ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖រដ្ឋបាលត្រាំកាលពីថ្ងៃចន្ទទី៧ធ្នូបានអនុម័តការលក់អាវុធទ្រង់ទ្រាយធំថ្មីទៅអោយកោះតៃវ៉ាន់និងដាក់ទណ្ឌកម្មថ្មីទៅលើក្រុមមន្ត្រីចិនជុំវិញអ្វីដែលខ្លួនអះអាងថាជាការបង្ក្រាបអ្នកតស៊ូមតិគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង។
វិធានការនេះប្រាកដណាស់នឹងនាំឱ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លាពីចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាខេត្តផ្តាច់ខ្លួន និងច្រានចោលវិធានការនានាដែលទាក់ទងនឹងហុងកុងថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
ក្រសួងការបរទេសអាម៉េរិកនិយាយថា ខ្លួនបានយល់ព្រមលើការលក់ឧបករណ៍ទំនាក់ទំនងយោធាទំនើបៗតម្លៃ ២៨០ លានដុល្លារឱ្យទៅកោះតៃវ៉ាន់ ។ មុននេះ ក្រសួងនិយាយថាខ្លួនបានដាក់ទណ្ឌកម្មលើសមាជិក១៤ នាក់នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាចិនខណៈដែលរដ្ឋបាលត្រាំបង្កើនវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសចិន នៅពេលដែលអាណត្តិខ្លួនកាន់តែហោចទៅៗ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងនិយាយថា ខ្លួនបានយល់ព្រមលើការលក់ឧបករណ៍ទំនាក់ទំនងដើម្បី “ជួយធ្វើឱ្យប្រសើរឡើងនូវសន្តិសុខរបស់អ្នកទទួលនិងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា តុល្យភាពសេដ្ឋកិច្ចនិងវឌ្ឍនភាពនៅក្នុងតំបន់” និង”រួមចំណែកដល់គោលដៅរបស់អ្នកទទួលដើម្បីធ្វើទំនើបកម្មសមត្ថភាពទំនាក់ទំនងយោធារបស់ខ្លួនក្នុងការគាំទ្របេសកកម្មនិងតម្រូវការប្រតិបត្តិការរបស់ពួកគេ”។
ការអនុម័តនេះគ្រាន់តែជាជំហានចុងក្រោយបង្អស់មួយចំនួនប៉ុណ្ណោះ ដែលរដ្ឋបាលត្រាំធ្វើឡើងដើម្បីជំរុញការការពាររបស់តៃវ៉ាន់ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ។
ទន្ទឹមនេះដែរ កាលពីថ្ងៃចន្ទក្រសួងការបរទេសនិងក្រសួងរតនាគារអាម៉េរិកបាននិយាយថា ពួកគេកំពុងធ្វើសកម្មភាពប្រឆាំងនឹងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ១៤នាក់ដោយបង្កកទ្រព្យសម្បត្តិទាំងឡាយដែលពួកគេអាចមាននៅក្នុងដែនសមត្ថកិច្ចរបស់សហរដ្ឋអាម៉េរិកនិងរារាំងពួកគេនិងក្រុមគ្រួសាររបស់ពួកគេពីការធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក៕