EZECOM ផ្តល់ប្រាក់​រង្វាន់​ដល់​គ្រូបង្រៀន​ដែលមាន ភាព​ច្នៃប្រឌិត​ខ្ពស់ កម្ពុជា​ប្រចាំ ឆ្នាំ២០២០

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រុមហ៊ុន EZECOM ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា បានបញ្ជាក់​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​វិស័យ​អប់រំ​អន​ឡាញ តាមរយៈ​ការឧបត្ថម្ភ​ប្រាក់រង្វាន់​ដល់​អ្នកឈ្នះ​ពានរង្វាន់​គ្រូបង្រៀន​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​កម្ពុជា​។​

​ក្រុមហ៊ុន EZECOM ដែល​ជួយ​គាំទ្រ​ដល់​វិស័យ​អប់រំ​អន​ឡាញ បានផ្តល់​ប្រាក់រង្វាន់​ចំនួន ១.២៥០​ដុល្លារ និង​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង​ជូន​ដល់​លោក ថុល ថា​ន់​ថន ដែលជា​អ្នកឈ្នះ​ពានរង្វាន់​គ្រូបង្រៀន​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ប្រចាំឆ្នាំ​២០២០ នេះ​។ ការប្រកួត​ដណ្តើមពាន​រង្វាន់​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការសហការ​ជាមួយ​ក្រុមហ៊ុន Step IT Academy Cambodia និង​ក្រុមហ៊ុន The Idea​។​

​ក្រុមហ៊ុន EZECOM ក៏បានផ្តល់​រង្វាន់​ដល់​បេក្ខជន និង​បេ​ក្ខ​នារី​ដែល​ជាប់​ចំណាត់​លេខ​២ និង​លេខ​៣ ផងដែរ ដោយ​អ្នកនាង គីម មិថុនា ដែល​ជាប់​លេខ​២ ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៥០០​ដុល្លារ​និង​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង និង​លោក ចៅ វណ្ណៈ ដែល​ជាប់​លេខ​៣ ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៣៥០​ដុល្លារ និង​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង​។​
​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​បិទ​វេទិកា​នេះ​ថា ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ បាន​បង្កើន​ភាព​បន្ទាន់​សម្រាប់​អ្នក​អប់រំ មាតាបិតា និង​គ្រូបង្រៀន​ឱ្យ​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការរៀនសូត្រ​តាម​អេ​ឡិច​ត្រូ​និ​ច ជាពិសេស​នៅក្នុង​បរិបទ​របស់​កម្ពុជា​។ លោក​ក៏បាន​កោតសរសើរ​ផងដែរ​ដល់​អ្នករៀបចំ​កម្មវិធី​ដែល​រួមមាន​ក្រសួង​អប់រំ ក្រុមហ៊ុន Step IT Academy Cambodia និង​ក្រុមហ៊ុន The Idea ព្រមទាំង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដូចជា​ក្រុមហ៊ុន EZECOM ដែល​បាន​គាំទ្រ​ដល់​វេទិកា​នេះ​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា «​ខ្ញុំ​ពិតជា​កោតសរសើរ​ដល់​ការប្តេជ្ញាចិត្ត​របស់​គ្រួ​បង្រៀន​របស់​យើង ដែល​បាន​ចំណាយ​ពេលវេលា និង​ទេ​ព្យ​កោសល​របស់ខ្លួន​ក្នុងអំឡុងពេល​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩»​។​

​ចំណែក​លោក កាំ​ង តាំង នាយក​បទពិសោធ​បុគ្គលិក​នៃ​ក្រុមហ៊ុន EZECOM បាន​ថ្លែងថា​«​យើង​មាន​មោទនភាព​ដែល​អាច​ចូលរួមចំណែក​ដល់​ព្រឹត្តិការណ៍​ដ៏​មាន​កិត្យានុភាព​នេះ​។ ការចូលរួម​របស់​យើង​បញ្ជាក់​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​វិស័យ​អប់រំ​អន​ឡាញ​នៅ​កម្ពុជា​»​។​

​លោក កាំ​ង តាំង មានប្រសាសន៍ថា «​ចាប់តាំងពី​កើតមាន​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅ​ដើម​ឆ្នាំនេះ​មក ការរៀនសូត្រ​អ​ឡាញ​បាន​ក្លាយជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​សម្រាប់​សិស្ស និង​គ្រូ ដើម្បី​បន្ត​ការអប់រំ​របស់​ពួកគេ​។ ដូចនេះ យើង ដែលជា​ក្រុមហ៊ុន EZECOM មាន​ក្តី​រីករាយ​ដែល​ជួយ​គាំទ្រ​នៅ​ទីកន្លែង​ណា​ដែល​យើង​អាច​ធ្វើបាន​»​។​

​លទ្ធផល​ការប្រកួត​ដណ្តើម​ពានរង្វាន់​គ្រូបង្រៀន​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ប្រចាំឆ្នាំ​២០២០ នេះ ត្រូវបាន​ប្រកាស​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​លើក​ទី​១ ឆ្នាំ​២០២០ (1st Cambodian E-Learning Forum 2020) ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៣ និង​ទី​៤ ខែធ្នូ ឆ្នាំ​២០២០​។ ពានរង្វាន់​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​គ្រូបង្រៀន​រាប់​ចាប់ពី​គ្រូ​ថ្នាក់​ម​តេ្ត​យ្យ​សិក្សា​រហូតដល់​គ្រូ​មធ្យមសិក្សា ឱ្យ​បង្ហាញ​ភាព​ច្នៃប្រឌិត និង​ទេពកោសល្យ​របស់​ពួកគេ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​លើកកម្ពស់​បច្ចេកទេស​ប​ង្រៀ​ន និង​វិធីសាស្ត្រ​រៀនសូត្រ​។​

​វេទិកា​នេះ​ដែល​ដំបូង​ឡើយ​គ្រោង​នឹងធ្វើ​ឡើងជា​ព្រឹត្តិការណ៍​ជួបជុំគ្នា​ធម្មតា ត្រូវបាន​ផ្លាស់ប្តូរ​ទៅធ្វើជា​អន​ឡាញ​ទាំងស្រុង​វិញ ដោយសារ​ក្តីបារម្ភ​ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នាពេល​ថ្មីៗ​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular