ដោយៈ ទេពមង្គល / ភ្នំពេញៈ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងមួយ ចុះនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះថាៈ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានសង្កេតឃើញថា ក្នុងអំឡុងពេល ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានអ្នកសារព័ត៌មាន មួយចំនួនតូច មិនបានបំពេញតួនាទី ស្របតាមវិជ្ជាជីវៈរបស់ខ្លួន ធ្វើជាស្ពាន ចម្លង ក្នុងការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋ មកកាន់រដ្ឋាភិបាល និងពីរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ នោះទេ តែបែរជាឆ្លៀតឱកាស ប្រើវិជ្ជាជីវៈ ប្រាសចាកក្រមសីលធម៌ ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ នាំឱ្យសាធារណជន យល់ខុស និងមានការសង្ស័យ លើការអនុវត្តការងាររបស់អាជ្ញាធរ មានសមត្ថកិច្ច បង្កឱ្យមានភាពភ័យខ្លាច ច្របូកច្របល់ រំខានដល់ការអនុវត្តតួនាទី របស់អាជ្ញាធរ មានសមត្ថកិច្ច ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រកបអាជីវកម្ម របស់ប្រជាពលរដ្ឋ ការទទួលយកសំណូក ឬជំរិតទារប្រាក់ ជាថ្នូរនឹងការមិនផ្សព្វផ្សាយ ឬលុបព័ត៌មាន ដែលជាប្រការមួយ រំលោភយ៉ាងធ្ងន់ធ្ងរ ខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដែលមិនអាចទទួលយកបាន។
ដើម្បីលុបបំបាត់ភាពអសកម្មរបស់ ក្រុមអ្នកសារព័ត៌មានមួយចំនួនតូច ដែលគ្មានវិជ្ជាជីវៈ អគ្គនាយកដ្ឋាន សូមបញ្ជាក់ ជូនសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជ្រាបថា ក្នុងករណីបុគ្គលណា ដែលរងផលប៉ះពាល់ ពីបញ្ហាដូចមានជម្រាបជូនខាងលើ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន គាំទ្រឱ្យបុគ្គលនោះ ប្រើប្រាស់សិទ្ធិរបស់ខ្លួន ស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ ដោយមិនបាច់ ជូនដំណឹង មកក្រសួងព័ត៌មានជាមុនឡើយ ។
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមវាយតម្លៃខ្ពស់ និងកោត សរសើរស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ភាគច្រើនលើសលប់ ដែលបានខិតខំបំពេញ ការងាររបស់ខ្លួន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងការយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ពិតជូនសាធារណជន និងរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីក រាលដាល នៃជំងឺរាតត្បាត ដើម្បីសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ របស់ប្រទេសជាតិ៕/V