ដោយៈ សុផល/ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគ ប្រាក់បៀវត្សរ៍ ក្នុងមួយខែ ៨ លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ចាក់ជូនពលរដ្ឋ។
គួរកត់សម្គាល់ថាៈ ចលនានៃការបរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញ វ៉ាក់សាំង ការពារជំងឺកូវីដ១៩ បានកើតឡើង ជាបន្តបន្ទាប់ ក្រោយពេល សម្តេចតេជោ ប្រកាសពីការត្រៀមបម្រុងថវិកា ទិញវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន គ្រោងទិញវ៉ាក់សាំង ប្រមាណ ១លានដូស សម្រាប់ចាក់លើប្រជាពលរដ្ឋ ប្រមាណ ៥០ ម៉ឺននាក់ ដំណាក់កាលដំបូង។
រហូតដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានថវិកាជាង ១៨ លានដុល្លារហើយ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក ការចូលរួម បរិច្ចាគថវិកា ទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គឺជា «ខឿនការពារសុខភាព របស់ប្រជាជន» បន្ទាប់ពីខឿនការពារជាតិ របស់ប្រជាជន នាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។
សូមបញ្ជាក់ថា កម្ពុជា បានចាប់ផ្តើម ឆ្លងរីករាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ លើកដំបូង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមាន កូវីដ១៩ លើភរិយារបស់ លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ហើយករណីនេះ បានរីករាលដាលបន្ត រហូតដល់មានអ្នកឆ្លង ចេញពីសហគមន៍ ចំនួន ៣៤ នាក់។
គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី៨ ខែធ្នូនេះ នៅកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៣៥០ នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន ៣០៧ នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន ៤៣ នាក់៕PC