ដោយ: ប.ខុន / ភ្នំពេញ: ពេលរាត្រីនៅលើផ្លូវ៣៤ខ្សែ និងឆ្នេរក្នុងក្រុងព្រះសីហនុភ្លឺដូចថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ទុនរាប់រយលានដុល្លារធ្វើការស្តារ និងអភិវឌ្ឍន៍ក្រុងកំពង់ផែអន្តរជាតិតែមួយគត់របស់ខេត្តព្រះសីហនុ នៃប្រទេសកម្ពុជាក្នុង រយៈពេល១២ខែរួចមក។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រលប់ថ្ងៃទី៨ខែធ្នូឆ្នាំ២០២០ សម័យកូវិដលុកលុយសហគមន៍២៨វិច្ឆិកាថា គិតមកដល់ត្រឹមថ្ងៃទី៥ខែធ្នូ ការតម្លើងបង្គោលភ្លើងលើផ្លូវ៣៤ខ្សែ សម្រេចបាន៩៨,០៥ភាគ រយនិងការងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន៩១,២៥ភាគរយនៃអំពូល ដែលត្រូវបំពាក់ចំនួនប្រមាណជា៥.៥០០អំពូលហើយ។
រំលឹកឱ្យដឹងថាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែដែលមានប្រវែងជាង៨០គីឡូម៉ែត្រ នៅក្នុងព្រះសីហនុ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រ កម្រាស់០.០៧ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួចជា បន្តបន្ទាប់មាន កម្រាស់០.២៥ម៉ែត្រ កាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០២០ ក្រោយពីថ្ងៃ បើកការ ដ្ឋាន សាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាល ពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ ២០១៩រួចមក។
តាមរបាយការរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រកម្ពុជាស្តីពីការស្ថាបនាផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុគិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបានលទ្ធផលដូចជាការងារចាក់បេតុងផ្លូវសម្រេចបាន ១០០ ភាគរយ, ការងារដាក់លូតាមផ្លូវសម្រេចបាន១០០ភាគរយ, ការងាររៀបចំប្រព័ន្ធលូរណបសម្រេចបាន ៩៥,៨៣ភាគរយ, ការងាររៀបខឿនក្រានីតសម្រេច បាន៩១,៦៧ភាគរយ, ការងាររៀបចំកម្រាលក្រានីតសម្រេចបាន ៨៣,៩៦ភាគរយ, ការងារដំឡើងបង្គោលភ្លើងតាមដងផ្លូវសម្រេចបាន៩៨,០៥ភាគរយ, ការងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន៩១,២៥ភាគរយ, ការងារដាំដើមឈើសម្រេចបាន៨៤,៨៧ភាគរយ។ កូនឈើនិងផ្កា ដែលត្រូវដាំនៅតាមគម្រោងសាងសង់ផ្លូវ៣៤ខ្សែ នៅខេត្ត ព្រះសីហនុគិតត្រឹមថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២០ មានចំនួន១០ប្រភេទ ដូចជាដើម រាជព្រឹក្សចំនួន៣.២៥០ដើម ដាំបាន៥០,៤៦ភាគរយ ,ដើមចា ចំនួន៣.៦៣៥ដើម ដាំបាន៧៦,០៤ភាគរយ,ដើមនាងនួង៤.១៥០ដើម ដាំបាន ២៥,២០ភាគរយ, ដើម ធ្នង់១.៦០០ដើម ដាំបាន៦២,៣៨ភាគរយ, ដើមឥន្ទនេល ១.៩៨២ដើម ដាំបាន ៥០,៣៥ភាគរយ, ដើមរំដួល ចំនួន២៥០ដើម ដាំបាន ៦៣,២០ភាគរយ, ដើមបូរព្រឹក្ស ចំនួន៥២០ដើម ដាំបាន៥៩,៨១ភាគរយ, ដើមផ្កាក្រដាស ចំនួន ៣៨.១៥០ ដើម ដាំរួចមួយភាគរយ, ដើមក្ងោកចំនួន៧៥០ដើម ដាំរួច៥៨,១៣ភាគរយ និងដើមឈើចម្រុះចំនួន១.០៤០ដើម ដាំបានចំនួន៤៣,៩៤ភាគរយ។
ផ្លូវចំនួន៣៤ខ្សែដែលកំពុងបន្តសាងសង់នៅក្នុងខេត្តព្រះសីហនុ មានប្រវែង សរុបជាង៨០គីឡូម៉ែត្រ ធ្វើការសាងសង់ដោយក្រុមហ៊ុនចំនួន ៨ រួមមានក្រុមហេងសម្បត្តិ,ក្រុមហ៊ុន SCE, ក្រុមហ៊ុនសាជីវកម្មពិស្ណុការអន្តរជាតិ, ក្រុមហ៊ុនK.B.H Construction Co.,LTD , ក្រុមហ៊ុនVT Engineering Construction , ក្រុមហ៊ុនរ៉ូ យ៉ាលមេគង្គខស្ត្រាក់សិន & ឌីវើឡុបមែន ,កងវិស្វកម្មសម្តេចតេជោហ៊ុនសែនសៀម រាបនិងកងវិស្វកម្មលេខ១៧៨ស្ពានថ្នល់នៃក្រសួងការពារជាតិ។
គម្រោងសាងសង់ផ្លូវខាងលើនេះបានបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៦ខែ វិច្ឆិកាឆ្នាំ២០១៩ ជាគម្រោងលើកឡើងដោយ គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានតាំងពីឆ្នាំ២០១៨ ៕