ដោយ: ចាន់តូ / ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនជាតិចិន០៣នាក់ ករណីកាន់កាប់អាវុធដោយគ្មានការនុញ្ញាតិ។ ការឃាត់ខ្លួននេះ នៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្សារថៃហួត ផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា៖ ជនសង្ស័យទាំង០៣នាក់ ដែលឃាត់ខ្លួននោះ ទី១-ឈ្មោះ វ័ង ចុងអ៊ិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ទី២-ឈ្មោះ ជីង អ៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ និងទី៣-ឈ្មោះ ស៊ូ ភីង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ (មានសារធាតុញៀន) ។
ក្នុងនោះសមត្ថកិច្ចដកហូត រថយន្ត០១គ្រឿងម៉ាក ឡុចសឡុចស៊ីស៥៧០ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 2Q-6666 និងអាអាវុធខ្លី ០១ដើម ម៉ាកឡុក១៧ ពណ៌ខ្មៅ លេខ0406 បង់០១ គ្រាប់០៨គ្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕