ដោយ: ចាន់តូ / ភ្នំពេញ: បុរសជាកម្មករម្នាក់កំពុងធ្វើការងារយកម៉ូទ័របុកខួងដី ដើម្បីតរាយទុយោទឹក បែរជាជួបគ្រោះអកុសលឆ្លងចរន្តឆក់ស្លាប់ភ្លាមៗ នៅកន្លែង។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះឈ្មោះ កើត សំនៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ដើរជីកកាប់ដី មានទីលំនៅភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមសម្តីកម្មករធ្វើការជាមួយគ្នា បានឲ្យដឹងថា មុនកើតហេតុ កម្មករមានគ្នា២នាក់ ប្រដាប់ដោយសម្ភារៈ កាប់ ជីក ខួងដី ក្នុងបំណងដាក់តរាយទុយោទឹក ហើយនៅវេលាម៉ោងខាងលើ ជនរងគ្រោះ បានយកម៉ូទ័របុក ទៅកាន់បុកបេតុង ដែលនៅកប់ក្នុងដី ទើបតែចុចកុងតាក់ ស្រាប់តែឆ្លងឆក់តែម្តង ដូលលើដី រត់ទៅផ្តាច់ខ្សែភ្លើងចោល ផ្អើលប្រជាពលរដ្ឋ ជួយលើកជនរងគ្រោះទៅកប់ដីខ្សាច់ តែជាអកុសល បានស្លាប់បាត់ទៅហើយ ដោយមិនអស់ចិត្ត ដូចជាស្រស់ៗពេក ទំនាក់ទំនងហៅក្រុមសង្គ្រោះ មកជួយពិនិត្យ ក្រែងអាចជួយសង្គ្រោះអាយុជីវិតបាន តែទោះជាយ៉ាងណាក្តី ជនរងគ្រោះបានស្លាប់បាត់ទៅហើយ គួរឲ្យសង្វេគ ។
ក្រោយពីឆ្លងឆក់ជនរងគ្រោះស្លាប់ ពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ឃើញថាពិតជាស្លាប់ដោយឆក់ចរន្តភ្លើង រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕