ដោយ: មុនីរ័ត្ន / ភ្នំពេញ: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានទទួលម៉ាស់ចំនួន ១០ម៉ឺនម៉ាស់ និងទឹកអាល់កុលចំនួន២០ប៊ីដុង ស្មើនឹង៦០០លីត្រ ពីសមាគមសហក្រិនចិនជាំងស៊ូ ប្រចាំនៅកម្ពុជា សម្រាប់កម្លាំងនគរបាលប្រើប្រាស់ និងបន្តយកទៅចែកជូនប្រជាពលរដ្ឋដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ។
ពិធីផ្តល់និងទទួលម៉ាស់ខាងលើបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមវត្តមានលោក តុង ចំរើន ប្រធានសមាគមសហគ្រិន ចិនជាំងស៊ូនៅកម្ពុជា និងលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងទទួលផែនការងារភស្ថុភារនិងហិរញវត្ថុ ដែលជាតំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសមាគមសហគ្រិន ចិនជាំងស៊ូនៅកម្ពុជា ដែលបាននាំយកនិងការឧបត្ថម្ភនូវម៉ាស់និងទឹកអាល់ទាំងនេះ ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះជាកាយវិកាដ៏សប្បុរសដែលគិតគូរពីសុខភាព ក្នុងជួរកងកម្លាំងនគរបាលក៏ដូចការលើកទឹកចិត្តដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលកំពុងតែចូលរួមសហការជាមួយក្រសួងសុខាភិបាល និងអង្គភាពពាក់ព័ន្ធដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩។
លោកស្នងការការរងបានបន្តថា កម្លាំងនគរបាលរាជធានីភ្នំពេញអនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត ក្នុងតំណាក់កាលដែលប្រទេសកម្ពុជា និងជាពិសេសនៅក្នុងរាជធានីភ្នំពេញដែលឆ្លងរាលដាលជំងឺកូវីដ១៩ បានចេញធ្វើសកម្មភាពចែកម៉ាស់ជាច្រើននិងចុះផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋនៅតាមសហគមន៍ នៅតាមផ្លូវសាធារណៈ និងទីប្រជុំជននានា អនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការរបស់ក្រសួងសុខាភិបាល និងពង្រឹងស្មារតីឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតពីជំងឺឆ្លងកូវីដ១៩។
ក្នុងឱកាសនោះ លោកតុង ចំរើន ប្រធានសមាគមសហគ្រិន ចិនជាំងស៊ូនៅកម្ពុជា ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់របស់កម្លាំងនគរបាលរាជធានីភ្នំពេញ មិនត្រឹមតែខិតខំបំពេញភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នាំមកនូវសុវត្ថិភាពសង្គមប៉ុណ្ណោះនោះទេថែមទាំងបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩។ជំងឺនេះកំពុងតែរីករាលដាលជាសកល និងបានឆ្លងបង្កឱ្យប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោករងគ្រោះបាត់បង់ជីវិត។
លោកបានលើកឡើងទៀតថា ការឧបត្ថម្ភម៉ាស់និងទឹកអាកុលលាងដៃជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតប និងតម្រូវការចាំបាច់ ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងតំណាក់កាលប្រទេសកម្ពុជា កំពុងតែប្រឈមឆ្លងរីករាលដាលជំងឺកូវីដ១៩។
សូមជម្រាបថា ជំងឺឆ្លងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ត្រូវគេមើលឃើញថា នៅតែជាការគំរាមកំហែងនៃការឆ្លងរីករាលដាលទៅដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ គ្រាដែលរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជាបានបង្ហាញឱ្យដឹងថា គិតត្រឹមវេលាម៉ោង៧ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរប្រុសស្រី០២នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តរកឃើញមានវីរុសកូវីដ១៩ដោយអ្នកឆ្លងបានកើនឡើងរហូតដល់៣៤នាក់នោះ ហើយចំពោះអ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា៕