ដោយៈ គ្រញូង/បាត់ដំបងៈ នៅរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុយ រី ប្រធានក្រុម ប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរ ដោយមន្ត្រីជាច្រើនរូប បានចុះសួរសុខទុក្ខ និងផ្សព្វផ្សាយ ពីការទប់ស្កាត់ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ និងចែកម៉ាស់ ជូនដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាម ដងផ្លូវ និងអាជីវករលក់ដូរ ក្នុងផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ក្នុងឱកាសនោះ លោក ងួន រតនៈ អភិបាលខេត្ត បានមានប្រសាសន៍ ក្រើនរំលឹកដល់ ប្រជាពលរដ្ឋ និអាជីវករលក់ដូរទាំងអស់ ឲ្យចូលរួមទប់ស្កាត់ ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ឲ្យបានគ្រប់ៗគ្នា ព្រោះវាជាការឆ្លងកូវីដ ១៩ ចូលក្នុងសហគមន៍ ជាចង្កោម ។ ហេតុនេះបងប្អូន ត្រូវប្រើប្រាស់ម៉ាស់ ឲ្យបានត្រឹមត្រូវ ជាប្រចាំ ឬប្រើកន្សែង ក្រមា ដើម្បីខ្ទប់មាត់ ច្រមុះ ពេលក្អក កណ្តាស់ នៅពេលចេញក្រៅផ្ទះ ត្រូវយកចិត្តទុកដាក់ រក្សាអនាម័យ ឲ្យបានស្អាតជានិច្ច ដោយត្រូវលាងដៃ ឲ្យបានញឹកញាប់ ជាមួយទឹកស្អាត នឹងសាប៊ូ អាល់កុល ឬជែលលាងដៃ និងត្រូវរក្សាគម្លាត ១ម៉ែត្រកន្លះពីគ្នាជៀសវាង ការជួបជុំគ្នា ដោយពុំមានការចាំបាច់ ត្រូវទទួលទាន ចំណីអាហារ ដែលឆ្អិនល្អនិងត្រូវ អនុវត្តវិធានការ បង្ការការឆ្លង ជាយថាហេតុ នូវវិរុសកូវីដ-១៩ នៅតាមកន្លែងប្រកបអាជីវកម្ម លក់ដូរ ផ្សេងៗ តាមវិធានការរបស់ ក្រសួងសុខាភិបាល និងតាមការណែនាំរបស់រាជ រដ្ឋាភិបាល៕PC