Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ដ...

បុរស​ម្នាក់​ដែល​ទាក់ទង​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​រហូត​បាន​រួមរ័ក​ត្រូវ​ឃុំខ្លួន​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ចំណាស់​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់ បាន​ទាក់ទង​លួងលោម​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ រហូត​បាន​រួមរ័ក​ជាច្រើនលើក​នោះ បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន​ក​ធនាគារ​នៅ​ព្រឹក​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​។​

​បុរស​ចំណាស់​រូបនេះ​ឈ្មោះ មាស សារឿន អាយុ​៥៨​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រវាង​ជនសង្ស័យ និង​ឪពុកម្ដាយ​របស់​ក្មេងស្រី មាន​ទំនាក់ទំនង​រាប់អាន​គ្នា ហើយ​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ ឪពុកម្ដាយ​ក្មេងស្រី​បាន​ហៅ​បុរស​ចំណាស់​នេះ ទៅ​ហូបបាយ​នៅផ្ទះ​របស់ខ្លួន​ជា​រៀងរាល់ថ្ងៃ ដោយ​ចាត់​ទុកដូចជា​សាច់ញាតិ​ដែរ ហើយក៏​ពុំដែល​គិតថា ត្រូវ​បុរស​នេះ​ស៊ី​បាយ​បោក​ឆ្នាំង​ដែរ​។​

​ដោយ​ការចេញចូល​ប្រាស្រ័យ​ទាក់ទង​បាយទឹក​ព្រឹកល្ងាច​នេះហើយ ដែល​ធ្វើ​ឲ្យ​បុរស​នោះ បែកគំនិត​លូក​ថ្លើម​ប្រមាត់​ទាក់ទង​លួងលោម​កូនស្រី​ជាទី​ស្រឡាញ់​របស់​ម្ចាស់ផ្ទះ រហូត​ឈានដល់​ត្រូវដង​ត្រូវផ្លែ និង​ដឹក​ដៃ​គ្នា​ចូលទៅ​រួមមេត្រី​បានសម្រេច​ជា​បន្តបន្ទាប់​ចំនួន​៤​ដង​។​

​ទោះបីជា​បែបណា រឿងរ៉ាវ​ស្នេហា​ខុស​វ័យ​ដែល​ខាង​ស្រី​នៅ​ជា​អនីតិជន​នេះ មិនអាច​លាក់បាំង​បានយូរ​ឡើយ គឺ​ត្រូវ​ឪ​ពុ​ម្ដាយ​ក្មេងស្រី​ដឹង​រឿង ហើយ​បាន​ព្រមាន​និង​ហាម​ឈប់​ឲ្យ​ទាក់ទង​កូនស្រី​គាត់​តទៅទៀត​។ ពេលនោះ ពួកគាត់​ក៏​មិនបាន​ប្ដឹងប្តល់​អ្វី​ដែរ ព្រោះ​មិន​ចង់​ឲ្យ​រឿងអាស្រូវ​នេះ​បែកធ្លាយ​ខ្មាស​អ្នកស្រុក​ភូមិ​។​

​ប៉ុន្តែ​ជននេះ​មិន​ស្ដាប់​ឡើយ គឺ​នៅតែ​លួច​នាំ​កូនស្រី​គាត់​ទៅ​រួមមេត្រី​ជា​បន្តបន្ទាប់​ទៀត និង​បាន​ជួល​ផ្ទះមួយ​កន្លែង​នៅក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ ស្នាក់នៅ​។ លុះ​មកដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ បុរស​នេះ​បាន​នាំ​ក្មេងស្រី​ទៅ​រួមមេត្រី​នៅ​បន្ទប់​ជួល​ខាងលើ​ទៀត ។ ចំណែក​ឪពុកម្ដាយ​នាង​បន្ទាប់ពី​បាត់​កូនស្រី​ក៏​តាមរក​គ្រប់​ច្រកល្ហក​តែ​មិនឃើញ ។​

​រហូតដល់​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ ទើប​ទទួលដំណឹង​ថា ពួកគេ​កំពុង​នៅ​ជាមួយគ្នា​ក្នុង​បន្ទប់​ជួល​ខាងលើ ក៏​ទៅ​ឃាត់ខ្លួន​បុរស​ចំណាស់​ឈ្មោះ មាស សារឿន នេះ​នាំទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាមច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular