ដោយ: សរិទ្ធ / ភ្នំពេញ: លោកស្រី SITANAN SATSAKSIT អាយុ៤៨ឆ្នាំ ជនជាតិថៃ ជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងរឿងក្ដីបាត់ប្អូនប្រុសម្នាក់នៅលើទឹកដីកម្ពុជា បានចូលខ្លួនតាមដីការកោះហៅរបស់លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺនិង ផ្ដល់នូវភស្តុតាងកាលពីព្រឹកថ្ងៃទី ០៨ធ្នូ ឆ្នាំ២០២០នេះ ។
លោកស្រី SITANAN SATSAKSIT មានអាស័យដ្ឋាននៅផ្ទះលេខ ២៩៩ តំបន់ណៃអ៊ឹង ខេត្តអ៊ូប៊ុន រាឆាថានី ប្រទេសថៃ គឺជាដើមបណ្តឹង ធ្លាប់បានប្ដឹងចូលមកតុលាការកម្ពុជាអំពីការបាត់ដំណឹងប្អូនប្រុសរបស់គាត់ម្នាក់ឈ្មោះ វ៉ាន់ឆាក់ ឡឺមសាប់ស៊ីត អាយុប្រហែល៤០ឆ្នាំ កាលពីឆ្នាំ២០១៩កន្លងទៅ បន្ទាប់ពីប្អូនប្រុសរបស់គាត់បានចូលមកស្នាក់នៅបណ្ដោះអាសន្ននៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
សំណុំរឿងក្ដីនេះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើការចោទប្រកាន់ទៅលើ« អញ្ញតជន » និងបញ្ជូនអោយចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ទើបលោកចៅក្រម ស៊ិន សុវណ្ណរ័ត្ន កោះហៅលោកស្រី SITANAN SATSAKSIT ដែលជាដើមបណ្ដឹងមកធ្វើការសាកសួរ ផ្ដល់នូវភស្តុតាង ឬឯកសារផ្សេងៗដែលមានប្រយោជន៍ក្នុងរឿងក្ដីនេះ អមដោយមេធាវីជនជាតិថៃផងដែលការពារផលប្រយោជជនរងគ្រោះ ៕