ប្រែសម្រួល : កញ្ញាដាលី/ញូវដេលី ៖ កូដកម្មទូទាំងប្រទេសដែលអំពាវនាវដោយកសិករឥណ្ឌារាប់សិបពាន់នាក់ ប្រឆាំងនឹងច្បាប់កសិកម្មថ្មី បានចាប់ផ្តើមនៅថ្ងៃអង្គារនេះចំពេលមានការធ្វើបាតុកម្មថ្មីនៅជាយរដ្ឋធានី។
កូដកម្មនេះធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាចំនួន៥ លើករវាងកសិករនិងរដ្ឋាភិបាលឥណ្ឌា ដែលមិនបានទម្លាយភាពទាល់ច្រកណាមួយទេក្រោយពីកសិកររាប់ម៉ឺននាក់បានបិទផ្លូវធំៗនៅជាយក្រុងញូវដេលីអស់រយៈពេលជិតពីរសប្តាហ៍មកហើយ។
មេដឹកនាំបាតុកម្មបានច្រានចោលសំណើរបស់រដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្មបទប្បញ្ញត្តិពោរពេញដោយវិវាទមួយចំនួននៃច្បាប់កសិកម្មថ្មី ដែលមិនគោរពតម្លៃដំណាំ និងទាមទារឱ្យរដ្ឋាភិបាលលុបចោលច្បាប់នេះចោលទាំងស្រុង។
នៅសង្កាត់ហ្គាស៊ីពួ នៅជាយក្រុងញូវដេលី កសិកររាប់រយនាក់បានបិទផ្លូវចេញចូលទាំងអស់។ ពួកគេបានស្រែកពាក្យស្លោកដូចជា “ជយោ! សាមគ្គីភាពកសិករ” និងកាន់បដាជាច្រើនទៀតដែលខ្លះសរសេរថា “គ្មានកសិករ គ្មានអាហារ”។
ពួកគេអនុញ្ញាតឱ្យតែរថយន្តសង្គ្រោះបន្ទាន់ រួមទាំងឡានពេទ្យឆ្លងកាត់ប៉ុណ្ណោះ។
មេដឹកនាំកសិករបានគំរាមបង្កើនបាតុកម្មនិងកាន់កាប់ទីកន្លែងបង់លុយផ្លូវនៅទូទាំងប្រទេសនៅថ្ងៃអង្គារនេះ ប្រសិនបើរដ្ឋាភិបាលមិនលុបចោលច្បាប់នេះទេនោះ។
ភាគីទាំងពីរនឹងជួបពិភាក្សាគ្នាបន្ថែមទៀតនៅថ្ងៃពុធស្អែកនេះ៕
កសិករឥណ្ឌាធ្វើកូដកម្មបិទផ្លូវជុំវិញក្រុងដើម្បីទាមទារឱ្យរដ្ឋាភិបាលលុបចោលច្បាប់កសិកម្មថ្មី