ប្រែសម្រួលៈវាសនា/ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក(WHO)បាននិយាយកាលពីថ្ងៃចន្ទទី០៧ធ្នូថា ការព្យាយាមពន្យល់អោយប្រជាជនយល់ដឹងអំពីគុណប្រយោជន៍នៃវ៉ាក់សាំងប្រឆាំងកូវីដ១៩ នឹងមានប្រសិទ្ធភាពឆ្ងាយជាងការព្យាយាមធ្វើអោយការចាក់វ៉ាក់សាំងនេះក្លាយជាអ្វីតំរូវដោយច្បាប់។
ទោះជាយ៉ាងណា អង្គការWHOបាននិយាយថា វាជាការសំរេចចិត្តនិងការទទួលខុសត្រូវរបស់សាមីប្រទេស អំពីថាតើពួកគេនឹងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ដោយរបៀបណា។តែទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ នៅតែនិយាយថាការតំរូវដោយច្បាប់ថាត្រូវតែចាក់វ៉ាក់សាំងកូវីដ១៩គឺជាផ្លូវដើរខុសឆ្គងមួយ។អង្គការនេះបានបន្ថែមថា មានឧទាហរណ៍កាលពីអតីតកាល ការចាប់បង្ខំអោយចាក់វ៉ាក់សាំងបាននាំមកប្រតិកម្ម គឺការប្រឆាំងជំទាស់កាន់តែខ្លាំងឡើង។
កេត អូប្រាយអ៊ឹន នាយកនៃនាយកដ្ឋានវ៉ាក់សាំងរបស់WHO បានប្រាប់សន្និសីទកាសែតមួយថា «ខ្ញុំអត់គិតថា ការតំរូវដោយច្បាប់ក្នុងការធ្វើដូច្នេះជាទិសដៅត្រូវអនុវត្តនៅទីនេះទេ។ជាការល្អ ត្រូវមានការលើកទឹកចិត្តនិងជួយសម្រួលអោយមានការប្រើវា ជាជាងការចាប់បង្ខំ»។
ចំណែកលោក ម៉ៃឃើល រ៉ាយអ៊ឹន នាយកគ្រាអាសន្នរបស់WHOបាននិយាយថា «វ៉ាក់សាំងនេះជារឿងព័ត៌មានល្អមួយ។វាជាជោគជ័យនៃកិច្ចខិតខំរបស់មនុស្សលោកលើសត្រូវមេរោគ។យើងត្រូវណែនាំពន្យល់ និងអាចថាបញ្ចុះបញ្ចូលអោយពួកគេប្រើ»។
ចំពោះការចាប់បង្ខំអោយប្រជាជនប្រើវា «ខ្ញុំគិតថា យើងទាំងអស់គ្នានៅក្នុងវិស័យសុខាភិបាលសាធារណៈ គួរជៀសវាង។យកល្អយើងបង្ហាញទិន្នន័យនិងផលប្រយោជន៍អំពីការចាក់វ៉ាក់សាំងនិងទុកអោយប្រជាជនសំរេចចិត្តរបស់គេផ្ទាល់…»។
យោងតាមការត្រួតពិនិត្យរបស់WHO ពិភពលោកសព្វថ្ងៃមានបេក្ខជនវ៉ាក់សាំងផ្សេងៗគ្នាច្រើន ដោយ៥១ប្រភេទកំពុងសាកល្បងលើមនុស្សផ្ទាល់និង១៣កំពុងស្ថិតក្នុងដំណាក់កាលពិសោធន៍ចុងក្រោយឬកំពុងផលិតចេញដើម្បីការប្រើប្រាស់ទូទៅ៕