ប្រែសម្រួល : កញ្ញាដាលី ៖ បេក្ខនារីបវរកញ្ញាថៃមួយហ្វូងបានធ្លាក់ចូលក្នុងទឹកក្នុងពេលថតរូបជុំគ្នាលើស្ពានយោលមួយនៅឈៀងម៉ៃ បន្ទាប់ពីស្ពានទ្រទម្ងន់លែងជាប់ក៏ដាច់ចុះមកក្រោម។
បវរកញ្ញាធ្លាក់ទឹកទាំង៣០នាក់ដែលប្រជែងគ្នាយកមកុដបវរកញ្ញាឯកថៃបានធ្លាក់ក្នុងទឹកត្រពាំងដ៏ល្អក់កាលពីថ្ងៃចន្ទទី៧ធ្នូ។
ទិដ្ឋភាពពេលធ្លាក់ទឹកត្រូវបានថតជាប់លើវីដេអូ ដោយបង្ហាញបេក្ខនារីបវរកញ្ញាទាំងអស់ស្លៀកពាក់ឈុតដូចគ្នា ពាក់មួកការពារកម្តៅព្រះអាទិត្យ និង របាំងការពារមុខពីកូវីដ១៩ ញញឹមថតរូប និងគ្រវីដៃ មុនពេលស្ពានដាច់ នាំឱ្យស្រែកផ្អើលពិធី។
បេក្ខនារីបីនាក់បានរងរបួសពីការដាច់ស្ពានយោល។ ម្នាក់បានរងរបួសរយះក្បាលនិងជាំថ្ងាស និង២នាក់ទៀតរងរបួសស្រាល ដោយសារត្រូវដងបង្គោលស្ពានធ្លាក់ចំ។អ្នកទាំងបីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែបានចាកចេញវិញអស់ហើយ។
ហេតុការណ៍នេះកើតឡើងអំឡុងពេលថតរូបជុំគ្នាឡង់សេឱ្យកាហ្វេមួយរបស់ថៃ។ លោក វីរៈបុត្រ ចាត់កាន់ចាណា ម្ចាស់កម្មវិធីបវរកញ្ញានេះបានចេញថ្លៃព្យាបាល ៥០ ម៉ឺនបាតដល់អ្នករងគ្រោះ៕
បវរកញ្ញាថៃ ៣០ នាក់ធ្លាក់ទឹក ក្រោយដាច់ស្ពានយោលកាលពីថ្ងៃចន្ទនៅឈៀងម៉ៃ