ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់យោ បល់សម្រាប់អ្នកមានអាទិភាពទទួលបានវ៉ាក់សាំងកូវីដ១៩ដំបូងគេសម្រាប់មនុស្ស៥០ម៉ឹននាក់ ។ សម្រាប់សម្តេចតេជោ ហ៊ុន សែន អ្នកមានអាទិភាពមុនគេគឺក្រុមគ្រូពេទ្យជួរមុខ,បន្ទាប់មកគ្រូបង្រៀន,កម្លាំងប្រដាប់អាវុធ,អនុរក្សពន្ធនាគា និង នគរបាលយុត្តិធ៌ម ។
នៅក្នុងសារជាសម្លេងនៅយប់ថ្ងៃទី ៧ ខែ ធ្នូ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថារាជរដ្ឋាភិបាលបានសម្រេចទិញវ៉ាក់សាំងចំនួន ១ លានដូស ។ ប៉ុន្តែយើងមិនទាន់ដឹងថាត្រូវទិញនៅប្រទេសណានៅឡើយចាំបាច់ត្រូវតែធ្វើការពិភាក្សាហើយនិងស្វះស្វែងរកជំនួយបន្ថែមទៀត។
សម្តេចតេជោបានបញ្ចាក់ថា៖«ឥឡូវនេះមួយលានដូសនេះយើងចាក់បានត្រឹមតែ៥០ ម៉ឺននាក់ប៉ុណ្ណោះ ដូចនេះត្រូវតែផ្ដល់អាទិភាពទៅឲ្យអ្នកណាដែលត្រូវបាន មុនដែលខ្ញុំគ្រាន់តែលើកជាយោបល់នៅក្នុង១លានដូសនេះអ្នកដែលបានមុនគេគឺគ្រូពេទ្យដែលជាអ្នកត្រូវបានមុនគេព្រោះអ្នកទាំងហ្នឹងជាអ្នកដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ជួរមុខ,បន្ទាត់ទៅគឺយើងត្រូវផ្ដល់ឲ្យគ្រូបង្រៀនរបស់យើងដែលមានប្រមាណ១២ ម៉ឺននាក់ឬ ១៣ម៉ឺននាក់ទៅឲ្យកម្លាំងប្រដាប់អាវុធរួមមាន កងទ័ព អាវុធហត្ថ និង នគរបាល មន្ត្រីពន្ធនាគារ ជាដើមដែលអ្នកទាំងនោះត្រូវប្រឈមនឹងហានិភ័យខ្ពស់នៅពេលដែលយើងត្រូវប្រើកម្លាំងធ្វើអន្តរាគមន៍នានាគឺយើងត្រូវ ប្រើកម្លាំងប្រដាប់អាវុធទាំងនេះ ដូច្នេះប្រសិនជាពួកអ្នកទាំងនេះមិនបានចាក់វ៉ាក់សាំងទេគេប្រាកដជាប្រឈមនឹងគ្រោះថ្នាក់ »។
សម្តេចតេជោបន្តឲ្យដឹងថាបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធយើងក៏ត្រូវគិតគូរទៅដល់នគរបាលយុត្តិធ៌ម ដែលមានមេព្រៃ ជលផល បរិស្ថាន និងនគរបាលយុត្តិធ៌ម នៅផ្នែកជ្សេងៗទៀត ដែលមានបេសកកម្មចាំបាច់ ក្នុងនោះក៏អាចមានមន្ត្រីតុលាការដែលមានព្រះរាជអាជ្ញា ចៅក្រម និង ក្រុមមេធាវី ដែលត្រូវដំណើរការសាលា ក្តី កាត់ក្តីផងដែរ ។
សម្តេចតេជោ ហ៊ុន សែនបានបន្តថាបើគិតត្រួសៗអំពីចំនួននេះយើងអស់ប្រហែលជា៤០ម៉ឹននាក់ដូច្នេះនៅសល់ប្រហែលជាខ្ទង់ដប់ម៉ឺននាក់ទៀតយើងនឹងពិនិត្យ មើលទៅតាមការជាក់ស្ដែងទុកឲ្យក្រសួងជាអ្នកសម្រេច ។ តាមសម្តេច១០ម៉ឺននាក់ដែលនៅសល់នេះគឺអាចសំដៅទៅដល់អ្នកដែលមានហានិភ័យខ្ពស់គឺមនុស្ស ចាស់ ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថាសម្រាប់ដំណាក់កាលទី២ត្រូវសុំជំនួយសម្រាប់ការទិញវ៉ាក់សាំងបន្ថែមយើងនឹងគិតតទៅទៀតថាតើត្រូវចាក់នៅតំបន់ណា មុនតំបន់ណាក្រោយដូចជានិស្សិតដែលរៀននៅតាមមហាវិទ្យា ល័យរដ្ឋនិងឯកជន,អ្នករៀននៅតាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈឬក៏ឆ្ពោះទៅរកកម្មករសំណង់ និងកម្មករដទៃទៀតនៅតាមទីក្រុងទីប្រជុំជនដែលអាចទទួលបានជាបន្តបន្ទាប់ថែមទៀត ។
សម្តេចតេជោបន្តថាប្រសិនជាត្រូវចាក់ទាំងមនុស្សចាស់និងកូនក្មេងគឺយើងត្រូវការវ៉ាក់សាំងសម្រាប់មនុស្ស ១៦ លាននាក់។សម្តេចបន្តថាមើលព័ត៌មានខ្លះថាកូន ក្មេងពិបាកនឹងទទួលយកនូវវ៉ាក់សាំងនេះ, បើតាមការប៉ាន់ស្មានរបស់សម្តេចសម្រាប់អ្នកដែលគ្រប់អាយុត្រូវទទួលវ៉ាក់សាំងបានមានប្រហែល ១០ លាននាក់។ អញ្ចឹងយើងត្រូវការចំណាយថវិកាទាំងនេះយើងត្រូវពិនិត្យអោយបានហ្មត់ចត់ចំពោះដំណើរដែលយើងត្រូវតែមុខជាមួយគ្នានេះជារឿងចាំបាច់ដែលយើងត្រូវពិភាក្សាគ្នាដោះស្រាយករណីវ៉ាក់សាំងនេះ។
សម្តេចតេជោបានឲ្យដឹងទៀតថា៖ជាមួយការបញញចាទិញវ៉ាក់សាំងនេះយើងក៏ត្រូវការសាងសង់ឃ្លាំងស្តុកវ៉ាក់សាំងដែលឃ្លាំងនោះត្រូវមានសីតុណ្ហភាពដក៨០ អង្សាសេក្រោមសូន្យក៏ប៉ុន្តែក៏មាន ៤0 អង្សាឬ ៣0 អង្សាសេឬក៏ប៉ុន្មានអង្សាសេប៉ុន្តែកម្រិតអប្បបរិមាបានដល់ទៅដក៨0អង្សាសេក្រោមសូន្យ។អញ្ចឹងកន្លែងស្តុក វាមិនពិបាកពេកទេព្រោះទម្រាំដល់ការបញ្ជាទិញនិងវ៉ាក់សាំងមកដល់គឺវាល្មមស៊ីសង្វាក់គ្នា។ដូច្នេះចំណុចនេះគឺជាចំណុចដែលសុំយកចិត្តទុកដាក់ក្នុងការពិភាក្សាឥឡូវសូមសម្រេចអាទិភាពដំបូងបំផុតគឺ ៥០ ម៉ឺននេះត្រូវបានអ្នកណាខ្លះដែលខ្ញុំបានផ្ដល់យោបល់បែបនេះសុំឲ្យពិភាក្សាគ្នាបន្ថែម ៕