Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ក្រឡុក...

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មិនគោរព​ភ្លើង​ស្តុក​បុក​ម៉ូតូ​អូស​ជាង​១០​ម៉ែត្រ កិន​យុវជន​ម្នាក់​ធ្លាយ​ពោះ​ស្លាប់​

ដោយ​:​សម្បត្តិ​/​ភ្នំពេញ​: រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន កែ​អេង​ខន​គ្រី​ត មួយគ្រឿង​មិន​គោរព​ភ្លើង​ស្តុក បាន​បើក​បុក​ម៉ូតូ​អូស​ជាង​១០​ម៉ែត្រ កិន​យុវជន​ម្នាក់​ធ្លាយ​ពោះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ទាំង​ព្រឹក នៅ​ចំណុច​ស្តុក​ចំការមន តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​នឹង​ផ្លូវ​សម្តេច​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ។

​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ សុផាត ពិសិដ្ឋ អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង ជិះ​ម៉ូតូ​ហុក​ដា​ឌ្រី​ម សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1E-7799​។ ចំណែក​អ្នកបើករថយន្ត​បង្ក មានឈ្មោះ ស ហម អាយុ​៣៦​ឆ្នាំ មាន​ស្រុកកំណើត​ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង បើករថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ពាក់​ស្លាក​លេខ 5A-3109 របស់​ក្រុមហ៊ុន កែ​អេង​ខន​គ្រី​ត ។​

​ប្រភពព័ត៌មាន​ពី​ប៉ូលីស​ចរាចរណ៍​ប្រចាំ​គោលដៅ​ស្តុ​ប​ចំការមន​បានឱ្យដឹងថា ជនរងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​លិចទៅ​កើត ខណៈ​ដល់​ចំណុចកណ្តាល​ស្តុ​ប​ចំការមន ស្រាប់តែ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ក្រុមហ៊ុន កែ​អេង​ខន​គ្រី​ត មិន​គោរព​ភ្លើងស្តុប​ក្រហម បាន​បើក​បន្ថែម​ល្បឿន​ពី​កើ​តទៅ​លិច​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង អូស​ប្រមាណ​ជិត​២០​ម៉ែត្រ ទៅ​ត្បូង​កិន​យុវជន​រងគ្រោះ​ចំពាក់​កណ្តាល​ខ្លួន បណ្តាលឱ្យ​ធ្លាយ​ពោះវៀន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម​។
​បន្ទាប់ពី​បង្កហេតុ​បណ្តាលឱ្យ​មនុស្ស​ស្លាប់ តៃកុង​រថយន្ត​ក៏​ត្រូវបាន​សមត្ថកិច្ច​គោលដៅ​ដែល​កំពុង​សម្រួល​ចរាចរណ៍ ឃាត់ខ្លួន​បាន​ភ្លាមៗ​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលទ​ន្លេ​បាសាក់​ផងដែរ ។

​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង យក​សាកសព​ទៅ​រក្សាទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ទំនាក់ទំនង​ក្រុមគ្រួសារ​សាច់ញាតិ ចំណែក​វត្ថុតាង​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕​

អ្នកបើកបររថយន្ត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular