ប្រែសម្រួល : កញ្ញាដាលី ៖ ស្ដ្រីវ័យ៩០ឆ្នាំម្នាក់មកពីទីក្រុងខូវិនទ្រីរបស់អង់គ្លេសបានក្លាយជាមនុស្សដំបូងគេបង្អស់ក្នុងពិភពលោក ដែលចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណារបស់ក្រុមហ៊ុន Pfizer ខណៈដែលប្រទេសនេះចាត់វិធានការដ៏មហិមាឆ្ពោះទៅរកការបញ្ចប់ជំងឺរាតត្បាត។
ទីភ្នាក់ងារសុខភាពជាតិអង់គ្លេស (NHS) នៅព្រឹកថ្ងៃអង្គារនេះបានចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្ដិសាស្ដ្រអង់គ្លេសនៅមន្ទីរពេទ្យចំនួន ៥០កន្លែងដែលអាវុធថ្មីរបស់ចក្រភពអង់គ្លេសក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ១៩កំពុងចាក់ទៅលើមនុស្សដែលមានអាយុ៨០ឆ្នាំឡើង និងបុគ្គលិកពេទ្យក៏ដូចជាបុគ្គលិកមណ្ឌលសុខភាពនៅជួរមុខ និងអ្នកងាយរងគ្រោះដទៃទៀត។
នៅម៉ោង ៦៖៣០ នាទីព្រឹកថ្ងៃអង្គារនេះ លោកស្រី ម៉ាហ្គារ៉េត ឃីណាន់ ដែលនឹងមានអាយុ ៩១ ឆ្នាំនៅសប្តាហ៍ក្រោយ គឺជាមនុស្សដំបូងគេនៅលើពិភពលោកដែលទទួលបានវ៉ាក់សាំងពីក្រុមហ៊ុន Pfizer ចាប់តាំងពីវាត្រូវបានអនុម័តដោយនិយតករអង់គ្លេស ដោយលោកយាយហៅវាថាជា “កាដូខួបកំណើតដំបូងបំផុតដែលខ្ញុំប្រាថ្នាចង់បាន”។
រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក ម៉ាត់ ហានខុក និយាយថា គាត់ហូរទឹកភ្នែក នៅពេលគាត់មើលលោកស្រីឃីណាន់ទទួលវ៉ាក់សាំងនៅព្រឹកនេះ បន្ទាប់ពីឆ្លងកាត់ឆ្នាំ២០២០ដ៏លំបាកលំបិន។ ដោយឡែក លោកនាយករដ្ឋមន្ត្រីបូរីស ចនសុន បានសរសេរលើ Twitter ថា “ថ្ងៃនេះការចាក់វ៉ាក់សាំងដំបូងបង្អស់នៅចក្រភពអង់គ្លេសប្រឆាំងនឹងជំងឺកូវីដ១៩ចាប់ផ្តើម។ អរគុណ NHS របស់យើងអរគុណអ្នកវិទ្យាសាស្ត្រទាំងអស់ ដែលប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្កើតវ៉ាក់សាំងនេះសម្រាប់អ្នកស្ម័គ្រចិត្តទាំងអស់គ្នា និងអរគុណចំពោះអ្នករាល់គ្នា ដែលបានគោរពតាមច្បាប់ដើម្បីការពារអ្នកដទៃ។យើងនឹងផ្តួលជំងឺនេះជាមួយគ្នា”៕
លោកយាយឃីណានចាក់វ៉ាក់សាំងកូវីដ១៩មុនគេនៅអង់គ្លេស
នាយករដ្ឋមន្រ្តីអង់គ្លេសមើលការចាក់វ៉ាក់សាំងជូនមនុស្សចាស់ៗកាលពីថ្ងៃអង្គារ