ដោយៈប.ខុន/ភ្នំពេញៈ ប្រធានមន្ទីរធនធានទឹកនិងឧតនិយមខេត្តតាកែវ លោក ប៊ុន ហួ បានប្រាប់ឱ្យរស្មីកម្ពុជាឱ្យដឹង នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ថា ផ្ទៃដីដាំដុះស្រូវប្រាំងនៅក្នុងខេត្តតាកែវ អាចនឹងកើនឡើងមួយម៉ឺន ហិកតាថែមទៀតជាផ្លូវការ នៅពេលពីគម្រោងអភិវឌ្ឍន៍ប្រឡាយលេខ៨៩ បានធ្វើរួច ។
លោកប៊ុន ហួ និយាយឱ្យដឹងទៀតថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ លេខ៨៩នេះ បានសិក្សារួចរាល់ហើយនៅរង់ចាំតែការយល់ព្រមពីដៃគូអភិវឌ្ឍន៍ ប៉ុណ្ណោះ ។ គម្រោងនេះមួយផ្នែកទាញយកទឹកជោរនាចពីព្រំដែនមកប្រើប្រាស់ និងមួយផ្នែកទៀតជាទឹកភ្លៀងភ្ជាប់មកពីប្រព័ន្ធផ្សេងៗ។
ប្រធានមន្ទីរខាងលើបញ្ជាក់ថា គម្រោងជីកស្តារប្រឡាយនេះរួច ផ្ទៃដីបង្ក បង្កើនផលស្រូវប្រាំងអាចកើនឡើងជាផ្លូវការមួយម៉ឺនហិកតាទៀត ដោយនៅក្នុងពេលនេះខេត្តតាកែវ ជាខេត្តផលិតស្រូវប្រាំងច្រើនជាងគេ គឺ៨ម៉ឺនហិកតាជាផ្លូវការ តែជាក់ស្តែងកសិករធ្វើបានរហូតដល់ពី១០ទៅ១១ម៉ឺនហិកតារួចទៅហើយនៅលើផ្ទៃដីដដែលនោះ។
លោកប៊ុន ហួនិយាយឱ្យដឹងទៀតថាការដាំដុះស្រូវ ប្រាំងដែលមានការយឺត យ៉ាវជាងឆ្នាំមុនដល់រយៈពេលមួយខែដោយសារភ្លៀងធ្លាក់ច្រើននៅចុងរដូវនោះ ពេលនេះអនុវត្តបានប្រមាណ៥០ភាគរយនៃផែនការ៨ម៉ឺនហិកតានោះហើយ។ ស្រូវប្រាំងដែលកសិករនិយមដាំដុះនៅក្នុងខេត្តតាកែវ គឺពូជណាំខុងបូង ដោយក្នុង ១ហិកតាទទួលបានផល៥តោន។
ប្រឡាយលេខ៨៩ដែលក្រសួងធនធានទឹកនិងឧតុនិយម គ្រោងស្តារឡើងវិញនេះ លោក ប៊ុន ហួ និយាយថាបានជីកស្តារនៅក្នុងអំឡុងពីឆ្នាំ១៩៩០ ដល់ឆ្នាំ ១៩៩៥ ដែលពេលនេះទ្រុឌទ្រមខ្លាំងណាស់ទៅហើយ។
តាមតារាងល្បឿនបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២០-២០២១ ដែលកត់ត្រា និងតាមដានរបស់ក្រសួងធនធានទឹក និងឧតុនិយមបង្ហាញថា ឆ្នាំ២០២០ – ២០២១ នេះនៅទូទាំងប្រទេសមានផែនការធ្វើស្រូវប្រាំងប្រមាណជា៤៤ម៉ឺនហិកតា នៅ ក្នុងរាជធានីខេត្តចំនួន២១ ដែលក្នុងនេះនៅខេត្តតាកែវចំនួន៨០.០០០ហិកតា, ព្រៃវែង ៧៥.០០០ហិកតា, កណ្តាល៥៥.០០០ហិកតា, កំពង់ចាម៤២.០០០ហិកតា, កំពង់ធំ៤០.០០០ហិកតា , កំពង់ឆ្នាំង២៩.៥០០ហិកតា, សៀមរាប ២២.៥៨៥ហិកតា, បន្ទាយមានជ័យ ២២.០០០ហិកតា, ក្រចេះ ១៤.០០០ ហិកតា , ស្វាយរៀង ២០.៥០០ហិកតា, ត្បូងឃ្មុំ១២.២៤០ហិកតា និងបាត់ដំបង១០.៥០០ហិកតា ។ រីឯ ខេត្តពោធិសាត់ដែលមានប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយច្រើនជាងគេមានផែនការផលិតស្រូវប្រាំង តែ ៩.៥០០ហិកតាទេ ខេត្តក្រៅពីនេះគឺត្រឹមខ្ទង់ពាន់ហិកតាប៉ុណ្ណោះ៕