ប្រែសម្រួល : កញ្ញាដាលីស/ ៖ ក្រុមហ៊ុនផលិតឱសថឥណ្ឌាចំនួនពីររួមទាំងក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតលើពិភពលោក កាលពីថ្ងៃចន្ទទី៧ធ្នូបានស្វែងរកការអនុម័តយ៉ាងឆាប់រហ័សសម្រាប់វ៉ាក់សាំងការពារវីរុសកូរ៉ូណានៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទី ២ នៅលើពិភពលោក។
ប្រទេស ដែលមានប្រជាជនចំនួន ១,៣ ពាន់លាននាក់នេះគឺជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេទី២ផងដែរនៅលើពិភពលោកដោយសារជំងឺរាតត្បាតបន្ទាប់ពីសហរដ្ឋអាម៉េរិក និងកត់ត្រាការឆ្លងជិត ៩,៧ លាននាក់និងអ្នកស្លាប់ជាង ១៤០.០០០ នាក់។
នាយកប្រតិបត្តិវិទ្យាស្ថានសេរ៉ាំនៃប្រទេសឥណ្ឌាលោក អាដា ពូណាវ៉ាល់ឡា និយាយថា ការយល់ព្រមសម្រាប់ការចែកចាយវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca /Oxfordដែលក្នុងនោះក្រុមហ៊ុនកំពុងផលិតវ៉ាក់សាំង ៥០-៦០ លានដូសក្នុងមួយខែរួចទៅហើយនោះ “នឹងជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់” ។
លោកពូណាវ៉ាល់ឡានិយាយកាលពីខែមុនថា ដូសនីមួយៗនឹងត្រូវលក់ឱ្យទៅរដ្ឋាភិបាលឥណ្ឌាក្នុងតម្លៃប្រហែល ២៥០ រូពី (៣ ដុល្លារ)។
លោកពូណាវ៉ាល់ឡាបានបន្ថែមទៀតថា “ដូចដែលបានសន្យាចឹង មុនដំណាច់ឆ្នាំ ២០២០ វិទ្យាស្ថានសេរ៉ាំបានដាក់ពាក្យស្នើសុំការអនុញ្ញាតឱ្យប្រើជាបន្ទាន់សម្រាប់វ៉ាក់សាំងផលិតនៅឥណ្ឌាទីមួយឈ្មោះ PAISHIELD”។
សារព័ត៌មាន Press Trust of India និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដទៃទៀតបានរាយការណ៍ថា ក្រុមហ៊ុន Bharat Biotechកាលពីថ្ងៃចន្ទក៏បានដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើជាបន្ទាន់សម្រាប់វ៉ាក់សាំងដែលបង្កើតដោយខ្លួនឯងផងដែរ។
សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនឱសថ Pfizer ដ៏ធំរបស់អាម៉េរិកនិងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់កាលពីសប្តាហ៍មុនបានស្វែងរកការយល់ព្រមសម្រាប់វ៉ាក់សាំងកូវីដរបស់ខ្លួន។
វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca អាចរក្សាទុកនៅសីតុណ្ហភាពនៃទូទឹកកកធម្មតា ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ត្រូវរក្សាទុកនៅសីតុណ្ហភាពដក ៧០ អង្សាសេ។
រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌាលោកហាស វ៉ាដាន បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកកាលពីខែមុនថា អ្នកដំបូងគេដែលនឹងទទួលបានវ៉ាក់សាំងគឺបុគ្គលិកសុខាភិបាល បុគ្គលិកជួរមុខផ្សេងទៀតរួមមានប៉ូលិស កងអាវុធហត្ថ និង អ្នកដែលធ្វើការងារផ្នែកអនាម័យក៏ដូចជាមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ៕
ឥណ្ឌាកត់ត្រាការឆ្លងជិត ៩,៧ លាននាក់និងអ្នកស្លាប់ជាង ១៤០.០០០ នាក់