ដោយៈ គូលែន/សៀមរាបៈ ស្ត្រីវ័យ ៧១ ឆ្នាំម្នាក់ នៅស្រុកសូទ្រនិគម ដែលត្រូវបានគេ សម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ពេលនេះឃាតករ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាល ស្រុកសូទ្រនិគម បានតាមប្រមាញ់ចាប់ខ្លួនបានហើយ។ ករណីឃាត់ខ្លួនឃាតករនេះ បានធ្វើឡើង នៅវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិ ដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ឆាន់ វុទ្ធី នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បាននិយាយថាៈ ករណីអំពើលួចមាន ស្ថានទោស ដោយប្រើ ប្រាស់អាវុធសាមញ្ញ កើតហេតុ នៅចំណុចត្រពាំងរូង ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ទៅលើជនរងគ្រោះ ឈ្មោះ មឿន ត្រៀម ភេទស្រី អាយុ ៧១ឆ្នាំ រស់នៅភូមិឃុំ កើតហេតុ ខាងលើ ដោយជនរងគ្រោះ បានបាត់បង់ទ្រព្យសម្បត្តិ រួមមាន មាសសន្លឹក ចំនួន៣តម្លឹង, ខ្សែ ក មាស មួយខ្សែ ទម្ងន់១តម្លឹង, ចិញ្ចៀនមាស ២វង់ ទំងន់២ជី និងលុយចំនួន ៧ លានរៀល។
លោកបានបន្តថាៈ ជនសង្ស័យ ឈ្មោះ ម៉ូវ ភា ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ តាមការសាកសួរ ជនសង្ស័យ បានសារភាព ថា គាត់ពិតជាបានប្រព្រិត្តបទល្មើស ខាងលើ ពិតប្រាកដមែន មូលហេតុ ដែលគាត់សម្លាប់ ជនរងគ្រោះ ព្រោះខ្លួនចាញ់ល្បែង និងជំពាក់ប្រាក់គេច្រើន។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច រៀបចំសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕PC