ដោយៈ រិទ្ធិសែន / ពោធិសាត់ៈ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យ សួនបន្លែសុវត្ថិភាព របស់កសិករ នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ បន្ទាប់មក បានបន្តដំណើរ ចុះទៅពិនិត្យមើលការចិញ្ចឹមត្រីអណ្ដែង កង្កែប និងការចិញ្ចឹមមាន់ របស់បងប្អូនប្រជាកសិករ នៅភូមិដំណាក់ធ្នង់ ឃុំខ្នារទទឹង ស្រុកបាកាន។
បន្ទាប់មក លោកអភិបាលខេត្ត បានបន្តចុះពិនិត្យ មើលស្ថានភាពទឹក និងការងារបង្កបង្កើនផល ជំហាន២ របស់ប្រជាកសិករ ដែលរស់នៅរ៉បប្រឡាយមេ ដំណាក់អំពិល ស្ថិតក្នុងភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន បន្ទាប់ពីទទួលបានស្រូវពូជ ពីរាជរដ្ឋាភិបាលកម្ពុជា និងបានបន្តចុះពិនិត្យមើល កសិដ្ឋានចិញ្ចឹមមាន់ និងក្រួច របស់ប្រជាកសិករ នៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ។
លោក ម៉ៅ ធនិន បានជម្រុញ និងលើកទឹកចិត្ត ដល់ប្រជាកសិករ ត្រូវខិតខំបន្ត បង្កបង្កើនផលឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងតម្រូវការលក់ លើទីផ្សារក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលបន្លែ ពីខាងក្រៅ ហើយក៏ដើម្បីសុខភាពរបស់ ប្រជាពលរដ្ឋ ទាំងអស់គ្នា ហើយពិសេស គឺក្នុងកាលៈទេសៈ នៃការរីករាលដាល ជំងឺកូវីដ១៩ ៕/V