ដោយៈ អង្គារ៍ហេង/ភ្នំពេញ: តារាកំប្លែងជើងចាស់ នាង ឃ្មឹប ខូចចិត្តនឹងមានវិបត្តិផ្លូវចិត្ត គិតអីមិនចេញ សម្រេចចិត្តដើរឡើង ស្ពានជ្រោយចង្វាចាស់ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេច ដោយសារប្រជាពលរដ្ឋ អ្នកដំណើរ បានឃើញ និងបានឃាត់ទាន់ ពេលវេលា។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មាន ពីអ្នកធ្វើដំណើរ តាមបណ្តោយផ្លូវ លើស្ពានជ្រោយចង្វា សូមមិនបញ្ចេញ ឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុនេះ គឺគាត់បានឃើញស្ត្រី ដែលគេធ្លាប់ស្គាល់ថា ជាអតីតតារាកំប្លែងជើងចាស់ គឺអ្នកនាង ឃ្មឹប បានដើរឡើងស្ពាន ទាំងទឹកភ្នែក រួចហើយ បានពាក់កណ្តាលស្ពាន ស្រាប់តែឈរយំមួយសន្ទុះ រួចក៏តោងបង្កាន់ដៃស្ពានបម្រុងនឹង លោតចុះចូល ក្នុងទឹកទន្លេ ចៃដន្យអី ត្រូវបានគេ តាមទាន់ រត់ចូលទៅចាប់ទាញចុះមក ក្រោមវិញ។
ពេលដែលសួរនាំទៅ អ្នកនាង ឃ្មឹប បានរៀបរាប់ទាំងទឹកថាៈ ខ្លួនទើបតែចេញមកពី មណ្ឌលកែប្រែ ហើយមិនមាន អ្នកណាម្នាក់ អើពើនឹងជួយសុខទុក្ខនោះទេ សូម្បីតែទៅជួល ផ្ទះគេ ក៏គេមិនជួលឲ្យដែរ មិនដឹងថា ស្នាក់នៅទីកន្លែងណា និងទីពឹងអ្នកណានោះទេ ទើបសម្រេចចិត្តគិតខ្លី លោតទឹកសម្លាប់ខ្លួន បញ្ចប់ជីវិតតែម្តងទៅ។
ជាចុងក្រោយ អ្នកនាងឃ្មឹប គ្រាន់តែចង់ឲ្យមានគេហៅ ទៅសម្តែងនឹងច្រៀងតាមភោជនីយដ្ឋាន តែប៉ុណ្ណោះ៕PC