ដោយៈ ញ៉ែម សុផល/ភ្នំពេញៈ សមាគមហិរញ្ញវត្ថុធំៗបី បានចញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានអំពាវនាវ ឱ្យប្រជាពលរដ្ឋ ធ្វើការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក ជំនួសការប្រើ ក្រដាសប្រាក់ ដើម្បីចូលរួមកាត់បន្ថយ ហានិភ័យពី ការឆ្លងកូវីដ ១៩។
នៅក្នុងសេចក្តីថ្លែងការណ៍រួម នាថ្ងៃទី៨ ធ្នូនេះ បានលើកឡើងថាៈ ដោយពិនិត្យឃើញ ការរីករាលដាល នៃការឆ្លងជំងឺកូវីដ១៩ ដែលឆ្លងចូលសហគមន៍ នាពេលថ្មីៗនេះ និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្ដីអំពីលទ្ធភាព នៃការឆ្លងជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ក្រដាសប្រាក់ ព្រមទាំងក្នុងគោលដៅ រួមចំណែកជាមួយរាជរដ្ឋា ភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការ ឆ្លងជំងឺកូវីដ១៩ វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលតំណាងដោយ សមាគមធនាគារនៅកម្ពុជា សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា សូមលើកទឹកចិត្តដល់ សាធារណជន អតិថិជន និងអាជីវករទាំងអស់ ឱ្យធ្វើការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្តល់ដោយ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។
ស្ថិតក្នុងស្ថានភាពនេះ សមាគមធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងសហការ យ៉ាងជិត ស្និទ្ធជាមួយ ធនាគារជាតិ នៃកម្ពុជា ក្នុងការសម្រួលឱ្យមាន ការទូទាត់ជាអេឡិចត្រូនិក ឆ្លងគ្រឹះស្ថាន កាន់តែមានភាពងាយស្រួល ឆាប់ រហ័ស សុវត្ថិភាព និងមានកម្រៃ សេវាសមរម្យ តាមរយៈ ការកែសម្រួល នូវលក្ខខណ្ឌផ្សេងៗ ដែលនឹងត្រូវជូនដំណឹង ក្នុងពេលឆាប់ៗ ខាងមុខ។
ទន្ទឹមនឹងនេះដែរ វិស័យធនាគារ និងហិរញ្ញវត្ថុ សូមលើកទឹកចិត្ត ដល់សាធារណជនទាំងអស់ ឱ្យទាញយក កម្មវិធីទូទាត់ និងកម្មវិធីធនាគារឌីជីថល ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មកប្រើប្រាស់ ។ ចាប់ពីថ្ងៃ ជូនដំណឹង នេះទៅ ព័ត៌មានផ្សេងៗ ស្តីពីជម្រើស និងការណែនាំ អំពីការប្រើប្រាស់ សេវាទូទាត់ និងសេវាធនាគារឌីជីថល នឹងត្រូវបានផ្តល់ជូន តាមរយៈបណ្តាញសង្គម និងសារព័ត៌មានសំខាន់ៗ ក្នុងប្រទេសកម្ពុជា៕PC