ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថាតាមរយៈការធ្វើតេស្តលើសំណាកលើកទី២កាលពីថ្ងៃម្សិលមិញដើម្បីរកមេរោគកូវីដ១៩ លទ្ធផលគឺអវិជ្ជមាន។
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌(រូបថតឯកសារ)
ក្នុងការបញ្ជាក់របស់លោករដ្ឋមន្ត្រីដែលជាការជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាមន្ត្រីតុលាការ និងមន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ថាយោងតាមព័ត៌មានដែលលោកទទួលបានពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅមុននេះបន្តិចបានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើកទី២ របស់ខ្ញុំនៅថ្ងៃនេះ (ថ្ងៃទី៧ ខែធ្នូ) គឺ អវិជ្ជមានជំងឺកូវីដ-១៩។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកត្រូវនៅបន្តរស់នៅដោយឡែកតាមវិធានចត្តាឡីស័កនិងបន្តធ្វើ តេស្តតាមការ កំណត់របស់ក្រសួងសុខាភិបាល ជាបន្តទៀត។
ទន្ទឹមនឹងនេះលោកក៏សូមអំពាវនាវជាថ្មីដល់អ្នកដែលមានការពាក់ព័ន្ធ ក្នុងទំនាក់ទំនងជាមួយលោកទាំងដោយផ្ទាល់ ទាំងដោយប្រយោល សូមបន្តធ្វើចត្តាឡីស័ក និងអនុវត្តវិធានសុវត្ថិភាពស្របតាមការ ណែនាំរបស់ ក្រសួងសុខាភិបាលឲ្យត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីរួមគ្នាការពារក្រុមគ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើងពីការឆ្លងនៃជំងឺកូវីដ-១៩៕សរន