ដោយៈ គ្រញូង/បាត់ដំបងៈ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត បានបញ្ជូនជនសង្ស័យ ប្រុសទាំង បួននាក់ ទៅតុលាការ ពីបទជួញដូរ គ្រឿងញៀន ក្រោយពីកម្លាំងនគរបាល ក្រុងបាត់ដំបង ផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលស្លាកែត ចាប់ខ្លួនបាន ជាបន្តបន្ទាប់ នៅចំណុចក្រុមទី១១ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីល្ងាច ថ្ងៃទី៧ ធ្នូ ។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលល ក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យទាំង បួននាក់ មានៈ ១-ឈ្មោះ រី ម៉ាត់សាត អាយុ ៣៦ឆ្នាំ (អ្នកលក់ថ្នាំញៀន) , ២-ឈ្មោះ ស៊ីវ សុភាព អាយុ ៥០ឆ្នាំ ពីរនាក់នេះ មានលំនៅ នៅភូមិ-សង្កាត់ស្លាកែត ក្រុងបាត់ដំបង (អ្នកផ្តល់កន្លែង ឱ្យប្រើប្រាស់ថ្នាំញៀន), ៣-ឈ្មោះ គឹម ចំណាន អាយុ ៣៦ ឆ្នាំ នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ (អ្នកទិញថ្នាំញៀន) និង៤.ឈ្មោះ លី ចន្តា ហៅ ឡា អាយុ ៣៨ ឆ្នាំ នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (អ្នកទិញថ្នាំញៀន)។ ចំណែកវត្ថុតាង ដែលចាប់យកបាន រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន៤ថង់ (ទម្ងន់ ៧,៦១ ក្រាម ទាំងសំបក) -ទូរស័ព្ទដៃ ចំនួន ៣ គ្រឿងជញ្ជីងសំរាប់ថ្លឹង ថ្នាំញៀន ចំនួន១ និងសម្ភារសំរាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួន ។
បន្ទាប់ពីបានសាកសួររួចមក លោក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទាំងបួននាក់ និងវត្ថុតាង ទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់៕PC