ដោយៈសុផានីតា/កោះកុងៈ សាច់មាន់ខូចគុនភាពចំនួន១,០៣៧គីឡូក្រាម ត្រូវកម្លាំងនគរបាលស្នងការដ្ឋាន ខេត្តកោះកុង បានបង្ក្រាបបាន នៅចំណុចរង្វង់ស្ពានកោះកុង កាលពីម៉ោង៨ថ្ងៃទី៧ ធ្នូ ។
ស្នងការរងនគរបាលខេត្តកោះកុងទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី ហេង លាង បានឱ្យដឹងនៅរសៀលថ្ងៃទី៨ ខែធ្នូ ២០២០ថា សាច់មាន់ ស្លាប និងជើង ដែលដឹកជញ្ចូនដោយបាវគ្មានការរក្សាអនាម័យត្រឹមត្រូវ ដែលឃាត់បាននេះ នៅមិនទាន់ដឹងប្រភពថាមកពីតំបន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ឬច្រករបេងនោះទេ។
លោកស្នងការរងដដែលបន្ថែមថា លោក កំពុងសហការជាមួយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមន្ត្រីជំនាញដ៏ទៃទៀតកំណត់អត្តសញ្ញាណមុខជនសង្ស័យដែលលួចលាក់រកស៊ីអាជីវកម្មលើទំនិញខូចគុណភាពខាងលើដែលដឹកដោយរថយន្ត និងម៉ូតូកង់បី។ រីឯម្ចាស់រថយន្ត និងម៉ូតូស៊ីឈ្នួញដឹកទំនិញខូចគុណបានត្រឹមធ្វើការកិច្ចសន្យាឈប់ប្រព្រឹត្តទង្វើខុសច្បាប់ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ប្រសិនបើករណីមានលើកទី២នឹងរងទទួលតាមច្បាប់។
ដោយឡែក វត្ថុតាងមានជាសាច់មាន់ខូចគុណភាព ត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយមន្ត្រីជំនាញដុតកំទេចចោលរ ដើម្បីធានានូវសុខភាពអ្នកប្រើប្រាស់ ស្នងការនគរបាលខេត្តកោះកុង នឹងបង្កើនការតាមដានពិនិត្យ និងបង្ក្រាបរាល់ទំនិញណាដែលខូចគុណភាព និងច្បាប់ហាមឃាត់ជាបន្តបន្ទាប់ទៀត មិនថានៅតំបន់ព្រំដែនឬ នៅលើទីផ្សារឡើយ៕