Home ព័ត៌មានជាតិ សង្គម មូលនិធិ​ព្រូ​...

មូលនិធិ​ព្រូ​ដិ​នស៍ ដាក់​ដំណើការ​កម្មវិធី​ពានរង្វាន់ SAFE STEPS D-Tech លើក​ទី​ពីរ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​ដៃគូ​អភិវឌ្ឍន៍​សហគមន៍រ​បស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ក្នុង​ទ្វីបអាស៊ី និង​អាហ្វ្រិក ជាមួយ​អង្គការ​ដៃគូ​មនុស្សធម៌ សហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម និង​ដៃគូ​បច្ចេកវិទ្យា ក្រុមហ៊ុន Lenovo នៅថ្ងៃនេះ​បានដាក់​ដំណើការ​កម្មវិធី​ពានរង្វាន់ SAFE STEPS Disaster Tech (D-TECH) លើក​ទី​ពីរ ។ កម្មវិធី​ពានរង្វាន់​នេះ រៀបចំឡើង​ដើម្បី​ស្វែងរក ផ្ដល់ជំនួយ និង​គាំទ្រ​ដល់​ការបង្កើត​ដំណោះស្រាយ​បច្ចេកវិទ្យា​ដែល​អាចជួយ​សង្គ្រោះ​អាយុជីវិត មុនពេល កំឡុងពេល ឬ​ក្រោយពេល​មាន​គ្រោះមហន្តរាយធម្មជាតិ​។

មូលនិធិ​ព្រូ​ដិ​នស៍ ដាក់​ដំណើការ​កម្មវិធី​ពានរង្វាន់ SAFE STEPS D-Tech លើក​ទី​ពីរ​

​ចាប់តាំងពី​ឆ្នាំ ២០០០ គ្រោះមហន្តរាយ​ពិភពលោក​ច្រើនជាង ៤០ ភាគរយ បាន​កើតឡើង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​ប្រមាណ ៨ សែន​នាក់ និង​ប៉ះពាល់​ដល់​មនុស្ស ៣.២ ពាន់​លាន នាក់ ។ ក្នុងឆ្នាំនេះ ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង ១១​លាន​នាក់​ហើយ​រំពឹងថា​នឹង​បង្កឱ្យមាន​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច​ជាង ២,៧​ពាន់​ពាន់​លាន​ដុល្លារ​បានបង្ហាញ​ពី​សារសំខាន់​នៃ​ការត្រៀមខ្លួន​សម្រាប់​គ្រោះមហន្តរាយ​និង​កិច្ចសហការ​នៅ​គ្រប់​វិស័យ​ក្នុងការ​កាត់បន្ថយ​ការគំរាមកំហែង និង​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយធម្មជាតិ​។

​កម្មវិធី​ពានរង្វាន់ SAFE STEPS D-Tech នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​មូលនិធិ​ព្រូ​ដិ​នស៍ ដោយ​ជឿជាក់ថា ភាព​ច្នៃប្រឌិត​នៃ​បច្ចេកវិទ្យា​អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ត្រៀមខ្លួន​ទប់​ទល់នឹង​គ្រោះមហន្តរាយ ការ​ស្តារឡើងវិញ និង​ការពង្រឹង​សមត្ថភាព​បា​ន​កាន់តែ​ប្រសើរឡើង​។ ពានរង្វាន់​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី SAFE STEPS ដែលជា​កម្មវិធី​ពហុ​ចំណេះដឹង​ទូលំទូលាយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ មូលនិធិ​ព្រូ​ដិ​នស៍ និង​គាំទ្រ​ដោយ​សហព័ន្ធ អន្តរជាតិ​កាកបាទក្រហម និង អឌ្ឍចន្ទ​ក្រហម និង​ដៃគូ​ដទៃទៀត ដើម្បី​ផ្តល់ព័ត៌មាន​ស្ដី​អំពី​ការសង្គ្រោះ​អាយុជីវិត នៅពេល​មាន​គ្រោះមហន្តរាយធម្មជាតិ សុវត្ថិភាព​ចរាចរណ៍ និង​ការសង្គ្រោះ​បឋម​។

​អង្គ​ការដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ២០ ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត និង​ពង្រីក​ប្រតិបត្តិការ​លើ​ដំណោះស្រាយ​បច្ចេកវិទ្យា​ទប់ទល់​នឹង​គ្រោះមហន្តរាយ (D-Tech) របស់​ពួកគេ​។ អ្នក​ជាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​អ្នក​ជាប់​វគ្គ​ផ្តាច់ព្រ័ត្រ នឹងមាន​ឱកាស​ទទួល​បាន​វគ្គ​បណ្ដុះបណ្ដាល​និង​បទពិសោធន៍​ពី​អ្នកជំនាញ និង​ឱកាស​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នកតំណាង​អង្គការ​មនុស្សធម៌ អ្នកគ្រប់គ្រង​មូលនិធិ​មូលធន​បណ្តាក់ទុន សហគ្រិន​ផ្នែក​បច្ចេកវិទ្យា និង​អ្នកបង្កើត​សហគ្រាស​សង្គម​។ អ្នក​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើ​បទ​បង្ហាញ​ពី​ដំណោះស្រាយ​របស់​ពួកគេ ទៅកាន់​គណៈកម្មការ នា​ខែមិថុនា ឆ្នាំ ២០២១ ។​
​គម្រោង EWS 1294 របស់​អង្គការ People In Need នៅ​ប្រទេស​កម្ពុជា ត្រូវបាន​ជ្រើសរើស​ចូលក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ព្រឹ​ត្ដិ​ការណ៍​ពានរង្វាន់​កាលពី​ឆ្នាំមុន​ដោយមាន​ការទទួលស្គាល់​លើ​នាឡិកា​វាស់​កម្រិត​ទឹក​ស្វ័យប្រវត្តិ​ដែល​ដំណើរការ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​។​នាឡិកា​វាស់​កម្រិត​ទឹក​ទាំងអស់នេះ​កំពុង​បន្ត​កត់ត្រា​កម្រិត​ទឹក​និង​ផ្ដល់​សារ​ដាស់តឿន​ដល់​អ្នកប្រើប្រាស់​ដែល​បាន​ចុះឈ្មោះ​រួច​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅពេល​ទឹក​ឡើង​ហួស​កម្រិត​សុវត្ថិភាព​។​
​លោក Donald Kanak នាយក មូលនិធិ​ព្រូ​ដិ​នស៍ មានប្រសាសន៍ថា “​ជំងឺ​រាតត្បាត​ជាស​កល កូ​វីដ 19 ដែល​កំពុង​កើតឡើង បាន​បង្កើន​ការយល់ដឹង​អំពី​តម្រូវ​ការចាំបាច់ សម្រាប់​ការត្រៀម​បង្ការ​គ្រោះមហន្តរាយ និង​ឥទ្ធិពល​ផ្នែក​បច្ចេកវិទ្យា​ក្នុងការ​ពង្រឹងសមត្ថភាព ការឆ្លើយតប និង​ការ​ស្តារឡើងវិញ​។ យើង​បាន​បង្កើត​កម្មវិធី​ពានរង្វាន់ SAFE STEPS D-Tech នេះ​ឡើង ដើម្បី​ជំរុញ​ទឹកចិត្ត​ដល់​សហគ្រិន​នៅ​ទូទាំង​ពិភពលោក​ឱ្យខិត​ខំប្រឹងប្រែង និង​ផ្តោត​ភាព​ប៉ិនប្រសប់​របស់​ពួកគេ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយ​។ យើង​ជឿជាក់ថា កម្មវិធី​បច្ចេកវិទ្យា​ទ​ប់​ទល់នឹង​គ្រោះមហន្តរាយ (D-Tech) នេះ មាន​សក្តានុពល​ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​ធំធេង និង​មាន​ឥទ្ធិពល​ដូចនឹង​វិស័យ​បច្ចេកវិទ្យា​ផ្សេងទៀត​ដូចជា បច្ចេកវិទ្យា​ការអប់រំ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ ផងដែរ​”​។​
​លោក Alexander Metheou នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​សហព័ន្ធ IFRC មានប្រសាសន៍ថា​ឆ្នាំ​២០២០ បានបង្ហាញ​យើង​ឱ្យឃើញថា ការពង្រឹង​សមត្ថភាព​ទប់​ទល់នឹង​គ្រោះមហន្តរាយ​មាន​សារៈសំខាន់​ជាង​ពេលណាៗ​ទាំងអស់​។ សហព័ន្ធ IFRC រីករាយ​ដែល​បានធ្វើការ​ជាមួយ​មូលនិធិ​ព្រូ​ដិ​នស៍​ម្ដងទៀត​លើ​កម្មវិធី​ពានរង្វាន់ SAFE STEPS D-Tech ដើម្បី​នាំយក​អាជីវកម្ម និង​សហគមន៍ មក​រួមគ្នា​ក្នុងការ​គាំទ្រ​ដល់​ដំណោះស្រាយ​បច្ចេកវិទ្យា ដែល​នឹង​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​។​

​លោកស្រី Pratima Harite នាយក​ផ្នែក​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម និង​ផ្នែក​មនុស្សធម៌​របស់​ក្រុមហ៊ុន Lenovo ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មានប្រសាសន៍ថា​បច្ចេកវិទ្យា​អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ការពង្រឹង​សមត្ថភាព​នៅ​តាម​សហគមន៍ ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​នានា​។ ក្រុមហ៊ុន Lenovo មាន​គោលបំណង​ដាក់បញ្ចូល​គ្នា​នូវ​ឥទ្ធិពល​នៃ​ដំណោះស្រាយ​បច្ចេកវិទ្យា​លំដាប់​ពិភពលោក​ជាមួយនឹង​ការច្នៃប្រឌិត និង​បទពិសោធ​របស់​សហគ្រិន​ក្នុងស្រុក និង​អង្គការ​សប្បុរសធម៌ ដើម្បី​សម្រេចបាន​នូវ​ការត្រៀម​រៀបចំ ការ​ស្តារឡើងវិញ និង​ការពង្រឹង​សមត្ថភាព​បា​ន​កាន់តែ​ប្រសើរ​»​។​
​កម្មវិធី​ពានរង្វាន់​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ដៃគូ​យុទ្ធសាស្ត្រ​ជាច្រើន​រួមមាន Asian Venture Philanthropy Network (AVPN) ក្រុមហ៊ុន Antler សារព័ត៌មាន e27 អង្គការ Give2Asia អង្គការ Hatcher+ មូលនិធិ​គ្រប់គ្រង Jubilee និង​កម្មវិធី National Geographic​។​
​ការប្រកួតប្រជែង​នេះ​ចាប់ផ្ដើម​ទទួលយក​ពាក្យ​ចូលរួម​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​។ ទាំង​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ និង​អង្គការ​ស្វែងរក​ប្រាក់ចំណេញ​អាចដាក់​ពាក្យ​ស្នើរ​សុំ​ចូលរួមបាន​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular