ដោយៈតារារិទ្ធ/ភ្នំពេញ៖ក្រសួងព័ត៌មានគាំទ្រឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារអ្នកសារព័ត៌មាន«ដាក់ពាក្យប្ដឹង»ទៅអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ដោយមិនបាច់ជូនដំណឹងមកក្រសួងព័ត៌មានជាមុនឡើយ។ការជូនដំណឹងនេះចេញដោយអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានបន្ទាប់ ពីក្រសួងបានសង្កេតឃើញថាមានអ្នកសារព័ត៌មានមួយចំនួនប្រើជំនាញរបស់ខ្លួនជំរិតទារប្រាក់ជាថ្នូរនឹងការមិនផ្សព្ធផ្សាយឬលុបព័ត៌មានដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានដែលមិនអាចទទួលយកបាន។
សេចក្តីជូនដំណឹងដែលមាន១ទំព័រចុះថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ បានលើកឡើងថា៖ អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានបានសង្កេតឃើ ញថាក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានអ្នកសារព័ត៌មានមួយចំនួនតូចមិនបានបំពេញ តួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួនធ្វើជាស្ពានចម្លងក្នុងការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលនិងពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋនោះទេតែបែរជាឆ្លៀតឱកាសប្រើវិជ្ជាជីវៈប្រាសចាកក្រមសីលធម៌ផ្សព្វផ្សាយព័ត៌មានមិនពិតក្លែងបន្លំនាំឱ្យសាធារណជនយល់ខុសនិងមានការសង្ស័យលើការអនុវត្តការងាររបស់អាជ្ញា ធរមានសមត្ថកិច្ចបង្កឱ្យមានភាពភ័យខ្លាចច្របូកច្របល់រំខានដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ចប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងការប្រកប អាជីវកម្មរបស់ប្រជាពលរដ្ឋការទទួលយកសំណូកឬជំរិតទារប្រាក់ជាថ្នូរនឹងការមិនផ្សព្វផ្សាយឬលុបព័ត៌មានដែលជាប្រការមួយរំលោភយ៉ាងធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានដែលមិនអាចទទួលយកបាន។
សេចក្តីជូនដំណឹងបានបន្តថា៖«ដើម្បីលុបបំបាត់ភាពអសកម្មរបស់ក្រុមអ្នកសារព័ត៌មានមួយចំនួនតូចដែលគ្មានវិជ្ជាជីវៈអគ្គនាយកដ្ឋានសូមបញ្ជាក់ជូនសាធារណ ជននិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជ្រាបថាក្នុងករណីបុគ្គលណាដែលរងផលប៉ះពាល់ពីបញ្ហាដូចមានជម្រាបជូនខាងលើអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានគាំទ្រឱ្យបុគ្គលនោះប្រើប្រាស់សិទ្ធិរបស់ខ្លួនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជានិងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ដោយមិនបាច់ជូនដំណឹងមកក្រសួងព័ត៌មានជាមុនឡើយ»។
អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានសូមវាយតម្លៃខ្ពស់និងកោតសរសើរស្ថាប័នសារព័ត៌ មាននិងអ្នកសារព័ត៌មានភាគច្រើនលើសលប់ដែល បានខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងការយកព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជននិងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍរបស់ប្រទេសជាតិ ៕