Home ព័ត៌មានអន្តរជាតិ សកម្មជន​ថៃ ចូ...

សកម្មជន​ថៃ ចូលខ្លួន​ស្តាប់​ការចោទប្រកាន់​ពី​បទ​ប្រមាថ​ស្តេច​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​មេដឹកនាំ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ​៤​នាក់​កាលពី​ថ្ងៃ​អង្គារ​ទី​០៨​ធ្នូ​បាន​បង្ហាញខ្លួន​ជូន​ប៉ូលិស​ដើម្បី​ទទួលយក​ការចោទប្រកាន់​ពី​បទ​ប្រមាថ​ស្តេច ដោយសារតែ​ពួកគេ​​បាន​អំពាវនាវ​អោយ​កែ​ទំរង់​របបរាជានិយម​។​

​មុនពេល​ចូល​ស្ថានីយ​ប៉ូលិស​មួយ​នៅ​ខាងជើង​ក្រុង​បាងកក អ្នក​ទាំង​៤​បាន​រិះគន់ ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​របស់​ប្រទេស នៅពេល​អ្នកគាំទ្រ​ប្រមាណ​១០០​នាក់ ស្រែក​ពាក្យ​ថា​« លុបចោល​១១២» ដោយ​​ចង់​សំដៅ​វគ្គ​ច្បាប់​ក្នុង​ក្រមព្រហ្មទណ្ឌ​ថៃ​ដែល​ហាម​ការរិះគន់ ឬ​ប៉ះពាល់​របបរាជានិយម​។​

​មេដឹមនាំ​ម្នាក់ ឈ្មោះ ផា​រីត ជីវ៉ា​រ៉ាក់ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​បើ​របប​រាជា​និយម​ប្រើ​ច្បាប់​បំបិទមាត់​របស់​យើង វា​មានន័យថា​ពួកគេ​ខ្លាច​យើង​និយាយ​ការពិត​។​ខ្ញុំ​មិន​គិត​ថា​ចំណាត់ការ​នេះ​នឹង​ប៉ះ​​ពាល់​ដល់​ចលនា​របស់​យើង​ទេ តែ​វា​នឹង​ជំរុញ​អោយ​មនុស្ស​ចេញ​មក​កាន់តែច្រើន​»​។​

​សូមបញ្ជាក់​ថា​លោក​ផា​រីត​បាន​ទទួល​ដីកា​កោះហៅ​ចំនួន​៦​នៅ​ឆ្នាំ​នេះ​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​។​នរណា​ម្នាក់​ក៏​អាច​ប្តឹង​ជន​ណា​ម្នាក់​ទៀត​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ហើយ​ប៉ូលិស​មាន​ភារកិច្ច​​ស៊ើបអង្កេត ហើយ​នរណាម្នាក់​ដែល​ត្រូវបាន​រកឃើញ​កំហុស​ពី​បទ​ប្រមាថ​សមាជិក​រាជវង្ស រួមមាន ស្តេច មហា​ក្សត្រិយានី ឬ​រជ្ជទាយាទ អាច​ជាប់គុក​១៥​ឆ្នាំ​ចំពោះ​បទចោទប្រកាន់​មួយៗ​។​

​មេដឹកនាំ​ម្នាក់ទៀត នាង ផា​នូ​សា​យ៉ា ស៊ីត​ធិ​ជីរ៉ា​វ៉ាត​តាណា​គុល បាន​និយាយ​នៅក្រៅ​ស្ថានីយ​ប៉ូលិស​ថា ច្បាប់​ពិសេស​ដើម្បី​ការពារ​រាជវង្ស​នេះ​ហាក់​មិន​ចាំបាច់ ពីព្រោះ​បើ​ព្រះមហា​ក្សត្រ​មិន​សប្បាយចិត្ត​នៅ​​ពេល​នរណា​ម្នាក់​ប្រមាថ គេ​អាច​ប្រើ​ច្បាប់​ដូចដែល​ប្រជាជន​ទូទៅ​ប្រើ​ដែរ​។​

​ក្រោយ​និយាយ​ជាមួយ​ប៉ូលិស​អស់​ពេល​ប្រមាណ​១​ម៉ោង មេដឹកនាំ​ទាំង​៤ ត្រូវបាន​អនុញ្ញាត​អោយ​ចាកចេញ​ទៅ​វិញ​។​

​សូមបញ្ជាក់​ថា​សមាជិក​ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នេះ​១១​នាក់​ទៀត បាន​ចូលខ្លួន​នៅ​ស្ថានីយ​ប៉ូលិស​នៅ​សង្កាត់​ផ្សេង ហើយ​ពួកគេ​ក៏​ប្រឈម​ការចោទប្រកាន់​ប្រមាថ​ស្តេច​ផងដែរ​៕

​ពួក​មេដឹកនាំ​ប្រឆាំង​តវ៉ា​ដែល​រង​ការចោទប្រកាន់​លើក​ម្រាមដៃ​៣​នៅ​ពេល​ពួកគេ​ទៅដល់​ស្ថានីយ​ប៉ូលិស​នៅ​ខេត្ត​ណុន​ថា​ប៊ូ​រី កាលពី​ថ្ងៃ​អង្គារ ដើម្បី​ទទួលយក​ការចោទប្រកាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular