមាស . . . ។​

ម៉ែត្រ​
(​ម៉ែត ឬ ម៉ិ​ត​)
​នាមសព្ទ​
( បារ​. Mètre ម៉ែ​ត្រិ៍ ) ឈ្មោះ​រង្វាស់​បារាំងសែស ប្រវែង​ដប់​ដេ​ស៊ី​ម៉ែត្រ​ឬ មួយរយ​សង់ទីម៉ែត្រ ឬក៏​មួយ​ពាន់​មិល្លីម៉ែត្រ​, ជា​រង្វាស់​ដែល​ក្នុងសម័យ​សព្វថ្ងៃនេះ ខ្មែរ​ចេះ​ប្រើ​ពេញ​ទាំង​កម្ពុជរដ្ឋ​, បើ​ធៀប​នឹង​រង្វាស់​របស់​ខ្មែរ​ពី​ដើម​ត្រូវ​គ្នា​នឹង​ប្រវែង​ពីរ​ហត្ថជាងឈើ ដែល​ហៅថា ហត្ថខ្នាត ( ពីរ​ហត្ថខ្នាត ), ធៀប​នឹង​ហត្ថ​មនុស្ស​ប្រក្រតី​សព្វថ្ងៃនេះ ច្រើនតែ​ពីរ​ហត្ថ​មួយ​ទះ​ឬ​លើសខ្វះ​ពី​នោះ​បន្តិចបន្តួច ( ម៉ែត្រ សរសេរ​កាត់​ថា ម​. ) ។ ដេ​ស៊ី​ម៉ែត្រ (Décimètre) ប្រវែង​ដប់​សង់ទីម៉ែត្រ ( ដ​. ម​. ) ។ សង់ទីម៉ែត្រ ( Centimètre ) ចំនួន​ឬ​ប្រវែង​មួយរយ​ភាគ​ដែល​ចែក​ឬ​ដែល​បែង​ចេញពី​ក្នុង​មួយ​ម៉ែត្រ ( ស​. ម​. ) ។ មិល្លីម៉ែត្រ ( Millimètre ) ចំនួន​ឬ​ប្រវែង​មួយ​ពាន់​ភាគ​ដែល​ចែក ឬ​ដែល​បែង​ចេញពី​ក្នុង​មួយ​ម៉ែត្រ ( ម​. ម​. ) ។ ដេ​កា​ម៉ែត្រ ( Décamètre ) ចម្ងាយ​ឬ​ប្រវែង​ដប់​ម៉ែត្រ ( ដា​. ម​. ) ។ ហិ​ក​តូ​ម៉ែត្រ ( Hectomètre ) ចម្ងាយ​ឬ​ប្រវែង​មួយរយ​ម៉ែត្រ ( ហ​. ម​. ) ។ គីឡូម៉ែត្រ ( Kilomètre ) ចម្ងាយ​ឬ​ប្រវែង​មួយ​ពាន់​ម៉ែត្រ ( គ​. ម​. ) ។ ម៉ែត្រការ៉េ ( Mètre carré ) ម៉ែត្រទ្វេគុណ មាន​ទំហំ​ទី​បួន​ជ្រុង​ស្មើភាគ ( ម​.២); កុំ​ប្រើពាក្យ ម៉ែត្រក្រឡា ព្រោះ​ជា​ពាក្យ​គន្លាស់​ពុំ​សមរម្យ​, ត្រូវ​ប្រើពាក្យ ម៉ែត្រទ្វេគុណ ឬ ម៉ែត្រការ៉េ ( តាម​បារាំង ) វិញ​ក៏បាន ។ ម៉ែត្រគុប ( Mètre cube ) ម៉ែត្រត្រីគុណ មាន​កម្ពស់​មួយ​ម៉ែត្រ​បួន​ជ្រុង​ស្មើភាគ ( ម​. ៣ ) ។ ល ។​

រាជបណ្ឌិត្យស្ថាន​
(​រា​ជៈ​ប័ន​-​ឌិ​ត្យៈ​ស្ថាន​)
​នាមសព្ទ​
( សំ​. រាជ + បា​ណ្ឌិ​ត្យ + ស្ថាន​; បា​. រាជ + ប​ណ្ឌិ​ច្ច + ឋាន > រា​ជប​ណ្ឌិ​ច្ច​ដ្ឋា​ន “​ទី​របស់​ឬ​សម្រាប់​ក្រុម​រាជបណ្ឌិត​; ( បារ​. Académie ) សភា ឬ រាជសភា សម្រាប់​ក្រុម​បណ្ឌិត ឬ​ក្រុម​រាជបណ្ឌិត គឺ​ក្រុម​អ្នកប្រាជ្ញ​អ្នកបង្កើត​វិទ្យាសាស្ត្រ​ផ្សេងៗ​មាន​អក្សរសាស្ត្រ​ជាដើម ព្រមទាំង​មាន​សិទ្ធិ អាច​ញ៉ាំង​វិទ្យាសាស្ត្រ​នោះៗ​ឲ្យ​ប្រព្រឹត្តទៅ​ស្មើ​ក្នុងប្រទេស​របស់ខ្លួន​ផង​ទៀត ( ហៅ​រាជបណ្ឌិត្យសភា ក៏បាន ) ។ ពួក​បណ្ឌិត​ក្នុង​ស្ថាន​ឬ​សភា​នេះ​ហៅថា សមាជិក​រាជបណ្ឌិត្យស្ថាន ឬ សមាជិក​រាជបណ្ឌិត្យសភា​; ស្ត្រី​ហៅ សមាជិកា​—( បារ​. Académicien, Académicienne ) ។​