ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
រាសី
នាមសព្ទ
( បា. រាសិ ; សំ. រាឝិ ) គំនរ, ពំនូក; ពួក, កង; ប្រជុំ ។ មាត្រារង្វាស់ចម្ងាយល្វែងផ្ទៃមេឃ ដែលជាផ្លូវចរនៃព្រះអាទិត្យព្រះចន្ទ្រ; តាមហោរាសាស្ត្រថា ល្វែងមួយៗមានចម្ងាយ៣០អង្សា ហៅថា មួយរាសី សម្រាប់សុរិយគតិ, មាន ១២ គឺ ១- មេសៈ ឬ មេសរាសី “រាសីចៀមឬពពែ” ( បារ. អាវ្រិល ឬ អាវរិល Avril រាសីទី៤ ) មាន ៣០ ថ្ងៃ; ២-ឧសភៈ ឬ ឧសភរាសី ” —គោឈ្មោល ” ( បារ. ម៉េ Mai —ទី៥ ) មាន៣១ថ្ងៃ; ៣- មិថុនៈ ឬ មិថុនរាសី ” —គូ បុរសនិងស្ត្រី ” ( បារ. ហ្ស៊ូវ៉ាំង ឬ យូវាំង Juin —ទី៦ ) មាន៣០ថ្ងៃ ; ៤-កក្កដៈ ឬ កក្កដរាសី ” —ក្ដាម ” ( បារ. ហ្ស៊ុយ្យេត៍ ឬ ស៊ូយេត Juillet —ទី៧ ) មាន៣១ ថ្ងៃ ; ៥- សីហៈ ឬ សីហរាសី ” —សីហៈ ” ( បារ. អាអ៊ូត៍ ឬ អាអ៊ូត AoÙt —ទី៨ ) មាន ៣១ ថ្ងៃ; ៦- កញ្ញា ឬ កញ្ញារាសី “—ស្រីក្រមុំ” ( បារ. សេបតមប្រិ៍ septembre —ទី៩ ) មាន ៣០ ថ្ងៃ; ៧-តុលា ឬ តុលារាសី “—ជញ្ជីង” ( បារ. ឲកតូប្រិ៍ Octobre -ទី១០ ) មាន ៣១ថ្ងៃ; ៨-វិច្ឆិកៈ ឬ វិច្ឆិករាសី “—ខ្ទួយ” ( បារ. ណវ៉ូមប្រិ៍ ឬ ណោវ៉មប្រិ៍ Novembre —ទី១១ ) មាន ៣០ ថ្ងៃ; ៩-ធនុ ឬ ធនុរាសី “—ធ្នូ” ( បារ. ដេសមប្រិ៍ Décembre —ទី១២ ) មាន ៣១ ថ្ងៃ; ១០- មករៈ ឬ មកររាសី ” —មករ ” ( បារ. ស្យ៊ង់វិយេរ ឬ យ៉ាំងវិយេរ Janvier —ទី១ ) មាន៣១ថ្ងៃ; ១១- កុម្ភៈ ឬ កុម្ភរាសី ” —ក្អម ” ( បារ. ហេ្វវ្រិយេរ ឬ ហ្វេវរិយេរ Février —ទី២ ) មាន ២៨ ឬ ចួនកាលមាន២៩ថ្ងៃ ; ១២-មីនៈ ឬ មីនរាសី ” —ត្រី ” ( បារ. ម៉ារ្យ Mars —ទី៣ )មាន៣១ថ្ងៃ ; ជាមួយឆ្នាំនៃសុរិយគតិមាន៣៦៥ថ្ងៃ ឬចួនកាលមាន៣៦៦ថ្ងៃ ។ មាត្រារង្វាស់នៃចន្ទគតិមិនមានកំណត់អង្សាទេ ហៅថា ឫក្ស ឬ នក្សត្រឫក្ស, មាន១២គឺ ១- មិគសិរ ឬ មិគសិរឫក្ស ” ឫក្សក្ដាន់ ” មាន២៩ថ្ងៃ ; ២- បុស្ស ឬ បុស្សឫក្ស ” —ក្ដាម ” មាន៣០ថ្ងៃ; ៣- មាឃ ឬ មាឃឫក្ស ” —ស្វាព្រាហ្មណ៍ ” មាន២៩ថ្ងៃ; ៤- ផគ្គុណ ឬ ផល្គុនឫក្ស ” —គោ ” មាន៣០ថ្ងៃ; ៥- ចេត្រ ឬ ចិត្រឫក្ស ” —ខ្លា ” មាន២៩ថ្ងៃ; ៦-ពិសាខ ឫ វិសាខឫក្ស ” —ក្របី ” មាន៣០ថ្ងៃ ,៧- ជេស្ឋ ឬ ជេដ្ឋឫក្ស ” —ពពែ ” មាន២៩ថ្ងៃ ឬ ចួនកាលមាន ៣០ ថ្ងៃ; ៨- អាសាឍ ឫ អាសាឡ្ហឫក្ស “—សីហៈ” មាន ៣០ ថ្ងៃ ; ៩- ស្រាពណ៍ ឬ ស្រាវណឫក្ស សាវណឫក្ស ” —ផ្កាយឈើ ” មាន២៩ថ្ងៃ; ១០- ភទ្របទ ឬ ភទ្របទាឫក្ស ” —រមាស ” មាន ៣០ថ្ងៃ; ១១- អស្សុជ ឬ អស្សយុជឫក្ស ” —សេះ ” មាន២៩ ថ្ងៃ; ១២- កត្ដិក ឬ កត្តិកឫក្ស ” —កូនមាន់ ” មាន៣០ថ្ងៃ; ជាមួយឆ្នាំនៃចន្ទគតិ មាន ៣៥៤ ថ្ងៃ, បើឆ្នាំដែលមានចន្ទ្រាធិមាស ( អធិកវារៈ ) មាន៣៥៥ ថ្ងៃ, ឆ្នាំដែលមានអធិកមាស មាន៣៨៤ ថ្ងៃ ( ម. ព. រតូវ ឬ រដូវ និង មាស ន. និង រាសិចក្រ ផង ) ។ លើករាសី តាំងប្រសិទ្ធីតាមក្បួនតម្រាសូត្ររំលើករាសីដែលអាប់ឲ្យត្រឡប់រុងរឿងឡើង ។ ខ្មែរប្រើពាក្យ រាសី នេះសំដៅសេចក្ដីថា “លំអ; មានលំអ, ស្រស់បស់ សមរម្យ; ចម្រើន ” ផងក៏បាន ( ចំពោះតែមនុស្ស ឬ សត្វ )
មនុស្សមានរាសី, កំពុងឡើងរាសី, អាប់រាសី, ចុះរាសី ។ ល ។
ល្បាក់ទឹក
នាមសព្ទ
កន្លែងដែលមានទឹកហូរបាក់ជាថ្នាក់ៗ ស្រដៀងនឹងកាំជណ្ដើរ
ល្បាក់ទឹកនាចង្កេះភ្នំ, ល្បាក់ទឹកឈូក្នុងខែត្រកំពត (បារ. Cascade ក័ស្កាដ) ។
សិន្ធុ
(សិន-ធុ)
នាមសព្ទ
( សំ. បា. ) នទី, ទន្លេ; មហាសមុទ្រ; ទឹក, ធ្នារទឹក ។ ឈ្មោះទន្លេមួយ, សម័យសព្វថ្ងៃហៅស៊ិន្ទ, ស៊ិន្ធ ឬ ឥណ្ឌុស ( Sind, Sindh ឬ Indus ), មានក្បាលចេញមកពីប្រទេសហិមពាន្ដប៉ែកខាងលិច ហូរមកខាងត្បូង កាត់ដែនគន្ធារៈ ( បញ្ជ័ប ) ឱបប្រទេសឥណ្ឌាពីខាងលិចចូលមកក្នុងមហាសមុទ្រឥណ្ឌាប៉ែកខាងលិច ត្រង់លំហសមុទ្រដែលហៅថា សមុទ្រអូម៉ង់ ( Mer d’Oman ); ពួកអ្នកភូមិសាស្ត្របានប្រើគ្រឿងវាស់ឃើញបណ្ដោយទន្លេនេះ ២.៩០០ គីឡូម៉ែត្រ ( ពាក្យថា ឥណ្ឌូ ឬ ហិណ្ឌូ, ឥណ្ឌា ឬ អ័ងដិ៍ នេះ បានឈ្មោះមកពីទន្លេ សិន្ធុ ឬ ឥណ្ឌុស នេះឯង ) ។ ខ្មែរបុរាណហៅ គូ ឬ ស្រះធំវែង ដែលជីកព័ទ្ធជុំវិញកំពែងបន្ទាយឬវាំងប្រាសាទថា សិន្ទ ឬ សិន្ធ ( សិន ) ដែរ, ដូចយ៉ាង សិន្ធ ព័ទ្ធជុំវិញនរគវត្តជាដើម, សព្វថ្ងៃនេះហៅក្លាយជា កសិណ ឬ ក្រសិណ ។ សិន្ធុបតី ( –ប៉ៈដី ) ម្ចាស់សមុទ្រ; នាមទេវតាជាម្ចាស់សមុទ្រ ( វរុណ ) ។ ល ។
សុរិយោដី
(—រ៉ិយ៉ោ—)
នាមសព្ទ
ព្រះអាទិត្យនិងដី ។ ខ្មែរប្រើដោយសន្មតិជាឈ្មោះក្រុមរាជការមួយក្រុម នៅក្រោមឱវាទក្រសួងកសិកម្ម មានភារៈខាងវាស់ផ្ទៃក្រឡាដី ស្រែចម្ការឬដីភូមិជាដើមក្នុងកម្ពុជរដ្ឋ ព្រមទាំងកាន់កាប់រក្សាទុកនូវឯកសារស្ដីពីរឿងនេះផង
ក្រុមសុរិយោដី ( បារ. Cadastre ) ។