សុខ វណ្ណៈ៖មជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញៈ អេង ពេជ្រ ហៅ ប៉ិច ភេទស្រី អាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិស្លាកេត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ប៉ិច មានឪពុកឈ្មោះ លី ឆេង មានស្រុកកំណើតនៅខេត្តកណ្តាល និងមានម្តាយឈ្មោះ វួច ហៀង មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ ប៉ិច បានចេញពីស្រុកកំណើតតាំងពីអាយុ៩ឆ្នាំ មករស់នៅតាមឪពុកម្តាយនៅភូមិក្តុលឃុំទន្លូងស្រុកមេមត់ ខេត្តកំពង់ចាម ដោយសារតែឪពុករបស់ ប៉ិច បានទទួលម៉ៅការសាងសង់ផ្លូវជាតិលេខ៧ ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម។ កាលពីក្មេង ប៉ិច បានចូលរៀននៅសាលាបឋមសិក្សាក្តុលត្រឹមថ្នាក់ទី៩ចាស់ ក៏ឈប់រៀន។
អេង ពេជ្រ ហៅ ប៉ិច មានកូនចំនួន៤នាក់ ហើយសព្វថ្ងៃគាត់រស់នៅភូមិក្តុល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។(សុខ វណ្ណៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ប៉ិច បានរៀបរាប់ថា នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ខ្ញុំបានស្គាល់ឈ្មោះ ណាល់ ដែលមានឪពុកមាឈ្មោះ តាង៉ាន់ រស់នៅចម្ការថ្មី ក្នុងភូមិស្លា ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ជាប់នឹងនឹងប្រទេសវៀតណាម។ នៅពេល នោះប្រទេសវៀតណាមបានកើតសង្គ្រាមរវាងវៀតណាមខាងជើង ដែលមានកងទ័ពវៀតកុង និងវៀតណាមខាងត្បូវដែលមានកងទ័ពធីវគី។ កងទ័ពវៀតកុងមួយចំនួនបានចូលមកលាក់ខ្លួននៅក្នុងព្រៃតាមព្រំដែនកម្ពុជា-វៀតណាម ដូច្នេះហើយទើបប្រជាជននៅក្នុងភូមិកោះថ្ម ឬ ភូមិអញ្ឆញ, ភូមិស្លា, ភូមិក្តុល, ភូមិចង្គុំ ក្នុងឃុំទន្លូង និងប្រជាជនដែលមកពីតំបន់ផ្សេងៗទៀតជាប់ព្រំដែនវៀតណាមបាននាំគ្នាទិញអង្ករ និងថ្នាំពេទ្យ ដឹកទៅលក់ឲ្យកងទ័ពវៀតកុងនៅម្តុំព្រៃទួលនេត ដើម្បីបានប្រាក់ចំណេញ។ កាលនោះឪពុកម្តាយខ្ញុំបានបើកលក់អង្ករនៅផ្ទះ ដូច្នេះទើបប្រជាជនក្នុងភូមិនាំគ្នាមកទិញអង្កររបស់គាត់យកទៅលក់បន្តឲ្យកងទ័ពវៀតកុង។
នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាចាប់ផ្តើមកើតចលាចល និងសង្គ្រាមដោយសារលោកសេនាប្រមុខលោកលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ប្រជាជននៅតាមស្រុកស្រែចម្ការមិនសប្បាយចិត្តនឹងរដ្ឋប្រហារនេះឡើយ។ យុវជនមួយចំនួនបានធ្វើបាតុកម្ម និងហែរក្បួនតាមបណ្តោយផ្លូវជាតិ ប៉ុន្តែត្រូវបានទាហាន លន់ នល់ បាញ់បង្ក្រាបបណ្តាលឲ្យបាតុករមួយចំនួនរងរបួស និងមួយចំនួនបានវិលត្រឡប់ទៅភូមិកំណើតវិញ។ បើតាមខ្ញុំដឹង បងណាល់ និងមិត្តភក្តិរបស់គាត់ឈ្មោះ វណ្ណៈ បានចូលរួមបាតុកម្មនោះដែរ។ បន្ទាប់មកទៀតតាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ពីទីក្រុងប៉េកាំង ប្រទេសចិនឲ្យកូនចៅចូលព្រៃម៉ាគីតស៊ូដើម្បីរំដោះជាតិ ទើបយុវជននៅក្នុងភូមិក្តុល និងភូមិមួយចំនួនទៀតបានស្ម័គ្រចូលរួមចលនាតស៊ូ ហើយក្នុងចំណោមយុវជនទាំងនោះក៏មានបង ណាល់ និងមិត្តភក្តិរបស់គាត់ដែរ។ កាលនោះ ខ្ញុំបានឃើញយុវជនខ្លះ រត់ត្រឡប់មកផ្ទះវិញដែរ ដោយសារខ្លាចការវាយប្រយុទ្ធគ្នា។
នៅអំឡុងឆ្នាំ១៩៧០ដដែល ខ្ញុំបានឃើញទាហានអាមេរិកាំងមកតាំងបន្ទាយនៅកោះថ្ម, ពងទឹក, ភូមិក្តុល និងវាលស្រែក្បែរផ្ទះរបស់ខ្ញុំ។ ទាហានអាមេរិកាំងខ្លះមានស្បែកខ្មៅ ខ្លះទៀតមានស្បែកស និងមាឌធំៗដើរចូលមកក្នុងភូមិរបស់ខ្ញុំដោយមានកាន់កាំភ្លើងគ្រប់ដៃ និងមានរថក្រោះបើកអមមកជាមួយ។ នៅពេលនោះប្រជាជនក្នុងភូមិបានរស់នៅក្នុងស្ថានភាពភ័យខ្លាចដោយសារការវាយប្រយុទ្ធគ្នា គ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែក។ ចំណែកកងទ័ពវៀតកុងបានស្លៀកពាក់ខោអាវស៊ីវិលដូចប្រជាជនខ្មែរ ដើម្បីបន្លំខ្លួនចូលមកក្នុងភូមិស៊ើបការដែលធ្វើឲ្យទាហានអាមេរិកាំងពិបាកបែងចែករវាងប្រជាជនខ្មែរ និងវៀតកុង។ បើតាមកងទ័ពវៀតកុងឈ្មោះ អុង ជិន ដែលធ្លាប់យកគ្រាប់មីនមកលាក់ទុកនៅផ្ទះរបស់ខ្ញុំបាននិយាយថា ទាហានអាមេរិកាំងត្រូវបានកងទ័ពវៀតកុងលប់បាញ់ បណ្តាលឲ្យស្លាប់ និងរងរបួសជាច្រើននាក់។ ពេលនោះរថក្រោះរបស់ទាហានអាមេរិកាំងប្រហែលជា៣០គ្រឿង មិនអាចមកជួយអន្តរាគមន៍ទាន់ពេលវេលាឡើយ។ កងទ័ពវៀតកុងមានជំនាញខាងជីកផ្លូវក្រោមដីដើម្បីលាក់ខ្លួន និងស៊ើបការណ៍ ហើយប្រជាជនខ្មែរខ្លះបានជួយលាក់បាំងទាហានវៀតកុងថែមទៀត ដែលធ្វើឲ្យទាហានអាមេរិចកាំងកាន់តែពិបាកក្នុងការស្វែងរកទីតាំងរបស់កងទ័ពវៀតកុង។ នៅពេលយប់កងទ័ពវៀតកុងយ៉ាងច្រើនសន្ធឹកសន្ធាប់បានធ្វើដំណើរចេញពីព្រំដែនវៀតណាមឆ្លងកាត់ភូមិកោះថ្ម ភូមិក្តុល ចូលទៅខាងក្នុងប្រទេសកម្ពុជា។ ប្រជាជនខ្មែរមួយចំនួនបានជួយយាមផ្លូវឲ្យកងទ័ពវៀតកុង ព្រោះខ្លាចក្រែងកងទ័ពវៀតកុងដើរចំខ្សែត្រៀម និងបន្ទាយទាហានអាមេរិកាំងទៀតផង។ ទាហានអាមេរិកាំងបានតាំងបន្ទាយនៅក្នុងភូមិមួយរយៈក៏ដកចេញទៅវិញអស់។
នៅឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានឡើងកាន់អំណាច ហើយទ្រព្យសម្បត្តិរបស់ប្រជាជននៅភូមិកោះថ្ម ភូមិក្តុល និងភូមិស្លា ត្រូវបានខ្មែរក្រហមប្រមូលដាក់រួមទាំងអស់។ ខ្មែរក្រហមបានចាត់តាំងប្រជាជននៅក្នុងភូមិឲ្យធ្វើការងាររួម និងហូបបាយរួមតាមសហករណ៍។ នៅក្នុងឆ្នាំ១៩៧៥ ដដែល ខ្ញុំបានឃើញ បងណាល់ និងយោធាខ្មែរក្រហមជាច្រើននាក់ទៀតបានដើរឆ្លងកាត់ភូមិដោយស្លៀកពាក់ឯកសណ្ឋានយោធា។ ខ្ញុំដឹងថា បងណាល់ ស្នាក់នៅបន្ទាយនៅភូមិកោះថ្ម។ នៅក្នុងសម័យខ្មែរក្រហម ទោះបីជាយើងធ្លាប់ស្គាល់គ្នា ឬក៏ជាប់សាច់ញាតិ និងបងប្អូនគ្នា ក៏យើងមិនអាចទៅរាក់ទាក់បានដែរ។ នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៦ ប្រជាជននៅក្នុងភូមិក្តុលមិនសូវជួបការលំបាកក្នុងការហូបចុកប៉ុន្មានទេ ប៉ុន្តែប្រជាជនក៏ត្រូវធ្វើការងារលើកទំនប់ប្រឡាយគ្មានពេលសម្រាកដែរ។ នៅអំឡុងឆ្នាំ១៩៧៧ ប្រជាជនរស់នៅក្នុងភូមិចាប់ផ្តើមខ្វះខាត និងហូបចុកមិនបានគ្រប់គ្រាន់។ លើសពីនោះយោធាមជ្ឈិមបានចុះមកចាប់យោធា និងកម្មាភិបាលខ្មែរក្រហមនៅភូមិភាគបូព៌ាមួយចំនួនថែមទៀត។ ថ្ងៃមួយ ខ្ញុំបានជួប តាញ៉ាល់ ប្រជាជននៅក្នុងភូមិកោះថ្ម។ តាញ៉ាល់ បានលួចខ្សឹបប្រាប់ខ្ញុំថា «អញបានជូន ណាល់ ដើរកាត់ព្រៃទៅដល់ព្រំដែនវៀតណាមហើយ ប៉ុន្តែកុំមាត់ឲ្យអង្គការដឹងប្រយ័ត្នងាប់ទាំងអស់គ្នា»។ ពេលខ្ញុំឮ តាញ៉ាល់ និយាយដូច្នេះ ខ្ញុំក៏មិនហ៊ានសួរដេញដោលច្រើនដែរ ព្រោះយោធាមជ្ឈិមបានចូលមកដល់ភូមិហើយ។ សភាពការណ៍នៅក្នុងភូមិកាន់តែច្រួលច្របល់ ហើយមួយរយៈក្រោយមក ស្រាប់តែខ្មែរក្រហមចេញផែនការជម្លៀសប្រជាជនក្នុងភូមិកោះថ្ម, ភូមិក្តុល, ភូមិស្លា, ភូមិចង្គុំ ឲ្យទៅរស់នៅតំបន់ផ្សេងវិញ។ ខ្ញុំនិងគ្រួសារបានប្តូរទៅរស់នៅស្វាយជ្រះ និង ស្រែចារ ក្នុងស្រុកស្នួល ខេត្តក្រចេះ។ បន្ទាប់មក ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យទៅធ្វើការក្នុងកងចល័ត ប៉ុន្តែមិនមានអាហារហូបគ្រប់គ្រាន់ឡើយ។ មានយុវជន និងយុវនារីមួយចំនួនបានស្លាប់ដោយសារអត់អាហារ និងមួយចំនួនទៀតត្រូវអង្គការបោកបញ្ឆោតយកទៅសម្លាប់ដោយកុហក់ថា ឲ្យទៅធ្វើត្រីប្រហុក។ ពេលនោះខ្ញុំក៏បានស្នើសុំប្រធានយោធាឈ្មោះ ទិ ទៅធ្វើត្រីហុកដែរ ព្រោះគិតថានឹងទទួលបានត្រីខ្លះយកមកហូប ប៉ុន្តែប្រធានយោធាតបមកខ្ញុំវិញថា មិត្តឯងចង់ទៅងាប់នឹងគេដែរឬ? ពេលនោះទើបខ្ញុំដឹងថាអង្គការយកអ្នកដែលមានឈ្មោះទៅធ្វើត្រីប្រហុកទៅសម្លាប់។
នៅខែតុលា ឆ្នាំ១៩៧៨ អង្គការបានប្រមូលកងនារី និងកងយុវជនទាំងអស់ឲ្យទៅជួយសែងយោធាដែលរងរបួស និងស្លាប់ពេលដែលវាយប្រយុទ្ធជាមួយកងទ័ពវៀតណាមនៅសមរភូមិ។ យើងសែងយោធាខ្មែរក្រហមជាច្រើននាក់ដែលរងរបួសបណ្តាក់គ្នាសំដៅទៅផ្លូវជាតិដើម្បីដឹកតាមរថយន្តយកទៅព្យាបាល។ ខ្ញុំខ្លាចខ្មោចខ្លាំងណាស់ ប៉ុន្តែពេលអង្គការប្រើឲ្យសែងខ្មោចខ្ញុំលែងខ្លាចអ្វីទាំងអស់។ នៅពេលខ្ញុំសែងខ្មោច និងអ្នករបួសខ្ញុំទទួលបានបាយហូបគ្រប់គ្រាន់។ ខ្ញុំធ្វើកិច្ចការនេះរយៈពេលប្រហែលជាមួយខែ ខ្មែរក្រហមបានចាប់ផ្តើមកៀរប្រជាជនឲ្យទៅរស់នៅភាគខាងលិច ប៉ុន្តែខ្ញុំបានគេចខ្លួនមិនព្រមទៅតាមការចាត់តាំងរបស់ខ្មែរក្រហមឡើយ គឺខ្ញុំចង់នៅខាងវៀតណាម ព្រោះខ្ញុំអាចនិយាយភាសាវៀតណាមបានខ្លះ។ ជាសំណាងល្អខ្ញុំបានជួបកងទ័ពវៀតណាម និងបានជួបប្រជាជនមួយចំនួនដែលភៀសខ្លួនចូលទៅខាងវៀតណាម។
បន្ទាប់មកខ្ញុំបានជិះរថយន្តជាមួយកងទ័ពវៀតណាមទៅចូលរួមការប្រារព្ធពិធីបង្កើតរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨។ ខ្ញុំបានជួបតា បាក់ សព្វថ្ងៃរស់នៅភូមិក្តុល, កាណា សព្វថ្ងៃរស់នៅផ្សារស្នួល, យាយពេញ គឺជាអ្នកជម្លៀសមកពីភ្នំពេញដែលអ្នកភូមិហៅគាត់ថា យាយអំពេញៗ ដែលសព្វថ្ងៃគាត់ស្លាប់ហើយ។ ខ្ញុំបានឃើញកងទ័ព ប្រជាជនខ្មែរ រួមទាំងមន្ត្រីទូតមកចូលរួមក្នុងកម្មពិធីនេះ។ នៅពេលនោះមានកងទ័ពវៀតណាមប្រមាណមួយកងពល រួមជាមួយកាំភ្លើងតូចធំ រថក្រោះ និងរថយន្តរាប់រយគ្រឿង ចាំការពារបរិវេណខាងក្រៅ។
នៅពេលកម្មវិធីជិតចាប់ផ្តើមស្រាប់តែមនុស្សមនុស្សពីរបីនាក់ដើរសំដៅរកខ្ញុំ និង កាណា ដោយប្រាប់ខ្ញុំថា ជួយកាន់បដាពាក្យស្លោកផង។ ខ្ញុំ និង កាណា បានឈរកាន់បដាទាំងឃ្លាន ព្រោះមិនទាន់ហូបអាហារ។ ខ្ញុំក្រឡេកឃើញ បងណាល់ ដើរមកចំពីមុខយើងដែលកំពុងឈរ។ ខ្ញុំបានស្រែកប្រាប់ កាណា ថាដូចជា បងណាល់។ កាណា បានឆ្លើយតបថា ហ្នឹងហើយ បងណាល់។ បងណាល់ បានឃើញខ្ញុំដែរ ប៉ុន្តែគាត់ប្រញាប់ប្រញាល់ ហើយគាត់ក៏បានផ្តាំខ្ញុំថា បន្តិចទៀតជួបគ្នា។ ពេលនោះបង ណាល់ មានកងការពារដើរតាមក្រោយគាត់ដោយមានស្ពាយកាំភ្លើងអាកាថ្មីៗ។ ខ្ញុំបានឃើញគាត់ដើរសួរសុខទុក្ខកងទ័ពខ្មែរដែលបានចូលរួមពិធីនោះ។ ខ្ញុំមិនដឹងថា បងណាល់ ធ្វើការងារអ្វី និងមានតួនាទីអ្វីទេ។ ពេលប្រជុំចប់ កងការពារពីរនាក់ដែលមានស្ពាយកាំភ្លើង បានដើរមកដល់ហើយប្រាប់ខ្ញុំថា លោក ហ៊ុន សែន ហៅយើងខ្ញុំទៅជួបគាត់។ ខ្ញុំចាប់ផ្តើមភ័យម្តងទៀត ព្រោះមិនដែលស្គាល់ លោក ហ៊ុន សែន ជានរណា ប៉ុន្តែពេលទៅដល់ក៏ឃើញ បងណាល់។ ខ្ញុំមិនហ៊ានសួរគាត់ច្រើនទេ ហើយគាត់ក៏ដឹងថាខ្ញុំឃ្លានដែរ។ គាត់បានប្រាប់ខ្ញុំថា ហូបនំសិនទៅ ហើយគាត់ហុចផ្លែឈើមកឲ្យខ្ញុំហូបថែមទៀត។ ពេលខ្ញុំហូបហើយ បងណាល់ បានសួរទុក្ខខ្ញុំ និងសួរនាំអំពីប្រពន្ធរបស់គាត់ថា ប៉ិច ឯងដែលឃើញប្រពន្ធរបស់ខ្ញុំទេ? ខ្ញុំបានឆ្លើយប្រាប់គាត់ថា ឃើញបង ខ្ញុំឃើញច្បាស់ណាស់ ពេលខ្ញុំត្រឡប់មកពីធ្វើការនៅបឹងក្រចាប់វិញ។ ខ្ញុំបានឃើញបងស្រីនៅគោកចារ។ បងស្រីជិះរទេះដោយដៃកំពុងពរកូនតូចមួយ សំដៅទៅលើ ប៉ុន្តែខ្ញុំមិនដឹងថាទៅទីណាឡើយ។ ពេលឮខ្ញុំនិយាយពាក្យនេះ បងណាល់ ចាប់ផ្តើមយំ ហើយខ្ញុំក៏នាំគ្នាយំទាំងអស់គ្នា។ បងណាល់ មិនបានសួរនាំខ្ញុំទៀតទេ ព្រោះគាត់មានកិច្ចការ។ គាត់គ្រាន់តែផ្តាំខ្ញុំថា ទៅហូបបាយសិនទៅចាំថ្ងែក្រោយជួបគ្នា។ នៅកន្លែងប្រារព្ធពិធីថ្ងៃបង្កើតរណសិរ្ស ២ ធ្នូ មានការរៀបចំម្ហូបអាហារច្រើនណាស់ រួមទាំងផ្លែឈើ និងមានរោងបាយវែងមួយ។ មានមនុស្សច្រើនណាស់បានចូលរួមពិធីនេះ។ ពេលហូបបាយរួចអ្នកចូលរួមបានរំសាយបន្តិចម្តងៗចេញទៅកន្លែងរៀងៗខ្លួនវិញ។ ចំណែកតា បាក់, កាណា, យាយពេញ បានត្រឡប់ទៅភូមិ គឺនៅសល់តែខ្ញុំនៅឈររេរាមិនដឹងជាទៅណា ព្រោះបែកបាក់បងប្អូន។ ពេលនោះខ្ញុំបានឃើញរថយន្តកងទ័ពវៀតណាមរៀបចំវិលត្រឡប់ចូលទៅក្នុងប្រទេសវៀតណាមវិញ ខ្ញុំក៏បានដើរទៅសួរទើបដឹងថា លោក ហ៊ុន សែន នៅវៀតណាម។ ខ្ញុំបានសុំកងទ័ពវៀតណាមជិះរថយន្តទៅឡុងខាញ់ (ឡុង យ៉ាវ) ក្នុងបំណងឆ្ពោះព្រៃនគរ។ ពេលខ្ញុំទៅដល់ឡុងខាញ់ភា្លម ខ្ញុំបានចូលបម្រើកងទ័ពវៀតណាមនៅទីនោះ។ បន្ទាប់មក វៀតណាមបានចាត់តាំងខ្ញុំឲ្យធ្វើជានីរសារឲ្យប្រធានវរសេនាធំឈ្មោះ ឡាង។ ខ្ញុំបានសួររកលោក ហ៊ុន សែន ពេលនោះខាងវៀតណាមបានប្រាប់ខ្ញុំថា លោក ហ៊ុន សែន ចេញមកប្រទេសកម្ពុជាហើយ។ ខ្ញុំលែងបានជួបគាត់រហូតមក។ មានថ្ងៃមួយខ្ញុំបានធ្វើជាចុងភៅឲ្យមេបញ្ជាធំៗ ព្រោះខាងវៀតណាមប្រាប់ថា មានភ្ញៀវពិសេសមកពីខ្មែរ ដូច្នេះចុងភៅត្រូវស្លសម្លកកូររបៀបខែ្មរ។ ខ្ញុំមិនបានចាប់អារម្មណ៍ទេ ស្រាប់តែមានកងការពារជនជាតិវៀតណាមម្នាក់និយាយប្រាប់ខ្ញុំថា ខ្មែរដែលមកចូលរួមជាមួយថ្នាក់លើវៀតណាមសុទ្ធតែអ្នកធំ ក្នុងចំណោមនោះក៏មានលោក ហេង សំរិន ដែរ។ ខ្ញុំមិនបានស្គាល់លោកហេង សំរិន ពីមុនមកទេ ខ្ញុំក៏មិនហ៊ានទៅជួបគាត់ដែរ។ ពេលហូបបាយរួចហើយ លោកហេង សំរិន បានចាកចេញទៅ ហើយខ្ញុំក៏មិនដែលបានឃើញគាត់ត្រឡប់មកកន្លែងទៀតដែរ។
អេង ពេជ្រ ហៅ ប៉ិច មានកូនចំនួន៤នាក់ ហើយសព្វថ្ងៃគាត់រស់នៅភូមិក្តុល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។(សុខ វណ្ណៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅឆ្នាំ១៩៧៩ នៅពេលដែលប្រទេសកម្ពុជាត្រូវបានរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំបានទៅដល់ភ្នំពេញ ចូលរួមមហាសន្និបាតនៅស្តាតអូឡាំពិក ជាមួយថ្នាក់ដឹកនាំវៀតណាម និងខ្មែរជាច្រើននាក់។ ខ្ញុំបានស្នាក់នៅភ្នំពេញរយៈពេលបីថ្ងៃ ក៏ត្រឡប់មកប្រទេសវៀតណាមវិញ ព្រោះខ្ញុំមានឈ្មោះក្នុងកងទ័ពវៀតណាម។ នៅឆ្នាំ១៩៧៩ ខ្ញុំបាននៅឈរជើងការពារព្រំដែននៅម្តុំខ្ទុម ជាប់ព្រំដែនវៀតណាមនិងកម្ពុជា។ នៅក្នុងឆ្នាំ១៩៧៩ ដដែល មានហេតុការណ៍មួយបានកើតឡើងនៅព្រំដែន ដោយខ្ញុំមិនបានដឹងថាភាគីខាងណាបានចូលមកបាញ់ប្រធានវរសេនាធំឈ្មោះ ឡាង និងកងយោធាខ្មែរពីរនាក់ស្លាប់នៅក្នុងខ្ទមតូចមួយក្នុងទឹកដីវៀតណាមឡើយ។ ពេលនោះវៀតណាមបានយកសាកសពប្រធានវរសេនាធំឈ្មោះ ឡាង ទៅធ្វើបុណ្យតាមព្រពៃណីវៀតណាម ចំណែកសាកសពជនជាតិខ្មែរ អង្គភាពបានចាត់តាំងខ្ញុំរួមជាមួយកងទ័ពវៀតណាមជាច្រើននាក់ដឹកមកកប់ក្នុងទឹកដីខ្មែរវិញ។ បន្ទាប់មកយើងបាននាំគ្នាមកផឹកទឹកអំពៅនៅផ្សារខ្ទុម ហើយពេលនោះខ្ញុំ បានឃើញអ្នកភូមិម្នាក់ឈ្មោះ ដឿង។ ខ្ញុំបានស្រែកសួរថា ដឿង ម៉ែអញនៅរស់ទេ ឌឿង បានតបមកថា នៅរស់ រាល់ថ្ងៃនៅភូមិក្តុល។ ពេលបានទទួលដំណឹងនេះហើយ ខ្ញុំបានព្យាយាមសុំវៀតណាមមកលេងផ្ទះប៉ុន្តែខាងវៀតណាមមិនអនុញ្ញាតទេ។ ក្រោយមក ខ្ញុំបានជួបឈ្មោះ ម៉ូវ ត្រូវជាប្អូនធម៌ និងចេះវៀតណាមច្បាស់។ ម៉ូវ បានទៅជួយនិយាយជាមួយភាគីវៀតណាមថា ម្តាយរបស់ខ្ញុំគ្មានបងប្អូនទេ ហើយគាត់មានវ័យជរាណាស់ទៅនិងគ្មានអ្នកណាមើលថែ។ ប៉ុន្តែភាគីវៀតណាមមិនចង់ឲ្យខ្ញុំឈប់ពីការងារកងទ័ពឡើយ។ មួយរយៈក្រោយមក ភាគីវៀតណាមក៏អនុញ្ញាតិឲ្យខ្ញុំត្រឡប់មកខ្មែរវិញ ដោយធ្វើសំបុត្រត្រឹមត្រូវនិងបើកអំណោយឲ្យជាច្រើន។ នៅពេលខ្ញុំបានត្រឡប់មកផ្ទះវិញបានជួបម្តាយជាទីស្រឡាញ់ហើយរួមរស់ប្រកបមុខរបរធ្វើស្រែចម្ការ ប៉ុន្តែពេលនោះនៅមានខ្មែរក្រហមចេញចូលក្នុងភូមិ ទើបខ្ញុំមិនហ៊ានទុកឯកសារដែលធ្លាប់បម្រើកងទ័ពវៀតណាម។ រយៈពេលជាង៣០ឆ្នាំក្រោយមកខ្ញុំបានជួបសម្តេច ហ៊ុន សែន នៅពេលសម្តេចមកសម្ពោធសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម។ ខ្ញុំបានសុំសម្តេចជួយកសាងវត្តក្តុលបានមួយ។
សព្វថ្ងៃ ខ្ញុំមានប្តីឈ្មោះ អ៊ឹង សុខតុង មានកូនចំនួន៤នាក់ ប្រុស២ស្រី២ រស់នៅភូមិក្តុល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សព្វថ្ងៃខ្ញុំធ្វើជាគណៈកម្មការវត្ត និងឆ្លៀតពេលប្រកបមុខរបររកស៊ីបន្តិចបន្តួចដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ រឿងរ៉ាងដែលកើតមានឡើងកាលពីសម័យសង្គ្រាម ខ្ញុំមិនចង់ឲ្យកើតមានសារជាថ្មីទេ ព្រោះពិបាកខ្លាំងណាស់។ សព្វថ្ងៃខ្ញុំបានប្រាប់កូនចៅជំនាន់ក្រោយពីរបបខ្មែរក្រហម ប៉ុន្តែក្មេងមិនសូវជឿឡើយ។ ខ្ញុំនិយាយថា នៅសម័យមុនមានសង្គ្រាម មានយន្តហោះអាមេរិកាំងទម្លាក់គ្រាប់ មានវៀតកុង រស់នៅក្នុងភូមិ។ ខ្ញុំមិនមានពេលហូបបាយទេ ពេលខ្លះខ្ញុំហូបក្នុងត្រង់សេ។ ចំណែកឪពុកម្តាយ និងបងប្អូនរបស់ខ្ញុំមិនបានរស់នៅជុំគ្នាទេ ព្រោះគាត់ត្រូវទៅធ្វើការងារតាមការដ្ឋានរៀងៗខ្លួន៕សរន