ប្រែសម្រួល : កញ្ញាដាលីស /ហុងកុង៖ ទោះបីជារលកថ្មីនៃការផ្ទុះឡើងនៃកូវីដ១៩បានឈានជិតដល់ចំណុចកំពូលក៏ដោយក៏ប្រជាជននៅហុងកុងនៅតែមានអារម្មណ៍សុវត្ថិភាពគ្រប់គ្រាន់ក្នុងការចេញដើរហើរខាងក្រៅ និងត្រៀមលក្ខណៈសម្រាប់រដូវបុណ្យណូអែលឬរីករាយនឹងអាកាសធាតុល្អ ជាហេតុជំរុញឱ្យមេដឹកនាំទីក្រុងចេញការព្រមានគួរឱ្យព្រឺព្រួចនិងបង្ហើបអំពីការចេញវិធានការតឹងតែង។
ជាមួយនឹងការផ្ទុះឡើងវិញនៃការឆ្លងនៅក្នុងពីរសប្តាហ៍ចុងក្រោយនៃខែវិច្ឆិកា នាយកប្រតិបត្តិក្រុងលោកស្រី ការី ឡាំនៅថ្ងៃអង្គារទី៨ធ្នូនេះបានព្រមានថាអ្នកជំងឺវ័យក្មេងច្រើនឡើងកំពុងស្ថិតក្នុងស្ថានភាពឈឺធ្ងន់ធ្ងរនៅក្នុងការផ្ទុះជំងឺនៅរលកទីបីនេះ។
លោកស្រីឡាំនិយាយថា “មុនរលកនេះ ចំនួនករណីធ្ងន់ធ្ងរបានធ្លាក់ចុះមកនៅត្រឹមមួយខ្ទង់។ ឥឡូវមានការកើនឡើងយ៉ាងខ្លាំងរហូតដល់មានអ្នកជំងឺ ៣៦ ទៅ ៤០នាក់កំពុងស្ថិតក្នុងស្ថានភាពឈឺធ្ងន់ធ្ងរ”។
លោកស្រីបន្តថា “បន្ទប់ ICU បន្ថែមទៀត (បន្ទប់សង្គ្រោះបន្ទាន់) ត្រូវតែបង្កើន។ ក្នុងចំណោមករណីឈឺធ្ងន់ធ្ងរទាំងនោះ មាន ៦ នាក់អាយុក្រោម ៦០ ឆ្នាំនិង ២ នាក់អាយុក្រោម ៥០ ឆ្នាំ។សម្រាប់ករណីធ្ងន់ធ្ងររ៉ាំរ៉ៃ មាន ៩ នាក់អាយុក្រោម ៦០ ឆ្នាំនិង២នាក់ស្ថិតក្រោមអាយុ ៥០ ឆ្នាំ”។
លោកស្រីបានកត់សម្គាល់ថា នៅក្នុងរលកចុងក្រោយនេះ ភាគច្រើននៃអ្នកដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនិងធ្ងន់ធ្ងររ៉ាំរ៉ៃគឺជាមនុស្សចាស់។
លោកស្រីព្រមានទៀតថា “តាមការសង្កេតរបស់អ្នកជំនាញនិងការសង្កេតរបស់យើង វាហាក់ដូចជាមានភាពស្មុគស្មាញជាងមុន ពីព្រោះយើងកំពុងនិយាយអំពីមនុស្សដែលមានការងារផ្សេងគ្នារស់នៅតាមសង្កាត់ផ្សេងគ្នាក្នុងដែនដីនេះ។ចំនួនករណីដែលមិនអាចតាមដានដឹង មានចំនួន ១ ភាគ ៣ នៃចំនួនករណីដែលបានបញ្ជាក់”។
កាលពីថ្ងៃចន្ទ (ទី៧ ធ្នូ) ទីក្រុងហុងកុងបានកត់ត្រាករណីឆ្លងថ្មីចំនួន ៧៨ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនជិត ៧.០០០ នាក់ និងមានអ្នកស្លាប់ចំនួន ១១២ នាក់។ ក្នុងចំណោមករណីថ្មីៗ មាន ៧១ ករណីគឺកើតក្នុងក្រុង និង ២៩ ករណីទៀតមិនដឹងប្រភព។
រដ្ឋាភិបាលកំពុងគ្រោងបន្លាយពេលធ្វើការពីផ្ទះសម្រាប់មន្ត្រីស៊ីវិល ហាមទទួលទានអាហារក្នុងទីបិទជិតចាប់ពីម៉ោង៦ល្ងាច និង បិទកន្លែងហាត់ប្រាណ មណ្ឌលកីឡា និង ហាងសម្ផស្ស។
លោកស្រីឡាំមិនបាននិយាយថាវិធានការថ្មីនេះនឹងចូលជាធរមាននៅពេលណានោះទេ ប៉ុន្តែបានបន្ថែមថា រដ្ឋមន្ត្រីសុខាភិបាល សូហ្វីយ៉ា ចាន់ នឹងប្រកាសព័ត៌មានលម្អិតថែមទៀតនៅយប់ថ្ងៃអង្គារនេះ៕
ហុងកុងត្រៀមចេញវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ជំងឺកូវីដ១៩