ដោយៈ ប.ខុន / ភ្នំពេញៈ សីតុណ្ហភាពអប្បបរមា ដែលនៅកន្លែងខ្លះ បានចុះដល់រង្វង់កម្រិត ១៦ ឬ ១៩ អង្សាសេ កាលពីចុងសប្តាហ៍ កន្លងទៅនោះ នៅថ្ងៃនេះ (ល្ងាចថ្ងៃទី៧ខែធ្នូ) វាបានចាប់ផ្តើមកើនឡើងមកវិញ ជាលំដាប់។ នេះបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យ រស្មីកម្ពុជា ដឹងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។
អ្នកនាំពាក្យខាងលើ បាននិយាយឱ្យដឹងទៀតថាៈ សីតុណ្ហភាពអប្បបរមា ដែលបានចុះដល់រង្វង់កម្រិត ១៦ អង្សាសេ កន្លងទៅ មាននៅខេត្តមណ្ឌលគិរី រតនគិរី ចុះដល់រង្វង់កម្រិត ១៧ ទៅ ១៨ អង្សាសេ មាននៅតំបន់ភ្នំស្រុកវាលវែង ជួរភ្នំដងរែក ប៉ែលិន និងកន្លែងដទៃទៀត ក្នុងរង្វង់ ២០ អង្សាសេនោះ វានឹងងើបឡើងមកវិញ ដល់រង្វង់ ២០ ទៅ ២៣ អង្សាសេ តែតំបន់ភ្នំពេលយប់ នៅតែត្រជាក់ដដែល។
លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាៈ ស្របពេលជាមួយនឹងសីតុណ្ហភាព អប្បបរមា ងើបឡើងវិញនេះ ផ្ទៃមេឃ ចាប់ផ្តើមមានសភាពអួរអាប់ តែមិនមានភ្លៀង ធ្លាក់ទេ រហូតដល់ចុងសប្តាហ៍ ទើបមានភ្លៀងធ្លាក់មកខ្លះ ដោយកន្លែង ជាពិសេស នៅប៉ែកខាងកើត ទន្លេមេគង្គ ដោយសារឥទ្ធិពល សម្ពាធទាប បានរុញមកពីសមុទ្រចិនខាងត្បូង (កើត) ម្តងហើយម្តងទៀត។
ក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានជូនដំណឹងថា ជ្រលងសម្ពាធខ្ពស់ ពីប្រទេសចិន បានរំកិលចុះមកក្រោម (ត្បូង) ជាលំដាប់ និងរំកិលមកដល់ លើភាគកណ្តាល របស់ប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ជាមួយនឹងខ្យល់មូសុងឦសាន បក់បោកខ្លាំង ធ្វើឱ្យសីតុណ្ហភាព អាចចុះដល់រង្វង់ កម្រិត ១៧ អង្សា នៅតំបន់ជួរភ្នំ និងខ្ពង់រាប។
ធាតុអាកាសចុះត្រជាក់លើកទី១ មានចាប់ពីថ្ងៃទី ៤-៧ ខែធ្នូ ដោយស្ថានភាពធាតុអាកាស ដូចខាងលើ ធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុ ណ្ហភាព អប្បបរមាពី ១៩-២១ អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ អង្សាសេ។
សម្រាប់បណ្តាខេត្ត នៅជាប់ជួរភ្នំដងរែក និង ខ្ពង់រាបភាគឦសាន មានសីតុណ្ហភាព អប្បបរមាពី ១៧-១៩ អង្សាសេ, សីតុណ្ហភាព អតិបរមា មានពី ២៥-២៧ អង្សា សេ។ តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២១-២៣ អង្សាសេ , សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ អង្សា៕/V