ដោយ: សរិទ្ធ / ភ្នំពេញ: បុរសជនជាតិកូរ៉េម្នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីបញ្ជូនមកសាលាដំបូងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ដើម្បីធ្វើការសាកសួរករណីរំលោភលើទំនុកចិត្តប្រព្រឹត្តក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ ។រហួតមកដល់រសៀលថ្ងៃដដែលនេះលោក ឌុច សុខសារិនអនុប្រធានសាលាដំបូងនិងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងកំពុងធ្វើការសាកសួរ។
បុរសជនជាតិកូរ៉េរូបនេះ ឈ្មោះ Kim Taeh yeon ភេទប្រុស អាយុ៤៨ឆ្នាំ ជាពាណិជ្ជករ ស្នាក់នៅផ្ទះលេខ ៣០C ផ្លូវលេខ ១៩៥៦ បុរីលឹមឈាងហាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងសណ្ឋាគារខាំបូឌីយ៉ាណាត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានី នាំខ្លួនតាមដីកាបង្គាប់របស់លោក ឌុច សុខសារិនអនុប្រធានសាលាដំបូងនិងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿង នេះ។
តាមអង្គហេតុនៃការនាំខ្លួននេះគឺលោក Kim Taeh yeon ត្រូវបានចោទប្រកាន់ពីបទ « រំលោភលើទំនុកចិត្ត» ប្រព្រឹត្តក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ តាមមាត្រា ៣៩១ មាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ។
ប្រភពព័ត៌មានពីតុលាការបានឲ្យដឹងថា មូលហេតុដែលតុលាការឲ្យនាំខ្លួនលោក Kim Taeh yeon គឺយោងតាមចម្លើយសារភាពរបស់ជនជាតិកូរ៉េម្នាក់ទៀត ឈ្មោះ Kwon seok young ភេទប្រុស អាយុ៦០ឆ្នាំ ដែលត្រូវបានចោទប្រកាន់ក្នុងបទល្មើសដូចគ្នានេះ ដែលបានបញ្ជាក់ថា លោក Kim Taeh yeon នឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ទើបលោក ឌុច សុខសារិន ជាអនុប្រធានសាលាដំបូងនិងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿង បានចេញដីកាបង្គាប់ឲ្យនាំខ្លួនលោក Kim Taeh yeon មកតុលាការនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីធ្វើការសាកសួរ មុនពេលគាត់ចាកចេញតែម្តង៕