Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ស...

បុរស​ម្នាក់​ស្លាប់​និង​ក្មេងស្រី​ម្នាក់​របួសធ្ងន់ ដោយសារ​រថយន្ត​ស៊ី​រ៉ែ​ន​របស់​នគរបាល​ស្រុក​ស្វាយទាប​បុក​ពេញទំហឹង​

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង​: បុរស​ជា​អ្នក​ដឹក​អេតចាយ​ម្នាក់​បាន​ស្លាប់ និង​ក្មេងស្រី​ម្នាក់ បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​រថយន្ត​ស៊ី​រ៉ែ​ន របស់​នគរបាល​ស្រុក​ស្វាយទាប​បុក​ពេញទំហឹង កាលពី​ព្រលប់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ពោធិ៍​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា​បុរស​ដែល​ស្លាប់​ឈ្មោះ ទុំ សីហា អាយុ​៣២​ឆ្នាំ មុខរបរ​ទិញ​លក់​អេតចាយ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​តា​ភ្ល​ឃុំ​ប្រា​សាក់ ស្រុក​ស្វាយជ្រំ និង​អ្នករងរបួស​ធ្ងន់​ឈ្មោះ ចាន់ ស្រី​នុត អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី សង្កាត់​ច្រកម្ទេស ក្រុង​បាវិត។​

​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​បើក​ត្រាក់ទ័រ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង​ដឹក​អេតចាយ​ពេញ​ទ្រុង ធ្វើដំណើរ​ពី​ខាងកើត​ទៅខាង​លិច ។ លុះ​ទៅដល់​ចំណុច​ខាងលើ ត្រាក់ទ័រ​ខូច​ទៅមុខ​លែងរួច ជនរងគ្រោះ​ក៏​ចុះទៅពិនិត្យ​ម៉ាស៊ីន​ត្រាក់ទ័រ ស្រាប់​តែមាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ្វ័​ដ ពណ៌​ស ពាក់​ផ្លាកលេខ នគរបាល ២.៣៦៤១ ជា​រថយន្ត​ស៊ី​រ៉ែ​ន​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប ធ្វើដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន បាន​បើក​ជែង​រថយន្ត​មួយគ្រឿង​ទៀត ។​

​ខណៈនោះ​ដែរ ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​មក​ចំ​ពីមុខ ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​ស៊ី​រ៉ែ​ន​ទំនង​ភ័យ​ស្លន់ស្លោ ទាញ​ចង្កូត​ចូលមក​ខាងស្តាំ​វិញ ក៏​ជ្រុល​ទៅបុក​ជនរងគ្រោះ​ដែល​កំពុង​ឱន​មើល​ម៉ាស៊ីន​ត្រាក់ទ័រ​ពេញទំហឹង ប៉ើង​ផ្លោង​ទៅ​ធ្លា​ក់លើ​ចិញ្ចើមផ្លូវ​ស្លា​.​ប់​តែម្តង ។ ចំណែក​រថយន្ត ជ្រុល​ទៅបុក​ត្រាក់ទ័រ​ដែល​ឈប់​ស្ងៀម​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​ក្មេងស្រី​ដែល​ជិះ​នៅលើ​ត្រាក់ទ័រ​នោះ​របួសធ្ងន់ ។​

​រីឯ​រថយន្ត​ដែល​បុក​នោះ ក៏​ខូច​ផ្នែក​ខាងមុខ​ខ្ទេច​ដែរ ប៉ុន្តែ​អ្នកបើកបរ​ពុំមាន​រង​របួសធ្ងន់​ទេ ដោយសារ​រថយន្ត​ផ្ទុះ​ពោង​ទាំង​៤ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សាមុយ​ដឹក​អ្នករងរបួស​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប ចំណែក​សព​ជនរងគ្រោះ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

ពាក់ព័ន្ធ​ករណីនេះ​លោក​វរសេនីយ៍ឯក កែវ សា​ភ័​ណ្ឌ អធិការនគរបាល​ស្រុក​ស្វាយទាប​បានរៀបចំ​ថវិកា​យកទៅ​ចូល​បុណ្យសព​ជនរងគ្រោះ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​សព ។ ចំពោះ​ការដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​លោក​បញ្ជាក់ថា រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular