ដោយ: សរិទ្ធ / ភ្នំពេញ: តាមប្រភពព័ត៌មានពីសាច់ញាតិអ្នកញៀនល្បែងស៊ី បានបង្ហើបប្រាប់ថា ផ្ទះជួលដល់ទៅ៦ល្វែង ស្ថិតនៅតាមផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ របស់ឈ្មោះ សូ សំឡូត ជាមេល្បែងដ៏ល្បីល្បាញ កំពុងដំណើរការយ៉ាងរលូន ដោយមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាប នៅឡើយទេ។
ជុំវិញបញ្ហានេះ លោកវរសេនីយឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ ថ្លែងប្រាប់នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នេះ ថា លោកមិនបានដឹងបញ្ហាល្បែងស៊ីសង នេះទេ ដោយសារថ្នាក់ក្រោមមិនបានរាយការណ៍ ។ ប៉ុន្តែ លោកអធិការ បន្តថា លោកនឹងមានវិធានការ ចំពោះបញ្ហានេះ ។
ទីតាំងមួយនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបប្រាប់ថា មានធ្វើរបងដែកពីខាងក្រៅ ដោយអនុញ្ញាតអោយអ្នកលេងចូលដាក់ឡាននិងម៉ូតូ នៅខាងក្នុង ដោយបន្លំភ្នែកសមត្ថកិច្ច ធ្វើដូចជាស្ងប់ស្ងាត់ណាស់ ។ ប៉ុន្តែ ខាងក្នុងវិញ គឺ កំពុងលេងល្បែងយ៉ាងគគ្រឹកគ្រេង ។ ជាមួយគ្នានេះ ក៏មានការបែកធ្លាយរូបភាពលេងល្បែងស៊ីពីខាងក្នុងនោះ ផងដែរ ។
ឈ្មោះ សូ សំឡូត ជាមេល្បែងដ៏ល្បីល្បាញ លើកមុនធ្លាប់បើកទីតាំងល្បែងនៅចំណុចក្នុងបុរីសុភមង្គលភ្នំពេញ ព្រែកលាបខណ្ឌជ្រោយចង្វារ តែពេលនេះ បានប្តូរទីតាំងមកផ្ទះជួលដល់ទៅ៦ល្វែង ស្ថិតនៅតាមផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ វិញ។
តាមប្រភពព័ត៌មានគួរអោយជឿទុកចិត្តបាន គឺ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នេះ ល្បែងស៊ីសង មួយកន្លែងនេះ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ហើយក៏មានឡានពាក់ផ្លាកលេង នគរបាល នៅមុខផ្ទះល្វែងនេះ ផងដែរ ៕