ដោយ: ជា សីហ:/ភ្នំពេញ: កាលពីព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ទេសចរណ៍ លោក រដ្ឋលេខាធិការ ទិត ចន្ថា បានទទួលអំណោយ ពីលោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំទីក្រុងភ្នំពេញ ដែលរួមមានម៉ាស់ចំនួន ២ម៉ឺន និងសម្ភារៈមួយចំនួន ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត ជាសកលនៃជំងឺកូវីដ១៩ ជាពិសេស បន្ទាប់ពីកើតមានព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា។
លោក រដ្ឋលេខាធិការបានថ្លែងថា អំណោយដនេះ ក្រសួងនឹងចែកជូនមន្ត្រីរាជការក្រសួង ទេសចរណ៍ ប្រើប្រាស់សម្រាប់កិច្ចប្រជុំនានា ហើយមួយចំណែកទៀត នឹងប្រគល់ជូន បន្តដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ ដែលមាន លោក រដ្ឋមន្ត្រី ជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ ពិសេសនៅក្នុងស្រុកតាំងគោក និងស្រុក បារាយណ៍។
លោកបានថ្លែងថា កាយវិការមនុស្សធម៌នេះ បង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីប្រកបដោយផ្លែផ្ការវាងកម្ពុជា-ចិន ដែលត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ី ជម្រៅថែមទៀតរហូតឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ហើយការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារៈមកកាន់កម្ពុជា គឺជាការយកចិត្តទុក ដាក់លើសពីក្របខណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដូងតែមួយ រវាងកម្ពុជា-ចិន។ បន្ថែមលើនេះ ស្ថិតក្នុងគ្រាដ៏លំបាក នៃវិបត្តិកូវីដ-១៩នេះមិត្តចិនបានបង្ហាញឱ្យឃើញ ពីអត្ថន័យដ៏ជ្រាលជ្រៅ និងគោលជំហរយ៉ាងច្បាស់លាស់ក្នុងការជួយដល់កម្ពុជា លើគ្រប់វិស័យ ដើម្បីឈានទៅសម្រេចឱ្យបាននូវ “សហគមន៍រួមវាសនាតែមួយ ចិន-កម្ពុជា” ៕PC