ដោយៈ បូកគោ / កំពតៈ សកម្មភាពអភិវឌ្ឍន៍ឆ្នេរខ្សាច់ ក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ បានដំណើរការ ទាំងគ្មានទំនាក់ទំនង ដើម្បីសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ បង្កឱ្យផ្នែកខ្លះ ប្រាសចាកពីគោលការណ៍ ទើបតម្រូវឱ្យផ្អាក មួយអន្លើរសិន។ ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលសកម្មភាពការងាររបស់ក្រុមហ៊ុន IGB ដែលកំពុងស្ថាបនា ឆ្នេរខ្សាច់កែបថ្មី។ ប្រតិភូមានការចាប់អារម្មណ៍ លើទិដ្ឋភាពពីរ គឺសកម្មភាពជីកឃ្លងផ្លូវទូក និងការបូមខ្សាច់ចេញ ពីសមុទ្រ ស្ថិតក្នុងភាពអវិជ្ជមាន។
ផ្អែកតាមការបញ្ជាក់ ពីមន្ត្រីជំនាញពាក់ព័ន្ធ គួបផ្សំនឹងទិដ្ឋភាពជាក់ស្តែង លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ ការជីកឃ្លងផ្លូវទូក ដែលមានទំហំធំ និងជម្រៅជ្រៅនោះ នឹងបង្កផលប៉ះពាល់ ដល់ជីវិតដើមកោងកាង ព្រោះតែការបិទទឹកសមុទ្រ មិនឱ្យហូរចូលមក ក្នុងបរិវេណនៃការដ្ឋាននេះ។ មុននឹងធ្វើសកម្មភាព ក្រុមហ៊ុន ត្រូវតែដាក់បង្ហាញ ប្លង់បច្ចេកទេស និងមានកិច្ចសហការ ជាមួយអ្នកជំនាញ ស្របតាមគោលការណ៍ របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា។ ប្រសិនបើធ្វើតែឯកឯងនោះ លទ្ធផល អាចនឹងប្រាសចាកពីផែនការ ដែលបានកំណត់។
លោកអភិបាលខេត្ត បានបន្តថាៈ ពេលនេះ អង្ករស្ទើរក្លាយជាបាយ ទៅហើយ ទើបតម្រូវឱ្យបន្តរកវិធីដោះស្រាយ ក្នុងបំណងបម្រើផលប្រយោជន៍ ទាំងប្រជាពលរដ្ឋ ទាំងក្រុមហ៊ុន ក៏ដូចជា រដ្ឋបាលខេត្ត។ ដើម្បីបញ្ចៀសពីការបាត់បង់ ធនធានធម្មជាតិ និងជីវៈចម្រុះ ក្រុមហ៊ុនត្រូវបើកបង្ហូរទឹកសមុទ្រ ដោយរកវិធីទប់ស្ទាក់ កុំឱ្យចូលកន្លែងជីកឃ្លងនោះ ជាជំនួសវិញ។
លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ ក្នុងករណីដើមកោងកាងងាប់ ក្រុមហ៊ុន ត្រូវដាំឡើងវិញ ជាចាំបាច់ ព្រោះសម្តេចប្រមុខរាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ ចំពោះព្រៃលិចទឹក នៅគ្រប់ទីកន្លែងទាំងអស់។ ចំណែកការបូមខ្សាច់ ចេញពីបាតសមុទ្រវិញ បើផ្អែកតាមការបញ្ជាក់ ពីគ្រប់ភាគីពាក់ព័ន្ធថា មុននឹងបូមគឺ មិនបានសិក្សាត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសទេ។ ថ្ងៃក្រោយ អាចនឹងប៉ះពាល់ផ្នែកបរិស្ថាន ក៏ដូចជា សុវត្ថិភាពភ្ញៀវ ដូច្នេះក្រុមហ៊ុន ត្រូវផ្អាកសកម្មភាពសិន។ នៅពេលមន្ត្រីជំនាញ ពិសេសខាងក្រសួងរ៉ែ និងថាមពល ចុះមកណែនាំ ឬកំណត់គោលដៅយ៉ាងណា ក្រុមហ៊ុនត្រូវតែអនុវត្ត តាមដោយមិនអាចជំទាស់ ឬធ្វើតាមចិត្តនោះឡើយ។ និយាយរួម ក្រុមហ៊ុន គួរងាកទៅដំណើរការផ្នែកផ្សេងៗ ស្របតាមកិច្ចសន្យាដែលមាន ហើយត្រូវបង្ហាញប្លង់បច្ចេកទេស ដើម្បីតម្លាភាពការងារ។
លោក ជាវ តាយ បានបញ្ជាក់ថាៈ តាមការពិនិត្យជាក់ស្តែង ការស្ថាបនាឆ្នេរនេះ ហាក់មានភាពយឺតយ៉ាវ ជាងការព្រៀងទុក។ ដូច្នេះក្រុមហ៊ុន ត្រូវបង្កើនល្បឿនការងារ ព្រោះសព្វថ្ងៃ ទាំងគ្រឿងចក្រ ទាំងសកម្មភាព នៅមិនទាន់ស័ក្តិសមនឹងកិច្ចអភិវឌ្ឍន៍ លើផ្ទៃដី រហូតដល់រាប់រយហិកតានោះទេ៕/V