សម្តេច​ក្រឡាហោម ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​មូលដ្ឋាន​

1130
ចែករម្លែក
  • 25
    Shares
សម្តេចក្រឡាហោម ស ខេង

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សូម​ឲ្យ​ប្រជាពលរដ្ឋ​អស់​បើ​ឃើញ​ឬ​ដឹងថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​អសកម្ម​ត្រូវ​រាយការណ៍​មក​ថ្នាក់ជាតិ​តាមរយៈ​បណ្ដាញ​សង្គម​ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដើម្បី​ជួយ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​។​សម្តេច​ក្រឡា​ហោម​ក៏បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​កុំ​លាប​ពណ៌ និង​រើសអើង​និន្នាការ​នយោបាយ តែ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​។​

​ការ​ថ្លែង​របស់​សម្តេច​ក្រឡាហោម​សខេង​បាន​ធ្វើឡើង​ក្នុង​ពិធី​កាត់​ឫស​សីមា​នៅ​វត្ត​ទួល​ពង្រ ស្ថិតនៅ​ភូមិ​ស្វាយស ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមេសា​ម្សិលមិញ​។​

​ ​សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ថា “​បើ​មានអី​ខុសឆ្គង សុំ​មេត្តា​បងប្អូន​ប្រជា​ពលរដ្ឋ​ផ្តល់ព័ត៌មាន​ឲ្យ​យើងខ្ញុំ​តាម​ហ្វេ​ស​ប៊ុ​ក​តាម​ទូរស័ព្ទ​,​តាម​វ៉ាត​សាប់​(whatsapp),​តេ​ឡេ​ក្រាម​(telegram)​​តាម​វិទ្យុទូរទស្សន៍​…​កុំ​លាក់​កុំ​លៀម​។​ឃើញ​ខុស​ថា​ខុស​ដើម្បី​សម្រួល​កុំ​ឲ្យ​មាន​បញ្ហា​អីចឹង​ទៀត​។​អស់លោកអ្នក​ដឹកនាំ​ពិសេស​នៅ​មូលដ្ឋាន​ត្រូវ​ចាត់ទុក​ប្រជាពលរដ្ឋ​ជា​ចៅហ្វាយនាយ​របស់​យើង​។ យើង​ត្រូវ​បម្រើ​គាត់ ពីព្រោះ​ប្រាក់ខែ ប្រាក់​ថ្ងៃ​របស់​យើង ដែល​បាន​សព្វថ្ងៃនេះ វា​កាន់តែ​កើនឡើង​ហើយ តែ​សួរថា បាន​មកពីណា​? ”​។​

​ ​សម្តេច​ក្រឡាហោម​បាន​សង្កត់ធ្ងន់ថា​“​សូមមេត្តា​កុំ​បែងចែក​ឲ្យ​សោះ​រឿង​គណបក្ស​ជា​គណបក្ស​ហើយ​។​យើង​ធ្វើ​ការងារ​គណបក្ស​គឺ​អ្នកណា​ជា​សមាជិក​គណបក្ស​ត្រូវ​និយាយ​រឿង​ច្បាប់​។​បក្ស​ណា​ដូច​បក្ស​ណា​នៅ​កម្ពុជា​ក៏ដូចជា​ប្រទេស​នានា​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ដូចគ្នា​ទេ​។​ប៉ុន្តែ​ក្នុងឋានៈ​យើង​ជា​អាជ្ញាធរ គឺ​យើង​អត់​បែងចែក​កើត​ទេ ។​យើង​គ្មាន​សិទ្ធិ​ដើម្បី​និង​បែងចែក​អ្នកនេះ​ស អ្នកនោះ​ខ្មៅ អ្នកនេះ​ខៀវ អ្នកនេះ​ក្រហម​”​។
​ ​ជាមួយគ្នានេះ​សម្តេច​ក្រឡាហោម​ក៏បាន​សូម​ឲ្យ​អាជ្ញាធរ​នៅ​មូលដ្ឋាន​និង​អ្នកដឹកនាំ​ប្រកាន់​ឥរិយាបទ​សុភាពរាបសារ គោរព​ប្រជាពលរដ្ឋ បម្រើ​ប្រជាពលរដ្ឋ ហើយ​សូមកុំ​បែងចែក​។


​ ​សម្តេច​ក្រឡាហោម​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​បោះឆ្នោត​សូម​អញ្ជើញ​ទៅ​ចូលរួម​បោះ​ឆ្នោត​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​ដើម្បី​បាន​ត្រឡប់មកវិញ​នៅ​សុខសន្តិភាព ស្ថិរភាព និង​បានការ​អភិវឌ្ឍន៍​ជីវភាព​រស់នៅ​របស់​យើង​តទៅទៀត​៕​មន​