ដោយៈ ប.ខុន/ភ្នំពេញៈ សំណង់ធ្នស់ ដែលអាជ្ញាធរឃុំមេលំ គ្រោងសាងសង់រឹងមាំ ដោយប្រើប្រាស់ថវិកា ប្រមូលបានពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានចំនួន ៣៨ លានរៀល មិនត្រូវបានរដ្ឋបាលស្រុកបរិបូរណ៍ និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង អនុញ្ញាតឱ្យធ្វើទេ ដោយសារខុសបច្ចេកទេស ដែលនាំឱ្យមាន ប្រែប្រួលចរន្តទឹក ធ្វើឱ្យតួស្ទឹង នៅផ្នែកខាងក្រោមធ្នស់ គោករាក់ និង បាក់ដីស្រែ នៅតាមសងខាងប្រឡាយអាចក្លាយ ជាស្ទឹងថ្មី ក្នុងរដូវវស្សា មានទឹកជំនន់មកដល់។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ថាៈ ការសាងសង់ធ្នស់ ដោយ លក្ខណៈរឹងមាំ កាត់ដងស្ទឹងបរិបូរណ៍ ដែលដឹកនាំធ្វើដោយអាជ្ញាធរឃុំមេលំ ដែលមិនបានសុំការអនុញ្ញាត ពីរដ្ឋបាលស្រុកបរិបូរណ៍ និងសុំជំនួយបច្ចេកទេស ពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំងនោះ គឺបានឱ្យផ្អាកសកម្មភាពទៅវិញ ហើយដោយសារស្ថានភាពទីតាំង ត្រូវសាងសង់ មិនសមស្រប តាមលក្ខណៈបច្ចេកទេស។
ទីតាំងដែលអាជ្ញាធរឃុំមេលំ គ្រោងសាងសង់សំណង់ធ្នស់រឹងមាំនេះ លោក ដោក ប៊ុនថុន បកស្រាយថា ជាកន្លែងតួស្ទឹង មានទំហំតូច និងជ្រៅ បើសង់បង្គោល ធ្នស់ដោយសសរ បេតុង បុកចូលដី និងបន្ថែមដោយបង្គោលឈើ មានគម្លាតពីគ្នា ត្រឹមមួយតឹកកន្លះ ដូចជា បិទផ្លូវទឹកទាំងស្រុងនោះ នឹងធ្វើឱ្យចរន្តទឹកស្ទឹងនេះប្រែ ប្រួល នៅក្នុងរដូវវស្សាពេលមាន ជំនន់កើតឡើង ដោយសារទឹក ត្រូវហូរទៅតាមប្រឡាយដីខ្សាច់ ងាយដាច់ ដល់ដីស្រែ នៅសងខាងប្រឡាយ អាចនិយាយបានថា ប្រឡាយនោះ នឹងក្លាយទៅ ជាស្ទឹងថ្មីឯតួស្ទឹង នៅក្រោមធ្នស់ អាចនឹងគោករាក់ នៅពេលបង្គោលធ្នស់ មិនអាចដកចេញវិញបាន ពេលរដូវវស្សា មកដល់នោះ។
លោក ដោក ប៊ុនថុន បានពន្យល់ទៀតថាៈ ការពិត ផ្ទៃដីបង្កបង្កើនផល ចំនួនជាង ៨០០ ហិកតា នៅក្នុងឃុំមេលំ និងឃុំផ្សារ ស្រុកបរិបូរណ៍នេះ បានប្រើប្រាស់ទឹក ពីសំណង់ធ្នស់ ចាស់មួយ ដែលមន្ទីរបានចូលរួមសាងសង់ កាលពីឆ្នាំ២០១៩ មានចម្ងាយប្រមាណជា ៤៥០ ម៉ែត្រ ពីទីតាំងដែលគេគ្រោងសាងសង់ធ្នស់ថ្មីនេះ ។ ក្នុងករណីទឹក ប្រើប្រាស់មិនគ្រប់ គេអាចតម្លើងកម្ពស់ធ្នស់ បញ្ចាល់ទឹកតែបន្តិច គឺអស់បញ្ហាហើយ។ ស្អែកនេះ (៩ធ្នូ) មន្ទីរនឹងបញ្ជូនគ្រឿងចក្រ ជាមួយនឹងមន្ត្រី អ្នកបច្ចេកទេស ទៅពង្រឹកធ្នស់ចាស់ថែមទៀត ដោយមិនអនុញ្ញាត ឱ្យធ្វើនៅកន្លែងថ្មីទេ។ តួស្ទឹងនៅកន្លែងធ្នស់ចាស់ មានទំហំធំ និងរាក់ មិនធ្វើឱ្យមានការប្រែប្រួលចរន្តទឹក នៅក្នុងរដូវវស្សា ដូចទីតាំងថ្មីនោះទេ។
ប្រធានមន្ទីរខាងលើ បានបញ្ជាក់ទៀតថាៈ មូលហេតុដែលអាជ្ញាធរឃុំ បានប្រមូលថវិកា សង់ធ្នស់រឹងមាំ នៅទីតាំងថ្មីនេះ ដោយមានហេតុផលថា នៅធ្នស់ ចាស់ បើគេបញ្ចាល់ទឹក ឡើងខ្ពស់បន្តិចនោះ គ្រឿងចក្រកសិកម្ម មិនអាចបើកបរ ឆ្លងកាត់ប្រឡាយ នៅសងខាង ធ្នស់បាន ដោយសារប្រឡាយតូច និងមានទឹកជ្រៅ តែបញ្ហានេះ អាចដោះស្រាយបាន ដោយបើកទំហំប្រឡាយ ក្បែរធ្នស់ឱ្យធំ តែមានជម្រៅរាក់ និងមានទីជម្រាលវែង (មិនចោទ) ដើម្បីងាយស្រួលគ្រឿងយន្ត ឡើងចុះ និងមិនធ្វើឱ្យចរន្តទឹកស្ទឹងប្រែប្រួល។
ពាក់ព័ន្ធទៅនឹងបញ្ហា ខាងលើនេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តកំពង់ឆ្នាំង កាលពីល្ងាច ថ្ងៃទី៧ ខែធ្នូ បានជម្រាបលោករដ្ឋ មន្ត្រីក្រសួង ធនធានទឹក និងឧតុនិយមថាៈ ” កាលពីល្ងាចមិញ (៧ធ្នូ) នេះ ខ្ញុំបាទបានចុះពិនិត្យផ្ទាល់ ជួបជាមួយលោកអភិបាល ស្រុកបរិបូណ៍ និងមេឃុំមេលំ។ ការ បោះបង្គោលកាត់ស្ទឹង បរិបូណ៍នេះ គឺដឹកនាំដោយលោកមេឃុំ ដែលលោកអភិបាលស្រុក គាត់ទើបបានដឹងដែរ។ ខ្ញុំបាទបានពិនិត្យ ការធ្វើនេះ ពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេ (ចរន្តទឹកហូរខ្លាំង ក្នុងរដូវវស្សា ) ” ។
នៅក្នុងរបាយការណ៍ ជូនលោករដ្ឋមន្ត្រីនោះ លោក ដោក ប៊ុនថុន បានសរសេរបញ្ជាក់ថាៈ ” ខ្ញុំបាទបានណែនាំគាត់ អោយប្រើប្រាស់ទំនប់ចាស់ នៅផ្នែកខាង លើទីតាំងប្រមាណ ៤៥០ ម៉ែត្រ ដែលមន្ទីរ បានយកគ្រឿងចក្រ ទៅជួយធ្វើឱ្យគាត់ តាំងពីឆ្នាំ២០១៩ ដែលបច្ចុប្បន្ន គាត់កំពុងប្រើប្រាស់ បង្វែរទឹកពីស្ទឹង ចូលទៅប្រឡាយមេ។ គោលបំណងដែលគាត់ (មេឃុំ) ធ្វើទំនប់ថ្មី គឺកាលណា តម្លើងកំពស់ទឹក ទឹកនៅក្នុងប្រឡាយមេជ្រៅ អ្នកភូមិពិបាកឆ្លង។ ទំនប់ចាស់ មានកន្លែងខ្លះ ទឹកច្រោះ គាត់មានការបារម្ភ។ ចំណុចទាំងពីរ ខាងលើខ្ញុំបាទ បានពន្យល់ អោយប្រើទំនប់ចាស់ ដោយយើងគ្រាន់តែពង្រឹង បន្ថែមបន្តិច អស់ថវិកាតិច ហើយចំណែកការធ្វើដំណើរ ឆ្លងប្រឡាយ យើងអាចធ្វើជំរាលប្រឡាយ អោយធំ ធារទឹក ក៏ហូរបានច្រើន អ្នកធ្វើដំណើរ ក៏អាចធ្វើដំណើរ បានស្រួល”។
គួររំលឹកឱ្យដឹងថា កាលពីថ្ងៃទី៧ ខែធ្នូ រស្មីកម្ពុជា បានផ្សាយដំណឹងថា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរឃុំមេលំ បានឯកភាពគ្នា ជាមួយប្រជាពលរដ្ឋ បានប្រមូលថវិកា បានជាង ៣៨ លានរៀល ជួលគ្រឿងចក្រ យកមកបុកគ្រឹះ ឲ្យបានរឹងមាំ នៅចំណុចព្រំប្រទល់ជាប់គ្នា រវាងឃុំផ្សារ និងឃុំមេលំ ក្នុងស្រុក បរិបូណ៌ ដើម្បីទប់ស្ទឹងបញ្ចាល់ទឹក ចូលប្រឡាយ សម្រាប់នាំយកទឹកពីស្ទឹង ទៅស្រោចស្រព ដីស្រែប្រាំង ប្រើប្រាស់អោយបានយូរអង្វែង តែម្តង ។ អាជ្ញាធរឃុំមេលំ និងប្រជាពលរដ្ឋ បានឯកភាពគ្នា ជាឯកច្ឆន្ទនេះ ដោយសារតែ ពួកគេជួបទុក្ខលំបាកនឹងតម្រូវការទឹក ជាចាំបាច់ ហើយត្រូវចំណាយថវិកា ប្រមាណ ២ លានរៀល ជារៀងរាល់ឆ្នាំ សម្រាប់ទប់ស្ទឹង បញ្ចាល់ទឹក ចូលប្រឡាយ ដើម្បីនាំយកទៅ ស្រោចស្រពផ្ទៃដី ស្រែប្រាំងនោះ ។
លោក ម កេ ត សុ ឃា មេឃុំ មេលំ ស្រុក បរិបូណ៌ បានបញ្ជាក់ ប្រាប់ អ្នកយកព័ត៌មាន ថាៈ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ទាំងពីរឃុំ ដែលនៅជាប់គ្នា តែងតែ ប្រមូលថវិកាគ្នាទិញ សំបកការ៉ុង ទិញឈើ ធ្វើជាបង្គោល បោះនិងទិញដើមឫស្សី ជាដើម ដើម្បីទប់ទឹកបញ្ចូល ទៅតាមប្រឡាយ រួចនាំយកទៅ ស្រោចស្រព ផ្ទៃដី ស្រែប្រាំង ដែលមានជាង ៨០០ ហិកតា នៅក្នុងឃុំ ២ គឺឃុំមេលំ និងឃុំផ្សារ ជាប់ព្រំប្រទល់គ្នា ។ ដោយសារតែ កិច្ចការងារនេះ ធ្វើដដែលៗ ជារៀងរាល់ឆ្នាំ បែបនេះហើយ ទើបឆ្នាំនេះ លោកបានសម្របសម្រួលគ្នា ជាមួយប្រជាពលរដ្ឋ ប្រមូលថវិកា ជួលគ្រឿងចក្រ មកបុកគ្រឹះរឹងមាំ សម្រាប់ការប្រើប្រាស់ អោយបាន យូរអង្វែង តែម្តង ។
លោក មេឃុំ មេលំ បានបញ្ជាក់ ថាៈ ការប្រមូល និងរៃអង្គាសគ្នា ជាប្រាក់ បានមកពីភូមិមេលំ ចំនួន ២៤.៤៦៥.០០០ រៀល និងភូមិកាន់យួរ ប្រមូល ថវិកាបាន ១៤.៤៦០.០០០ រៀល សរុបទាំង ២ ភូមិ គឺបានចំនួន ៣៨.៩២៥.០០០ រៀល ។ ថវិកាទាំងនោះ បានជួលគ្រឿងចក្រ មកលើកជាទំនប់ និងបុកគ្រឹះសសរថ្ម តែម្ដង ដែលអាចប្រើប្រាស់យូរអង្វែង ។
សូមបញ្ជាក់ថា ផ្ទៃដីជាង ៨០០ ហិកតា នៅផ្នែកខាងក្រោម នៃឃុំមេលំ និងឃុំផ្សារ ប្រសិនបើប្រជាពលរដ្ឋ មិននាំគ្នាបញ្ចាល់ទឹកស្ទឹង ឱ្យហូរចូលប្រឡាយទេ គឺស្រែរបស់ ប្រជាពលរដ្ឋ មិនអាចបង្ករបង្កើនផល ស្រូវប្រាំងបានឡើយ ដោយហេតុនេះហើយ ទើបពួកគេ តែងសហការគ្នា ទាំងថវិកា និងកម្លាំងពលកម្ម ទប់ទឹក រៀងរាល់ឆ្នាំ ។ តែសម្រាប់ឆ្នាំនេះ អាជ្ញាធរឃុំមេលំ ប្រើវិធានការថ្មី ជួលគ្រឿងចក្របុកគ្រឹះសម្រាប់ការ ប្រើប្រាស់ យូរឆ្នាំតែម្តង ៕PC