ប្រែសម្រួលៈវាសនា/ប៉េកាំង៖អ្នកការទូតកំពូលចិនកាលពីថ្ងៃចន្ទ បានអំពាវនាវអោយមានការបន្តកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលអាម៉េរិកថ្មី របស់ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន នៅពេលទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរបន្តដាំក្បាលចុះក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ។
សូមបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំងនិងវ៉ាស៊ីនតោន មានជម្លោះនឹងគ្នាលើបញ្ហាជាច្រើន ចាប់ពីពាណិជ្ជកម្ម សិទ្ធិមនុស្សរបស់ចិន រហូតដល់អ្វីដែលអាម៉េរិកហៅថា មហិច្ឆតាវាតទីរបស់ចិននៅសមុទ្រចិនខាងត្បូង។
តែថ្លែងក្នុងអំឡុងការនិយាយតាមវីដេអូខល ជាមួយមេដឹកនាំក្រុមប្រឹក្សាធុរកិច្ចចិន-អាម៉េរិកកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេស វ៉ាង យី បាននិយាយថា «ភាគីទាំងពីរគួរធ្វើការជាមួយគ្នា។យើងចាំបាច់ត្រូវចាប់ផ្តើមការចរចាឡើងវិញ វិលមករកផ្លូវត្រឹមត្រូវ និងស្ថាបនាការជឿទុកចិត្តគ្នាឡើងវិញនៅក្នុងទំនាក់ទំនងចិន-អាម៉េរិកនៅដំណាក់កាលបន្ទាប់»។
លោកបានបន្ថែមថា «សំរាប់បញ្ហាដែលមិនអាចដោះស្រាយបានភ្លាមៗ យើងចាំបាច់រក្សាឥរិយាបទស្ថាបនាមួយដើម្បីគ្រប់គ្រងស្ថានការណ៍បញ្ចៀសការធ្វើអោយសភាពការណ៍សរុបនៃទំនាក់ទំនងចិន-អាម៉េរិកចុះដុនដាបទៅ»។
ការលើឡើងរបស់លោកវ៉ាងកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ចេញការរឹតត្បិតការធ្វើដំណើរលើសមាជិកបក្សកុំម្មុយនីស្តចិន ដោយសារតែបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងនៅពេលទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះខ្លាំងស្រាប់។
ទណ្ឌកម្មជាច្រើនទៀតត្រូវរំពឹងថាអាម៉េរិកនឹងដាក់លើចិននៅសប្តាហ៍នេះ ដោយសារព័ត៌មាន Bloombergបានរាយការណ៍នៅថ្ងៃនេះថា អាម៉េរិកទំនងជានឹងបង្កកទ្រព្យរបស់មន្ត្រីចិនរាប់សិបនាក់ ដោយសារតែតួនាទីរបស់គេក្នុងការដកសិទ្ធិជាសមាជិកសភាហុងកុងមួយចំនួននាពេលកន្លងទៅ។
លោកបៃដិនគ្រោងនឹងចូលបន្តតំណែងប្រធានាធិបតីអាម៉េរិកនៅថ្ងៃ២០មករា ដោយចូលជំនួសលោកដូណាល់ ត្រាំ ដែលបានចាប់ផ្តើមធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងផ្តោតការវាយប្រហារលើមហិច្ឆតាសកលលោករបស់ក្រុមហ៊ុនចិនមួយចំនួន រួមមានក្រុមហ៊ុន Huawei។
មានការរំពឹងទុកថា ប្រធានាធិបតីអាម៉េរិកថ្មីនឹងមិនចាត់ការឆុងឆាំងពេកដូចលោកត្រាំទេពេលលោកចូលកាន់តំណែង ទោះជាយ៉ាងណាលោកបៃដិនបានប្រាប់សារព័ត៌មានអាម៉េរិកថា លោកនឹងរក្សាទុកពន្ធសង្គ្រាមពាណិជ្ជកម្មលើចិនដដែលពេលលោកឈានជើងចូលសេតវិមាន៕
លោកវ៉ាង យី កាលពីថ្ងៃចន្ទអំពាវនាវអោយមានការចរចាជាមួយរដ្ឋាភិបាលអាម៉េរិកបន្ទាប់របស់ចូ បៃដិន អំពីទំនាក់ទំនងចិន-អាម៉េរិក