Home ព័ត៌មានជាតិ នយោបាយ ប្រមុខការទូតក...

ប្រមុខការទូតកម្ពុជា : ស្ត្រី និងក្មេងស្រី មានអំណាចក្នុងការផ្លាស់ប្តូរ និងជំរុញការអភិវឌ្ឍប្រកបដោយវិជ្ជមាន

ដោយ:មុនីរ័ត្ន/ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការ អន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្តរបស់កម្ពុជា ក្នុងការបង្កើននូវការជ្រើសរើសស្ត្រីឱ្យចូលបម្រើ ការងារ បង្កើតបរិយាកាសអំណោយផលសម្រាប់ស្ត្រី ដើម្បីឈានសម្រេចបាននូវសក្តានុពលពេញ លេញរបស់ ពួកគេ និងពង្រីកការចូលរួមរបស់ពួកគេនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងដំណើរការកសាង សន្តិភាព ជុំវិញពិភពលោក។

ស្ត្រី និងក្មេងស្រី មានអំណាចក្នុងការផ្លាស់ប្តូរ និងជំរុញការអភិវឌ្ប្រកបដោយវិជ្ជមាន។ ពួកគេអាចចូលរួម ចំណែកជួយកសាងសង្គមប្រកបដោយភាពត្រឹមត្រូវ បរិយាប័ន្នវិបុលភាព និងសន្តិភាព។ ទោះបីជាយ៉ាងណាក៏ ដោយ ផ្នត់គំនិតអំពីសក្តានុពលនិងការពាក់ព័ន្ធរបស់ស្ត្រី និងក្មេងស្រី នៅតែ បន្តកើតមាន ជាពិសេស ក្នុង វិស័យកសាងសន្តិភាព និងសន្តិសុខ។

ការបញ្ជាក់នេះ ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល» កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ពីអតីតកាលដ៏មហាសោកនាដកម្ម កម្ពុជាបានមើលឃើញពីថាមពល និង ភាព រឹងមាំរបស់ស្ត្រី ក្នុងការកសាងសង្គមជាតិរបស់យើងឡើងវិញ ព្រមទាំងបង្កើតបរិយាកាសសន្តិភាព និង សន្តិសុខ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិ។ ហេតុដូច្នេះ កម្ពុជា សូមសម្តែងការស្វាគមន៍ ចំពោះសេចក្តីសម្រេចចិត្តរបស់អង្គការ សហប្រជាជាតិស្តីពីស្ត្រី សន្តិភាព និង សន្តិសុខ នៅក្នុងការកសាង និងការទ្រទ្រង់សន្តិភាព ក៏ដូចជាផែនការសកម្មភាពទាំង៧ចំណុចរបស់ អគ្គលេខា ធិការអង្គការសហប្រជាជាតិស្តីពីការកសាងសន្តិភា ពឆ្លើយតបនឹងយេនឌ័រ។

ប្រមុខការទូតកម្ពុជាបន្តទៀតថា សមភាពយេនឌ័រ គឺជាតម្លៃស្នូលមួយក្នុងចំណោមតម្លៃស្នូលជាច្រើនទៀត ដែលបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានបញ្ជ្រាបទៅក្នុងយុទ្ធសាស្ត្រ និងគោលនយោបាយ អភិវឌ្ឍន៍ជាតិរបស់យើងនៅគ្រប់កម្រិត។ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន មន្ត្រីរាជការជាស្ត្រីមានចំនួន៤១ភាគរយក្នុងចំណោមមន្ត្រីរាជការសរុបទាំងអស់ ក្នុងឆ្នាំ២០២០ ហើយតួលេខ នេះកំពុងតែកើនឡើងក្នុងតួនាទីជាអ្នកដឹកនាំ និងក្នុងមុខតំណែងជាអ្នកធ្វើសេចក្តីសម្រេចចិត្ត។ ស្ត្រីកម្ពុជា បច្ចុប្បន្នបានទទួលនូវការគាំទ្រ និងការគាំពារសង្គមកាន់តែប្រសើរឡើង តាមរយៈការជំរុញឱ្យទទួល បានការ ថែរក្សាសុខភាព ការការពារផ្នែកច្បាប់ និងយុត្តិធម៌ប្រឆាំងនឹងអំពើហិង្សា ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ ចផ្លូវភេទ ហើយធនធានសេដ្ឋកិច្ច ដូចជា តាមរយៈការពង្រីកឥណទានសម្រាប់សហគ្រាសធុនតូចបំផុត តូច និងមធ្យម ដែលមានចំនួន៦១ភាគរយ គ្រប់គ្រងដោយស្ត្រី។

ការចូលរួមរបស់ស្ត្រីក្នុងការថែរក្សាសន្តិភាព គឺជាជ្រុងមួយផ្សេងទៀតនៃការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការ លើក កម្ពស់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីតាមរយៈការលើកតម្កើងតួនាទីរបស់ស្ត្រីនៅក្នុងការកសាងពិភពលោកមួយប្រកបដោយសន្តិភាព។

ចាប់តាំងពីឆ្នាំ២០០៦  កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពជាស្ត្រីចំនួន៤១៩នាក់ ក្នុងចំណោមកងរក្សា សន្តិភាព សរុប ចំនួន .១២៣ នាក់ ទៅកាន់បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិនៅក្នុង ប្រទេស ចំនួន ៩។ ឆ្នាំនេះ ស្ត្រីចំនួន៩២នាក់ ក្នុងចំណោមកងរក្សាសន្តិភាពកម្ពុជាចំនួន៧៨១នាក់ កំពុងបំពេញ បេសកកម្មថែរក្សាសន្តិភាពនៅប្រាំប្រទេស។ បច្ចុប្បន្នកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន បន្ទាប់ពី ប្រទេសឥណ្ឌូនេស៊ី និងជាប់ចំណាត់ថ្នាក់លេខ១៧ក្នុងពិភពលោក ដែលបានបញ្ជូនកងទ័ពជាស្ត្រីចូលរួម ប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោកបន្តថាលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ១៣២៥និងលេខ១៨៨៩ក៏ដូចជាការអនុវត្តតាមរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីរបៀបវារៈស្ត្រីសន្តិភាព និងសន្តិសុខ ខ្ញុំជឿជាក់ថា រដ្ឋសមាជិកគួរតែ៖

.យកចិត្តទុកដាក់ឱ្យបានដិតដល់ចំពោះស្ថានភាពរបស់ស្ត្រីនិងក្មេងស្រីដែលប្រឈមនឹងការកើនឡើងនូវអំពើហិង្សា និងសេចក្តីលំបាកវេទនាផ្នែកសេដ្ឋកិច្ចដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩។

. ជំរុញការទទួលស្គាល់ស្ត្រី ដែលជាឆ្អឹងខ្នងនៃសង្គមនិងកម្លាំងដែលមិនអាចខ្វះបានសម្រាប់ការរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

.ពង្រឹងបទដ្ឋានអន្តរជាតិដែលអាចឱ្យស្ត្រីអនុវត្តសិទ្ធិដោយស្មើភាពនិងការចូលរួមយ៉ាងសកម្មក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ និងបញ្ជ្រាបបទដ្ឋានទាំងនោះនៅថ្នាក់ជាតិ។

.បង្កើនកិច្ចប្រឹងប្រែងក្នុងការលុបបំបាត់ការរើសអើងផ្អែកលើយេនឌ័រនិងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការសម្រេចផ្នែកគោលនយោបាយ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular