ដោយៈ ម៉េងឆៃ/ ភ្នំពេញៈ តាំងពីព្រឹកព្រលឹម ថ្ងៃទី៧ ខែធ្នូ មន្ត្រីរាជការក្រសួងមហាផ្ទៃ បានតម្រង់ជួរដើម្បីចូលធ្វើតេស្តម្តងម្នាក់ៗ។ នេះជាលើកទី២ហើយដែលមន្ត្រីរាជការក្រសួងមហាផ្ទៃសរុប ១.៥៤៤នាក់ ដែលបានធ្វើតេស្តយកសំណាក លើកទី១ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
ចំណែកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាផ្សេងទៀត នឹងត្រូវធ្វើតេស្តលើកទី២ នៅរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី៨ ខែធ្នូ នៅ ៥ ទីកន្លែង ដែលក្រសួងសុខាភិបាល បានកំណត់ រួមមាន ១-ផ្ទះសម្តេច ហេង សំរិន ,២-ផ្ទះសម្តេចក្រឡាហោម ស ខេង, ៣-រដ្ឋសភា ,៤-ទីតាំងអង្គភាពភីឡត បន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ និង៥-ពហុកីឡដ្ឋានជាតិអូឡាំពិក ( សម្រាប់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល )។
ក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃចន្ទ ទី៧ ខែធ្នូថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបទាំងអស់ បានចំនួន ១១៣០៥ នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី សរុបចំនួន ៣២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងនៅមណ្ឌលសុខភាពចាក់អង្រែ។
យើងងាកទៅមើលដំណើរការធ្វើតេស្ត លើកទី២ នៅទីស្តីការក្រសួងមហាផ្ទៃ រយៈពេលពេញមួយថ្ងៃនេះវិញ។ នោះគឺតាមតាមរូបភាព ដែលគេផ្សព្វផ្សាយ បង្ហាញថា មន្ត្រីរាជការយើង អ្នកទៅធ្វើតេស្ត ថ្វីត្បីតតែបានតម្រង់ជួរយ៉ាងមានរបៀបមែន ហើយក៏បានពាក់ម៉ាសគ្រប់គ្នាក៏ដោយ ប៉ុន្តែហាក់ដូចជាពពាក់ពពួន ប្រជ្រៀតគ្នា តាំងពីក្រោមដល់លើកន្លែងធ្វើតេស្ត។
ការប្រជ្រៀតគ្នា ចូលធ្វើតេស្តនេះ ត្រូវបានគេប្រដូចថា ពួកគាត់ មកកាត់ស្តុកកូវីដយកទៅចែកចាយបន្តដល់ក្រុមអ្នកផ្សេងទៀត និងដល់អ្នកផ្ទះ។
ការប្រជ្រៀតគ្នាចូលធ្វើតេស្តនេះ អាចមកពីចំនួនមន្ត្រីរាជការនៅក្រសួងមហាផ្ទៃច្រើនពេក ដែលត្រូវធ្វើតេស្តលើកទី២ រហូតដល់ជាង ១.៥០០នាក់ ហើយចំនួនក្រុមគ្រូពេទ្យ មិនគ្រប់ចំនួន ដើម្បីយកសំណាកពីពួកគាត់ម្នាក់ម្តងៗ។ ម្យ៉ាង អាចតម្រង់ជួរ ចាំយួរពេក មេឃក្តៅផង ហើយឃ្លានបាយទៀត។ ដូច្នេះពួកគាត់ លែងគិតពីគម្លាតពីគ្នាអ្វីទៀតហើយ។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ រូបភាពប្រជ្រៀតគ្នាចូលធ្វើតេស្តនេះ អាចបង្ហាញពីការមិនយកចិត្តទុកដាក់របស់បុគ្គលម្នាក់ៗ ក្នុងការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ រូបភាពប្រជ្រៀតគ្នានេះ ក៏យើងអាចប៉ាន់ស្មានថា ការធ្វើចត្តាឡីស័ករបស់ពួកគាត់ នៅតាមផ្ទះរៀងៗខ្លួន ក៏ប្រហែលជាមិនបានល្អដូចគ្នាដែរ។
ដូច្នេះសម្រាប់ការធ្វើតេស្ត លើកទី២ នៅថ្ងៃទី៨ ខែធ្នូស្អែកនេះ នៅ ៥ ទីកន្លែង ដែលក្រសួងសុខាភិបាល នៅភ្នំពេញ ពិសេសនៅស្តាតអូឡាំពិក នឹងមិនមានរូបភាពឈរប្រជ្រៀតគ្នា ដូចនៅក្រសួងមហាផ្ទៃទៀតទេ។ នៅតាមបណ្តាខេត្តនានា ដែលពាក់ព័ន្ធ ហើយត្រូវធ្វើតេស្តរកមេរោគកូវីដ ក៏ត្រូវតែរៀបចំឲ្យមានរបៀបរៀបរយ និងរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា តាមវិធានសុខាភិបាលឲ្យបានត្រឹមត្រូវ ព្រោះថា បើសិនជាអ្នកណាម្នាក់ ក្នុងចំណោមអ្នកមកធ្វើតេស្តលើកនេះ មានវិជ្ជមានវីរុសកូវីដ១៩ នោះច្បាស់ណាស់ថា ការជួបជុំធ្វើតេស្តនេះ នឹងក្លាយជាការចម្លង ចែកចាយកូវីដ ដូចពាក្យគេលើកឡើងជាមិនខានឡើយ៕